នៅថ្ងៃពុធនេះ ពួកអ្នកពន្លត់អគ្គិភ័យបានបន្តប្រយុទ្ធនឹងមហន្តរាយអគ្គិភ័យធំបំផុតមួយក្នុងក្រុងឡុងដ៍ ដែលរាលដាលយ៉ាងលឿននៅក្នុងអាគារផ្ទះ Apartment មួយមាន២៤ជាន់ក្នុងផ្នែកខាងលិចនៃក្រុង ឡុងដ៍។ ក្នុងពេលតែប៉ុន្មានម៉ោងក្រោយអគ្គិភ័យនេះបានត្រូវរាយការណ៍ ពួកអ្នកពន្លត់ភ្លើងអគ្គិភ័យបានធ្វើការដើម្បីជួយសង្គ្រោះពួកមនុស្សជាប់គាំងនៅខាងក្នុងអាគារនេះនិងរាប់ចំនួនមនុស្សស្លាប់។
អ្នកស្រី Dany Cotten ស្នងការផ្នែកអន្លត់អគ្គិភ័យនៃក្រុងឡុងដ៍បាននិយាយថា «ខ្ញុំពិបាកចិត្តណាស់ដោយបញ្ជាក់ ថាមានមនុស្សមួយចំនួនបានបាត់បង់ជីវិត»។ អ្នកស្រីបាននិយាយថា តួលេខនៃមនុស្សស្លាប់មិនអាចត្រូវបញ្ជាក់បាននៅឡើយទេ «ដោយសារទំហំ និងភាពសាំញ៉ាំ» របស់អាគារនេះ។
ពួកអ្នកជិតខាងបាននិយាយថា ពួកគេបានឮសំឡេងមនុស្សស្រែកឱ្យគេជួយនៅពេលអគ្គិភ័យនេះរាលដាលតាមជាន់នៃអាគារនោះ នាំឱ្យអ្នករស់នៅទីនោះជាប់គាំងក្នុងនោះ។ គេអាចឃើញពួកអ្នករស់នៅក្នុងអាគារនោះតាមបង្អួចដោយបង្ហាញភ្លើងទូរស័ព្ទដៃពួកគេក្នុងសេចក្តីសង្ឃឹមថា អាចត្រូវជួយសង្គ្រោះ។
ពួកអ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយថា អ្នករស់នៅក្នុងអាគារនេះខ្លះបានកាន់ក្មេងតូចៗពីបង្អួច ចំណែកឯមនុស្សខ្លះទៀតបានលោតពីជាន់ទាបៗនៃអាគារនេះ។
អាគារ Grenfell Tower ស្ថិតនៅក្នុងតំបន់ North Kensington នាផ្នែកខាងលិចនៃក្រុងឡុងដ៍ដែលមានមនុស្សចម្រុះពូជសាសន៍ច្រើននាក់រស់នៅ។ ពួកមន្ត្រីបាននិយាយថា អាគារនេះមាន Apartment ប្រមាណ១៤០ ហើយជាលំនៅដ្ឋានរបស់មនុស្សប្រមាន៥០០នាក់។ ក្នុងចំណោមពួកជនបាត់ខ្លួនកាលពីព្រឹកថ្ងៃពុធនេះមានកុមារមួយចំនួន៕