ការស្លាប់របស់ជនចំណាកស្រុកចំនួន៣៩នាក់ដែលភាពច្រើននៃអ្នកស្លាប់ទាំងនោះត្រូវបានគេជឿថា ជាជនជាតិវៀតណាមនៅខាងក្នុងកុងទីនើទូទឹកកក្នុងរថយន្តត្រាក់នៅជិតទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសកាលពីសប្តាហ៍មុនបានផ្តោតយ៉ាងខ្លាំងលើជីវភាពរបស់អ្នកទាំងនោះ ដែលផ្សងគ្រោះថ្នាក់ដើម្បីរកជីវភាពប្រសើរឡើងនៅក្នុងចក្រភពអង់គ្លេស។ ជនជាតិវៀតណាមជាច្រើនបានត្រូវគេទាក់ទាញឲ្យធ្វើការនៅបរទេសដោយទទួលបានប្រាក់កម្រៃដ៏ច្រើននៅក្នុងឧស្សាហកម្មខុសច្បាប់។
រឿងដែលគេមិនធ្លាប់ឃើញនិងមិនធ្លាប់ឮសេដ្ឋកិច្ចខុសច្បាប់របស់ចក្រភពអង់គ្លេសជាជនចំណាកស្រុកជាច្រើនដែលបានចូលក្នុងចក្រភពអង់គ្លេសខុសច្បាប់ ចង់ទទួលប្រយោជន៍ពីឧស្សាហកម្មដែលខុសច្បាប់និងគ្មានបទបញ្ញត្តិ។
លោកស្រី Tamsin Barber ជាអ្នកជំនាញស្តីពីពលរដ្ឋវៀតណាមនៅក្នុងចក្រភពអង់គ្លេសនិយាយថា ពួកគេជាច្រើនមានឆន្ទៈធ្វើការប្រថុយប្រថានខ្លាំងបំផុត។
លោកស្រី Tamsin Barber និយាយថា៖ «ពួកគេដឹងថា នៅពេលដែលពួកគេទៅដល់ប្រទេសអង់គ្លេស ពួកគេអាចរកការងារធ្វើនៅក្នុងឧស្សាហកម្មកញ្ឆាដែលពួកគេរំពឹង នឹងរកប្រាក់បានយ៉ាងច្រើនដើម្បីសងពួកអ្នកជួញដូរមនុស្ស ហើយប្រាក់ដែលនៅសេសសល់ប៉ុន្មានផ្ញើរទៅឲ្យក្រុមគ្រួសារនៅវៀតណាម»។
ដូចជាឧស្សាហកម្មកញ្ឆាខុសច្បាប់ដែរ ជនជាតិវៀតណាមជាច្រើន ធ្វើការនៅកន្លែងធ្វើក្រចកដែលបានរីកចម្រើននៅតាមដងផ្លូវនានានៅក្នុងចក្រភពអង់គ្លេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ជនជាតិវៀតណាមផ្សេងទៀត ធ្វើការក្នុងភោជនីយដ្ឋាន ជាអ្នកបោសសម្អាត ខ្លះទៀតក្នុងផ្នែកបេស្យាកម្ម។
លោក Phil Robertson នៃអង្គការសិទ្ធិមនុស្ស Human Rights Watch និយាយថា ជនចំណាកស្រុកជាច្រើន បានធ្លាក់ចូលក្នុងអន្ទាក់នេះនៅពេលមកដល់អង់គ្លេស។លោក Phil Robertson នៃអង្គការសិទ្ធិមនុស្ស Human Rights Watch ៖ «នៅពេលទៅដល់អង់គ្លេស បំណុលដ៏ច្រើនរបស់ពួកគេមានចំនួនពី៣ទៅ៤ម៉ឺនដុល្លារ។ប្រសិនបើ ពួកគេ មិនធ្វើតាមបង្គាប់ឬបញ្ជារបស់ពួកអ្នកជួញដូរមនុស្ស អាចមានផលប៉ះពាល់ដល់ក្រុមគ្រួសាររបស់ពួកគេនៅវៀតណាម»។
