ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កូរ៉េ​ខាង​ជើង​រិះគន់​អង់គ្លេស​លើ​ផែនការ​ដាក់​ពង្រាយ​នាវា​ចម្បាំង​នៅ​អាស៊ី


រូបឯកសារ៖ នាវា​ផ្ទុក​យន្ដហោះ​ថ្មី​បំផុត​របស់​អង់គ្លេសឈ្មោះ Queen Elizabeth កំពុង​ស្ថិត​នៅ​សមុទ្រ​មេឌីទែរ៉ាណេ កាល​ពី​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០២១។
រូបឯកសារ៖ នាវា​ផ្ទុក​យន្ដហោះ​ថ្មី​បំផុត​របស់​អង់គ្លេសឈ្មោះ Queen Elizabeth កំពុង​ស្ថិត​នៅ​សមុទ្រ​មេឌីទែរ៉ាណេ កាល​ពី​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០២១។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​រិះគន់​ចក្រភព​អង់គ្លេស​កាល​ពី​ថ្ងៃ​អង្គារ​អំពី​ផែនការ​ដាក់​ពង្រាយ​នាវា​ចម្បំាង​ពីរ​គ្រឿង​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​តំបន់អាស៊ី​ប៉ាស៊ីហ្វិក ដោយ​បាន​ហៅ​ការ​ដាក់​ពង្រាយ​នាវា​នេះ​ថា​ជា«ការ​បង្កហេតុ»។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ផែនការ​នេះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ឡុងដ៍​បង្កើន​ការ​ចូលរួម​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​ បន្ទាប់ពី​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​កើន​ឡើង​នូវ​មហិច្ឆតា​ពង្រីក​ទឹកដី​របស់​ចិន​នៅ​ក្នុង​តំបន់​នោះ រួមទាំង​កោះ​តៃវ៉ាន់​ផង។

កូរ៉េ​ខាង​ជើង​បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​នៃ​ផែនការ​នេះ​ជួន​ពេល​គ្នា​នៃ​ការ​ឆ្លងកាត់​របស់​នាវា​ផ្ទុក​យន្តហោះ​អង់គ្លេស Queen Elizabeth និង​នាវា​អម​ដំណើរ​ឆ្លងកាត់​សមុទ្រ​ដែល​ចិន​កំពុង​ប្រជែង​ឥទ្ធិពល​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន។

មន្ត្រី​កូរ៉េ​ខាង​ជើង​ម្នាក់​បាន​រិះគន់​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស​លោក Ben Wallace ដែល​ថា កូរ៉េ​ខាងជើង និង​ចិន​ព្យាយាម​ផ្ដាច់​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ឲ្យ​នៅ​ឆ្ងាយ​ពី​គេ និង​គំរាម​កំហែង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

មន្ត្រី​រូប​នេះ​បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួងការ​បរទេស​កូរ៉េ​ខាង​ជើង​ថា៖ «វា​ជា​ប្រភេទ​នៃ​ការ​បង្កហេតុ​ប្រឆាំង​នឹង​យើង​ដែល​ចក្រភព​អង់គ្លេសកំពុង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ចូល​ក្នុង​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​ដោយ​យក​ការ​គំរាម​កំហែង​ជា​ការដោះសារ»។

ស្ថានទូត​អង់គ្លេស​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​នោះ​ទេ៕

XS
SM
MD
LG