ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិកចោទប្រកាន់លោកត្រាំថា ចង់បំបែកបំបាក់អាមេរិក


រូបឯកសារ៖ អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Jim Mattis ថ្លែងនៅក្នុងក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ នៅក្រុងញូវយ៉ក កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Jim Mattis ថ្លែងនៅក្នុងក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ នៅក្រុងញូវយ៉ក កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។

លោក Jim Mattis អតីតរដ្ឋមន្រ្តីក្រសួងការពារប្រទេសអាមេរិកដែលបានលាចេញពីដំណែង ដើម្បីតវ៉ាប្រឆាំងការដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសស៊ីរី បានចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ពីការព្យាយាមបំបែកបំបាក់សហរដ្ឋអាមេរិក។

លោកបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើវេបសាយ ដោយទស្សនាវដ្តី Atlantic កាលពីថ្ងៃពុធថា «ក្នុងមួយជីវិតរបស់ខ្ញុំ លោកដូណាល់ ត្រាំ ជាប្រធានាធិបតីលើកទី១ដែលមិនបានព្យាយាមបង្រួបបង្រួមពលរដ្ឋអាមេរិកាំង លោកមិនដែលបានព្យាយាមធ្វើដូច្នេះទេ»។

អតីតឧត្តមសេនីយ៍ទាហានម៉ារីនដែលមានការគោរពយ៉ាងខ្លាំងរូបនេះបាននិយាយថា «តែផ្ទុយទៅវិញ លោកប្រធានាធិបតីត្រាំកំពុងព្យាយាមបំបែកបំបាក់យើង»។

លោកបានបន្តចោទប្រកាន់ដែលបានគាំទ្រពួកបាតុករដែលទាមទារសិទ្ធិស្មើគ្នាថា «ខ្ញុំបានសង្កេតព្រឹត្តិការណ៍នៅសប្តាហ៍នេះដោយការខឹងសម្បារនិងការស្រងាកចិត្ត»។

ចាប់តាំងពីថ្ងៃទី២៥ ខែឧសភានៅក្នុងការស្លាប់លោក George Floyd ក្នុងទីក្រុងមីនីអាប់ប៉ូលីសដែលបុរសស្បែកខ្មៅនេះ ត្រូវបានមន្រ្តីប៉ូលិសស្បែកសសង្កត់ករហូតដល់ស្លាប់ ការផ្ទុះកំហឹងជាប្រវត្តិសាស្រ្ត បានកើនឡើងនៅទីក្រុងនានាក្នុងសហរដ្ឋអាមេរិកប្រឆាំងការប្រកាន់ពូជសាសន៍ អំពើហិង្សារបស់ប៉ូលិសនិងអសមភាពសង្គម។​ បាតុកររាប់សែននាក់ បានធ្វើការប្រឆាំងតវ៉ាដោយសន្តិវិធីនៅទូទាំងប្រទេស ក៏ប៉ុន្តែការលួចប្លន់និងកុប្បកម្មក៏បានធ្វើឲ្យសៅហ្មងដល់ចលនានេះដែរ៕

XS
SM
MD
LG