ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូល​វ៉ាក់សាំង​ពិភពលោក


នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ចូលរួមក្នុងកិច្ចប្រជុំកំពូលវ៉ាក់សាំងពិភពលោកតាមប្រព័ន្ធ Zoom។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ចូលរួមក្នុងកិច្ចប្រជុំកំពូលវ៉ាក់សាំងពិភពលោកតាមប្រព័ន្ធ Zoom។

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បើក​កិច្ចប្រជុំ​កំពូល​វ៉ាក់សាំង​ពិភពលោក ដែល​ជា​កិច្ចប្រជុំ​តាម​អនឡាញ​ជាមួយ​ប្រទេស​ចំនួន​៥០ ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​គម្រោង​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​មួយ​ឈ្មោះ GAVI ដើម្បី​ធានា​ថា​ វ៉ាក់សាំង​ត្រូវ​បាន​គេ​ចែកចែក​ដល់មនុស្ស​គ្រប់គ្នា។

កិច្ច​ប្រជុំ​កំពូល​នេះ​សង្ឃឹម​ថា ​នឹង​រៃ​អង្គាស​ប្រាក់​ឲ្យ​បាន​៧.៥០០​លាន​ដុល្លារសម្រាប់​គម្រោង​សម្ព័ន្ធភាពសុខភាព​រវាង​វិស័យសាធារណៈ​និង​វិស័យឯកជនមួយ​នេះ ដើម្បី​ជួយ​ដល់​ការ​ផលិត​និង​ចែកចាយ​ដោយ​សមធម៌​ទូទាំង​ពិភពលោកនូវ​វ៉ាក់សាំង​កូវីដ១៩​និង​វ៉ាក់សាំង​ដទៃ​ទៀត។

ថ្លែង​ពី​ទី​ក្រុងឡុងដ៍​លោក Johnson សន្យា​ថា អង់គ្លេស​នឹង​ចូល​រួម​ចំណែក​២ពាន់លាន​ដុល្លារ​ដល់គម្រោងវ៉ាក់សាំង GAVI នេះ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ។

អគ្គលេខាធិការ​អង្គារ​សហប្រជាជាតិ​លោក Antonio Guterres នៅ​ក្នុង​វីដេអូ​ថត​ទុកមួយ​ បាន​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​សាកល​ដើម្បី​ធានា​ថា​មនុស្ស​គ្រប់រូប​អាច​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩។​

មក​ទល់​នឹង​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ជុំវិញ​ពិភពលោក មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន​ជាង​៦,៥​លាន​នាក់ និង​អ្នក​ស្លាប់​ពី​ជំងឺ​កូវីដ១៩​ចំនួន ជាង​៣៨០.០០០​នាក់ នេះ​បើ​យោង​តាម​តួលេខ​របស់​សាកលវិទ្យាល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក៕​

XS
SM
MD
LG