ជនចំណាកស្រុកខ្លះ រស់នៅក្នុងស្ថានភាពដូចជាទាសករ។លោក Robertsonនៃអង្គការសិទ្ធិមនុស្ស Human Rights Watch បានថ្លែងទៀតថា៖ «ពួកគេភ័យខ្លាចមិនហ៊ានរាយការណ៍ឬប្រាប់ពួកអាជ្ញាធរ ពីព្រោះតែ ពួកគេត្រូវគេរំលោភធ្វើបាបយ៉ាងខ្លាំង។បញ្ហាដែលកើតឡើងគឺ ពួកគេនឹងត្រូវគេចាប់ខ្លួនហើយបញ្ជូនត្រឡប់ទៅកាន់វៀត ណាមវិញដែលពួកគេ បានជំពាក់បំណុលយ៉ាងច្រើន»។
លោកស្រី Tamsin Barber និយាយទៀតថា ថ្វីបើប្រថុយប្រថានក៏ដោយ ការបញ្ជូនសមាជិកក្រុមគ្រួសារទៅបរទេស ធម្មតាជាការសម្រេចរួមគ្នា។
លោកស្រី Tamsin Barber បានថ្លែងថា៖ «វិធីនានាដែលក្រុមគ្រួសារ អាចប្រើគឺប្រមូលប្រាក់មកពីការលក់ដីធ្លី យកផ្ទះរបស់ខ្លួនដាក់បញ្ចាំ អាចខ្ចីប្រាក់មកពីអ្នកមានប្រាក់ដែលមានការប្រាក់ខ្ពស់បំផុត»។
ប្រសិនបើ ជោគជ័យ ប្រាក់ចំណេញនេះ អាចធ្វើឲ្យមានការផ្លាស់ប្តូរសហគមន៍នៅក្នុងមាតុភូមិវិញ។នៅក្នុងឃុំ Do Thanh ផ្ទះខ្ទមតូចៗនៅផ្នែកខាងត្បូងទីក្រុងហាណូយត្រូវបានជំនួសដោយផ្ទះវីឡាប្រណិតៗ។លោក ងៀង វ៉ាន់ ទ្វី ជាអ្នកស្រុកនៅទីនោះនិយាយថា៖ «លោកនិយាយថា កាលពីដំបូង ឃុំដូថាញ់ទាំងមូល ជាទីកន្លែងដែលពួកកសិករធ្វើស្រែចំការ។ក៏ប៉ុន្តែ បន្ទាប់មក មនុស្សខ្លះបានទៅធ្វើការនៅបរទេសដែលពួកគេមានលុយ។ដោយហេតុនេះហើយ បានជាមនុស្សជាច្រើនបានសម្រុកទៅបរទេស ដោយធ្វើដំណើរតាមយន្តហោះស្របច្បាប់និងធ្វើការខុសច្បាប់»។
ការធ្វើការងារខុសច្បាប់ បានបញ្ចប់ដោយសោកនាដកម្មជនចំណាកស្រុកចំនួន៣៩នាក់ស្លាប់នៅពេលឆ្លងកាត់ទៅប្រទេសអង់គ្លេស។លោកស្រី Tamsin Barber ថ្លែងថា៖ «ពួកជនចំណាកស្រុក ជ្រើសរើសផ្លូវប្រកបដោយគ្រោះថ្នាក់នេះ ពីព្រោះពួកគេអាចមានលទ្ធភាពរកប្រាក់ច្រើន»។
ផលប្រយោជន៍ប្រកបដោយសក្កដានុពលពោរពេញទៅដោយភាពប្រថុយប្រថានប្រកបដោយការភ័យខ្លាច។នេះជាគ្រោះថ្នាក់ដែលជនចំណាកស្រុកកំពុងប្រឈមដើម្បីស្វែងរកជីវភាពប្រសើរឡើងនៅក្នុងចក្រភពអង់គ្លេសនោះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន