អង់គ្លេសបានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើការហាមឃាត់អ្នកដំណើរមកពីប្រទេសនៅមជ្ឈិមបូព៌ាចំនួន៦ មិនឲ្យយកកុំព្យូទ័រយួរដៃ និងគ្រឿងអេឡិចត្រូនិចធំៗដទៃទៀតចូលទៅក្នុងប្រទេសរបស់ខ្លួននោះទេ ក្រោយមានវិធានការស្រដៀងគ្នាមួយត្រូវបានប្រកាសដោយសហរដ្ឋអាមេរិក។
សេចក្តីបង្គាប់ថ្មីរបស់អង់គ្លេសនឹងរារាំងមិនឲ្យយកគ្រឿងអេឡិចត្រូនិចដែលមានប្រវែងធំជាង ១៦ សង់ទីម៉ែត្រ ទទឹង ៩.៣ សង់ទីម៉ែត្រ និងកម្រាស់ ១.៥ សង់ទីម៉ែត្រ សម្រាប់ជើងហោះហើរពីប្រទេសតួកគី លីបង់ ហ៊្សកដានី អេហ្ស៊ីប ទុយនេស៊ី និងអារ៉ាប៊ីសាអូឌីត។
អ្នកនាំពាក្យរបស់លោកស្រីប្រធានាធិបតី Theresa May បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ជើងហោះហើរផ្ទាល់ទៅកាន់ចក្រភពអង់គ្លេសពីប្រទេសទាំង៦នោះ បន្តដំណើរការទៅតាមវិធានការថ្មីនេះ។ យើងគិតថាជំហានទាំងនេះមានសារៈសំខាន់ ហើយអនុញ្ញាតឲ្យអ្នកដំណើរធ្វើដំណើរដោយសុវត្ថិភាព»។
កាលពីព្រឹកថ្ងៃអង្គារ ទីភ្នាក់ងារទទួលបន្ទុកសុវត្ថិភាពដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បានចេញបំរាមស្រដៀងគ្នាមួយសម្រាប់អ្នកធ្វើដំណើរផ្ទាល់ទៅកាន់សហរដ្ឋអាមេរិកពីអាកាសយានដ្ឋានចំនួន ១០ នៅមជ្ឈិមបូព៌ា៕