ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​កិច្ចការ​តំបន់​ថា​ លោក ​Biden ​នឹង​កៀងគរ​សម្ព័ន្ធ​មិត្ត​ខ្លាំង​ឡើង​ដោះស្រាយ​វិបត្តិ​រដ្ឋប្រហារ​នៅ​ភូមា


ក្រុមអ្នកតវ៉ាប្រឆាំងនឹងយោធាកំពុងរត់គេចពីការបង្ក្រាបរបស់ប៉ូលិស ក្នុងពេលធ្វើបាតុកម្មនៅទីក្រុងម៉ាន់ដាឡេ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១។
ក្រុមអ្នកតវ៉ាប្រឆាំងនឹងយោធាកំពុងរត់គេចពីការបង្ក្រាបរបស់ប៉ូលិស ក្នុងពេលធ្វើបាតុកម្មនៅទីក្រុងម៉ាន់ដាឡេ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១។

សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​ថ្មី​របស់​លោក ​Joe Biden​ បាន​ចាប់ផ្តើម​ដាក់​ទណ្ឌកម្ម​ជាបុគ្គល​លើ​មេដឹកនាំភូមា និង​កៀងគរ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​និង​ពិភពលោក​ ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ ក្នុងតំបន់ ក្នុង​ពិភពលោក ​និងបញ្ហា​រដ្ឋប្រហារ​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី​ Aung San Suu Kyi​ ចេញពី​មុខតំណែង​នៅ​ប្រទេសនៅមីយ៉ាន់ម៉ា(ភូមា​)។

មក​ដល់​ពេលនេះ សេចក្តី​រាយកាណ៍​នានា​បង្ហាញ​ថា​ ​ក្រុមអ្នកតវ៉ាប្រឆាំងយោធាជាច្រើននាក់ត្រូវបាន​សម្លាប់ ចាប់ខ្លួន​ ​និង​រងរបួស​នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក​ ឈាង វណ្ណារិទ្ធ​ នាយក​ប្រតិបត្តិ​នៃអង្គការ​វិទ្យាស្ថាន​ទស្សន​វិស័យ​អាស៊ី​ បានថ្លែង​ថា​ លោក​ Joe Biden​ នឹងគិតគូរ​ពីបញ្ហា​សិទ្ធិមនុស្ស​ និងលទ្ធិប្រជាធិបតេយ្យ​ខ្លាំង​នៅ​ភូមា។

«ចង់មិន​ចង់ ​អាមេរិក​ត្រូវ​លូកដៃ​ជ្រៅ​ហើយ​ នៅក្នុង​បញ្ហា​ភូមានេះ ​ដូចជា​ដាក់ទណ្ឌកម្ម​ជាដើម​ ក៏ប៉ុន្តែ​ទណ្ឌកម្ម​នេះប្រហែល​មាន​លក្ខណៈខុសពី​លើកមុន ​ត្រង់ថា ​ទណ្ឌកម្ម​នេះគឺ​ជាទណ្ឌកម្ម​ targeting sanctions​ ទៅលើ​តែបុគ្គល​ដែល​រំលោភ​ទៅលើ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ទេ ​ជាពិសេស​មេទាហាន​ ក្រុមគ្រួសារ​ហើយ​និងក្រុមហ៊ុន»។

ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​ភូមា​កន្លង​ទៅ គឺ​មាន​ការ​ហ៊ុំព័ន្ធ​សេដ្ឋកិច្ច​នយោបាយ ​ ពាណិជ្ជកម្ម​ និងប្រទេស​ទាំងមូល។ ក៏ប៉ុន្តែពេល​នេះ ​ដោយមិន​ចង់​ប៉ះពាល់​ដល់​ពលរដ្ឋ​ភូមា​ ទណ្ឌកម្ម​ចុងក្រោយ​នោះ​សំដៅ​ទៅលើ​បុគ្គល​ដែល​ពាក់ព័ន្ធផ្ទាល់​ទៅនឹង​ការរំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។

ទណ្ឌកម្ម​ទាំងនោះ​រាប់​បញ្ចូលទាំង​ការបង្កកទ្រព្យសម្បតិ្ត​ជាដើម ​ដែល​ទណ្ឌកម្ម​ស្រដៀង​គ្នានេះ​ត្រូវសហភាព​អឺរ៉ុប​ដាក់លើ​បុគ្គល​ជាង ១០ នាក់​ ដែលជាមន្ត្រី​យោធា​កំពូល​ផងដែរ​។ លោក ​វណ្ណារិទ្ធ​បញ្ជាក់ថា ​ការធ្វើ​យ៉ាងដូច្នេះ គឺជា​ការកាត់​បន្ថយ​ផលប៉ះពាល់​ដល់​ប្រជាជន​ភូមា​ជា​ទូទៅ។

