ប្រទេសអង់គ្លេសកំពុងប្រារព្ធខួប១០ឆ្នាំនៃការវាយប្រហារដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតជនជាតិអ៊ីស្លាមដែលបានសម្លាប់មនុស្សយ៉ាងច្រើននៅក្នុងស្ថានីយ៍គមនាគមន៍សាធារណៈនៅទីក្រុងឡុងដ៏។ មានមនុស្ស៥២នាក់បានស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៥នោះ នៅពេលបុរសជនជាតិអង់គ្លេសក្មេងៗបួននាក់បានបំផ្ទុះគ្រាប់បែកនៅក្នុងរថភ្លើងក្រោមដីចំនួនបី ហើយក្នុងឡានក្រុងមួយគ្រឿងអំឡុងពេលមានអ្នកដំណើរមមាញឹកនៅពេលព្រឹក។
នៅថ្ងៃអង្គារនេះ លោក David Cameron នាយករដ្ឋមន្ត្រីអង់គ្លេសបានគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ មុនពេលលោកដាក់កម្រងផ្កានៅសួន Hyde Park ទីដែលគេធ្វើពិធីបុណ្យដើម្បីជាកិត្តិយសដល់ជនរងគ្រោះ។ លោកនាយករដ្ឋមន្ត្រី Cameron និយាយថា ១០ឆ្នាំក្រោយការវាយប្រហារនៅទីក្រុងឡុងដ៏នេះ ការគំរាមកំហែងរបស់ភេរវជននៅតែបន្ត ហើយជាការគំរាមកំហែងដ៏គ្រោះថ្នាក់។
លោកនាយករដ្ឋមន្ត្រីថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា កាលពីខែមុនមានការសម្លាប់រង្គាលជនជាតិអង់គ្លេស៣០នាក់ និងអ្នកទេសចរ៨នាក់ផ្សេងទៀតនៅរមនីយដ្ឋានឆ្នេរសមុទ្រប្រទេសទុយនីស៊ី ដែលជាការរំឭកអំពីគ្រោះថ្នាក់នេះ។
លោកបន្ថែមថា អង់គ្លេសនឹងមិនកំសាកចុះចាញ់ភេរវកម្មទេ៕