ប៉ូលិសក្រុងឡុងដ៍បានប្រាប់ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់ក៏៥៨នាក់ដែរប្រហែលបានត្រូវសម្លាប់នៅក្នុងអគ្គិភ័យនៅអាគារខ្ពស់ដែលមានមនុស្សរស់នៅកាលពីថ្ងៃពុធ នៅភាគខាងលិចទីក្រុងឡុងដ៍ ចំនួននេះរួមមានមនុស្ស៣០នាក់ដែលបានបញ្ជាក់ថាស្លាប់រួចហើយ។
មេបញ្ជាការ Stuart Cundy បានប្រាប់ពួកអ្នកយកព័ត៌មាននៅឯសន្និសីទកាសែតថា «មានមនុស្ស៥៨នាក់ដែលត្រូវបានគេប្រាប់ថា បានស្ថិតនៅអាគារ GrenfellTower នោះនៅពេលយប់ដែលមនុស្សកំពុងបាត់ខ្លួននោះ ហើយជាការឲ្យសង្វេកខ្ញុំត្រូវតែសន្មតថា ពួកគេបានស្លាប់ហើយ»។
កាលពីពេលមុន ប៉ូលិសបានប្រាប់ចំនួនមនុស្សស្លាប់៣០នាក់ ក៏ប៉ុន្តែលោក Cundy បាននិយាយថា «មនុស្ស៥៨នាក់ដែលនឹងរួមបញ្ចូលមនុស្ស៣០នាក់នោះទៀត»។លោក Cundy បាននិយាយទៀតថា ចំនួនផ្អែកលើរបាយការណ៍មកពីសាធារណជនអាចនឹងកើនឡើង។
ប្រសិនបើចំនួនមនុស្សស្លាប់យ៉ាងតិចក៏៥៨នាក់ត្រូវបានបញ្ជាក់ អគ្គីភ័យនោះនឹង ក្លាយជាការស្លាប់មនុស្សដ៏ច្រើនបំផុតនៅក្នុងទីក្រុងឡុងដ៍ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
តួលេខថ្មីបានត្រូវបញ្ចេញនៅពេលដែលលោកស្រីនាយករដ្ឋមន្រ្តី Theresa May បានជួបកាលពីថ្ងៃសៅរ៍ជាមួយអ្នកនៅរស់រានមានជីវិតពីអគ្គិភ័យនៅឯការិយាល័យរបស់លោកស្រីនាយករដ្ឋមន្រ្តីនៅ Downing Street មួយថ្ងៃបន្ទាប់ពីត្រូវបានបណ្តេញដោយពួកបាតុករនៅពេលដែលលោកស្រីនាយករដ្ឋមន្រ្តីចុះទៅមើលនៅជិតកន្លែងកើតហេតុនោះ៕