«មួយ​ទៀត​ សហរដ្ឋ​អាមេរិក​កំពុងតែ​កៀងគរ​សម្ព័ន្ធមិត្ត​ ហើយនិង​មិត្តភក្តិ​ក្នុងតំបន់​ហ្នឹង ​នៅក្នុង​ពិភពលោក​ហ្នឹង ដើម្បី​ដាក់សម្ពាធ​បន្ថែម​ជាពិសេស​សម្ពាធ​ការទូត​ និង​សម្ពាធ​សេដ្ឋកិច្ច​ហ្នឹង​ ដើម្បីធ្វើ​យ៉ាងណា​ឲ្យមាន​ការផ្លាស់ប្តូរ បាន​ន័យថា ​ត្រឡប់មក​វិញនូវ​គន្លង​ប្រជាធិបតេយ្យ​នៅភូមាហ្នឹង។ អីចឹង​រឿងហ្នឹង​ជាចំណោទ​មួយ​ស្មុគស្មាញ»។

គេមិនទាន់ដឹងថាតើការដាក់ទណ្ឌកម្មទាំងឡាយនេះ នឹងចេញជឫលទ្ធផល​យ៉ាងណា​នោះទេ ដោយសារ​ថាទម្ងន់​ភូមិសាស្ត្រ​នយោបាយ ​ទម្ងន់​សេដ្ឋកិច្ចរបស់​សហរដ្ឋ​អាមេរិក​នៅភូមា​ នៅមាន​កម្រិតទាប​នៅឡើយ។ ស្របពេលជាមួយគ្នានោះ គេឃើញថា ជប៉ុន​គឺជាប្រទេស​មួយ ដែលមាន​ទុនវិនយោគ​ដ៏សំខាន់​នៅភូមា ​បន្ទាប់​ពី​សីង្ហបុរី​ និង​ថៃ។

លោក ឈាង វណ្ណារិទ្ធ​ ថ្លែង​យ៉ាងដូច្នេះ​ នៅចំពេល​ដែល​លោក​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក Anthony Blinken​ បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​ជាច្រើន​ រួមទាំង​សហភាព​អឺរ៉ុប​ផងដែរ​ ដើម្បីពង្រឹងសម្ព័ន្ធ​ឡើងវិញ​ ជាពិសេស​សម្ព័ន្ធមិត្ត​នៃអង្គការសន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង​ ហៅថា ​NATO ឬ​អង្គការ ​អូតង់។

សេចក្ដីរាយការណ៍​តាម​បណ្តាញ​ផ្សព្វផ្សាយ និង​ភស្តុតាង​ពី​សាក្សី​ អះអាង​ថា ​ពលរដ្ឋ​មីយ៉ាន់ម៉ា​កំពុង​ភៀសខ្លួន​ចេញ​ពី​ប្រទេស ​ខណៈ​ការ​បង្រ្កាប​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​ ​ក្នុង​នោះ​មនុស្ស​ជាង ២៣០​ ត្រូវ​បាន​សម្លាប់ ហើយ​មនុស្ស​ប្រមាណជាង ២០០០ ​នាក់​ទៀត​ ត្រូវ​បាន​ចាប់ខ្លួន ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​មក។

​ព្រឹត្តិការណ៍​វិវត្ត​នានា​នៅ​ប្រទេស​មីយ៉ាន់ម៉ា កាន់​តែ​មាន​ភាព​លំបាក​ក្នុង​ការ​កំណត់ឲ្យ​បាន​ច្បាស់ បន្ទាប់​ពី​អាជ្ញាធរ​បាន​រឹតត្បិត​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ក្រុម​បាតុករ​បាន​ប្រើប្រាស់​ដើម្បី​រៀបចំ និង​ចែកចាយ​ព័ត៌មាន។

​យោធា​មីយ៉ាន់ម៉ា​បាន​ចាប់ខ្លួន​អ្នកសារព័ត៌មាន​និងសមាជិក​នៃ​គណបក្ស​របស់​លោកស្រី Aung San ​Suu Kyi ជាបន្ត​បន្ទាប់ផង​ដែរ​ ក្រៅពី​អំពើ​ហិង្សា។

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងអំពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងអំពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១។

លោក​ Phil Robertson ​នាយករង​នៃអង្គការ​សិទ្ធិមនុស្ស​ Human Right Watch ​ទទួល​បន្ទុក​តំបន់​អាស៊ី​ បាន​ថ្លែង​ថា ​រដ្ឋបាល​លោក Biden នឹងយកចិត្ត​ទុកដាក់​ពីរឿងភូមា ដែលជា​ប្រទេសសមាជិកអាស៊ាន​មួយផង​នោះ។

«រដ្ឋបាលលោក​ Biden នឹង​ពិតជាជំរុញដល់​អាស៊ាន​យ៉ាងខ្លាំង​ ដើម្បី​ធ្វើកិច្ចការ​ទាក់ទង​នឹង​វិបត្តិ​រដ្ឋប្រហារ​នៅភូមា​ ទោះជា​ក្តី​ប៉ងប្រាថ្នា​របស់​មេដឹកនាំ​ខ្លះ ដូច​ជា​លោក​ឧត្តមសេនីយ៍ Prayut​ [Chan-o-cha] នៃ​ប្រទេសថៃ​និង​លោក​ ហ៊ុន សែន​ នៃប្រទេស​កម្ពុជា ​ព្យាយាម​ធ្វើព្រងើយ​ចំពោះ​ស្ថានការណ៍​ទាំង​ស្រុងក្តី»។

លោក​បាន​បញ្ជាក់ថា ​មុខមាត់​អាស៊ាន គឺ​ពិត​រងគ្រោះ​ដ៏ធ្ងន់ធ្ងរ​ បើមិន​ដោះស្រាយ​ស្ថានការណ៍​ភូមា​ស្តារលទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ និង​ធានា​ការពារ​សិទ្ធិមនុស្ស​នោះទេ ​ទោះបី​ជាកម្ពុជា​និងថៃ​បានទទូច​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចំនួន​ សុំឲ្យ​មានការ​បញ្ឈប់​អំពើ​ហិង្សា​ និងដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ក្តី។

យ៉ាងណាមិញ លោក Robertson ​បានយល់​អំពីបញ្ហា​ដែល​ខកខានដំណើរការ​ដោះស្រាយ​។ នេះគឺដោយសារតែ​ធម្មនុញ្ញ​អាស៊ាន​ដ៏សំខាន់​មួយ​ឃ្លា​ ដែល​ចងប្រទេស​ទាំង ១០ ​រួមទាំង​កម្ពុជា​ ជាសមាជិក​មួយផង​នោះ ​មិនឲ្យ​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​ប្រទេស​ជាសមាជិក​ ទោះជាថ្មីៗ​ប្រទេស​ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី​ ដែលជា​សមាជិក​ចាស់ៗ ​ព្យាយាម​ដើរតួនាទី​ក្នុងការ​សម្រប​សម្រួល​បញ្ហាក្តី។

«កន្លងមក​ប្រទេស​ឥណ្ឌូណេស៊ី ​និង​ម៉ាឡេស៊ី​ដែលបាន​ដឹកនាំ​កិច្ចប្រឹងប្រែង​នេះ ​តែបញ្ហា​សំខាន់​ថា តើ​ច្បាប់ស្តីពី​ «ការមិន​ជ្រៀតជ្រែក»​ កិច្ចការ​ផ្ទៃក្នុង​ដ៏ជាក់ស្តែង​ក្នុង​សមាជិក​អាស៊ាន​ នឹងបង្អាក់​ដល់​ការ​ជឿន​លឿន​ទាំងឡាយ ដែលអាច​កើត​ឡើង​ឬយ៉ាងណា។ កិច្ចប្រជុំ​ពិសេស​បន្ទាន់​មួយ​របស់​អាស៊ាន​ ដើម្បី​ពិភាក្សា​បញ្ហា​ដែល​កំពុង​បន្តកើតឡើង​ក្នុងប្រទេស​ភូមា​ គឺពិតជា​រឿង​ចាំបាច់​ណាស់​ពេលនេះ»។

សហរដ្ឋ​អាមេរិក​និង​បណ្តា​បស្ចិមប្រទេស​មួយ​ចំនួន​ បាន​ថ្កោលទោស​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា​នេះ​ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​នូវ​អំពើ​ហិង្សា។ ពួកគេ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោកស្រី Suu Kyi និង​មេដឹកនាំ​ដទៃ​ទៀត ដែល​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo កាល​ពីថ្ងៃ​សុក្រ​ទី ១៩ ខែមីនា​ បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​យោធា​ ហើយ​បាន​អំពាវនាវ​ដល់​មេដឹកនាំ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ឲ្យ​មានជំនួប​ជាន់ខ្ពស់​ ដើម្បី​ព្យាយាមរក​មធ្យោបាយ​បញ្ចប់​វិបត្តិ​កាន់តែ​ធំឡើង​នៅ​ក្នុង​ប្រទេស​នោះ។

ក្នុង​អត្ថាធិប្បាយស្តី​ពី​ការ​បង្ក្រាប​ដ៏​ខ្លាំង​ក្លាលើ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ លោក ​Jokowi បាន​និយាយ​ថា លោក​នឹង​ហៅ​ទូរស័ព្ទ​ភ្លាមៗ​ទៅ​កាន់​ស្តេច Sultan Hassanal Bolkiah នៃ​ប្រទេស​ប៊្រុយណេ​ដែល​ជា​ប្រធាន​របស់​អាស៊ាន​នៅ​ពេល​បច្ចុប្បន្ន​នេះ ​និង​ជំរុញ​ឱ្យ​ព្រះអង្គ កោះប្រជុំជា​បន្ទាន់ដើម្បី​ឲ្យ​មាន​ការ​សន្ទនា​គ្នា ការ​ផ្សះផ្សារ​ជា​បន្ទាន់​ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ សន្តិភាព​និង​ស្ថិរភាព​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ឡើង​វិញ។

ឥណ្ឌូណេស៊ី​បាន​នាំ​មុខ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ក្នុង​ចំណោម​ប្រទេស​ជិត​ខាង​របស់​មីយ៉ាន់ម៉ា​ ដើម្បី​ស្វែងរក​មធ្យោបាយ​ដល់​វិបត្តិ​ដែល​ក្រុម​សកម្មជន​និយាយ​ថា បានបណ្តាល​ឱ្យ​មនុស្ស​ស្លាប់ របួស និង​ចាប់ខ្លួន​ពលរដ្ឋ​និងអ្នក​កាសែត​កាន់តែ​ច្រើន​ឡើង​ចាប់​តាំង​ពីការ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​មក ក្នុងពេល​ដែលមាន​ការព្យាយាម​ខ្លះដើម្បី​នឹងនាំ​ឲ្យមាន​ការ​ស៊ើបអង្កេត​ពីតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​លើបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹងមនុស្ស​ជាតិ។

នៅក្នុង​សន្និសីទ​កាសែត​មួយ លោក​ Farhan Haq ​អ្នកនាំពាក្យ​របស់​លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ បានថ្លែងថា​ ក្រុមមន្ត្រី​អង្គការ​សហប្រជាជាតិកំពុង​ទទូចដល់​ក្រុម​យោធា​ឱ្យបញ្ឈប់ការ​ប្រើអំពើ​ហិង្សា​ប្រឆាំងនឹង​បាតុករ​អហិង្សា។

«អង្គការ​សហប្រជាជាតិ​ក៏ព្រួយ​បារម្ភខ្លាំង​ផងដែរ​ចំពោះការ​ប្រឹងប្រែង​បំផ្លាញ​សេរីភាព​បញ្ចេញមតិ​ដោយ​បង្កើន​ឡើង​នូវការ​កៀបសង្កត់​ទៅលើ​ប្រព័ន្ធ​ឃោសនា​ឯករាជ្យ។ មកដល់​ពេលនេះ​មាន​អ្នកកាសែត​យ៉ាងតិច​៤០ត្រូវ​អាជ្ញាធរចាប់ខ្លួន»។

សេចក្តី​ថ្លែងការណ៍​ជាអន្តរជាតិ​ ជាពិសេស​ពីសហរដ្ឋ​អាមរិក​និង​សហគមន៍​អឺរ៉ុប​និង​ប្រទេសនានា​និង​អង្គការអន្តរជាតិ​នានា​ក្នុង​ពិភពលោក​កាន់តែ​ខ្លាំងឡើង​ប្រឆាំងនឹង​អំពើហិង្សា​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​និងរបួស​ ក្រោយអំពើ​រដ្ឋប្រហារ​បណ្តេញរដ្ឋាភិបាល​ស៊ីវិល​របស់​លោក ស្រី ​Aung San Suu Kyi ចេញ​ពីតំណែង៕

XS
SM
MD
LG