ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា ច្បាប់​សន្តិសុខ​របស់​ចិន​សម្រាប់​ទីក្រុង​ហុងកុង​បំភ័យ​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ក្រុមបាតុករ​លើដៃប្រាំ ដែលតំណាងឲ្យចំណុចទាំង៥នៃការទាមទាររបស់ពួកគេ ទាក់ទិននឹង​ច្បាប់សន្តិសុខចិនសម្រាប់ទីក្រុងហុងកុង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី ២៨ ខែ​ឧសភា ប្រទេស​ចិន​បានបញ្ចប់​ការ​ប្រជុំ​នយោបាយ​ប្រចាំ​ឆ្នាំ​មាន​រយៈពេល​មួយ​សប្តាហ៍ ដែល​គេ​ហៅ​ថា​ សម័យ​ប្រជុំ​ពីរ ដោយ​អង្គ​នីតិ​បញ្ញត្តិ​កំពូល​បាន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​អំពី​ទីក្រុង​ហុងកុង ដែល​ជា​វិធានការ​មួយ​ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងពង្រឹង​ការក្តាប់អំណាច​របស់​ខ្លួន​លើ​ដែនដី​ពាក់​កណ្តាល​ស្វយ័តនេះ។

សកម្មភាព​នេះ​មិនបានឆ្លង​កាត់​អង្គ​នីតិ​បញ្ញ័ត្តិ​នៃ​ក្រុង​ហុងកុង​ទេ ហើយ​ក៏មិន​បាន​អើពើ​ដល់​ការ​ប្រឆាំង​ជា​ទូទៅ​នៅ​ខាង​ក្នុង​និង​ខាងក្រៅ​ទីក្រុង​ហុងកុង​ដែរ។ អ្នក​វិភាគ​នានា​ និយាយ​ថា ចំណាត់​ការនេះ​ទំនង​ជា​សញ្ញា​បង្ហាញ​ថា នឹង​មាន​ការប៉ះ​ទង្គិច​គ្នា​ថ្មី​មួយ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន។

ក្រុម​អ្នក​វិភាគ​ទាំង​នេះ​បន្ថែម​ថា ប្រសិន​បើ​ច្បាប់​នេះនឹង​ត្រូវ​អនុវត្តនៅពេល​បន្ទាប់​មក​ទៀត​ក្នុង​ឆ្នាំ​នេះ​តាម​ការ​រំពឹង​ទុក នោះ​ឋានៈ​របស់​ទីក្រុង​ហុងកុង​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថូ​នៃ​ទ្វីប​អាស៊ី​ ក៏​នឹង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដែរ។

តើ​សង្គ្រាម​ត្រជាក់​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​នឹង​កើត​ឡើង​ទេ?

លោក Wu Ruei-ren ជា​អ្នក​ស្រាវជ្រាវ​នៃ​អង្គការ Academia Sinica ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ បាន​និយាយ​ថា៖ «តាម​ទស្សនៈ​នៃ​ភូមិសាស្ត្រ​នយបាយ ការ​ប្រយុទ្ធ​ដំបូង​នៃ​សង្គ្រាម​ត្រជាក់​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​បាន​ចាប់ផ្ដើម​ធ្វើ​ហើយ»។

លោក Wu បាន​និយាយ​បន្ថែម​ថា៖ «ទណ្ឌកម្ម​ដែល​សហរដ្ឋ​អាមេរិក​នឹង​ដាក់​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឋានៈ​នៃ​ទីក្រុង​ហុងកុង ​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ហើយ​ប្រទេស​ចិន​នឹង​មាន​ការ​ខាតបង់​ជា​ច្រើន»។

កាល​ពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា​នោះ ដោយ​មាន​សមាជិក ៦ នាក់​ បោះឆ្នោត​អនុប្បវាត រដ្ឋសភា​ប្រទេស​ចិន​បាន​បោះឆ្នោត​គាំទ្រ​ក្នុង​សំឡេង ២.៨៧៨ ទល់​នឹង​មួយ។ ដូច្នេះ​សំណើ​នេះក៏​បានត្រូវអនុម័ត។ ការ​បោះ​ឆ្នោតនេះ​ផ្តល់​អំណាច​ឱ្យ​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា​ ដែល​មាន​សមាជិក​ចំនួន ១៧៥ នាក់​នេះ​ឲ្យ​បង្កើត​វិធានការ​សន្តិសុខ​ជាតិ​ដើម្បី​អនុវត្ត​ ដោយ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង​ហុងកុង។

វិធានការទាំង​នេះ​ទំនង​ជា​អនុញ្ញាត​ឱ្យ​ក្រុម​ភ្នាក់ងារ​សន្តិសុខ​របស់​ប្រទេស​ចិន​ដី​គោក​តាំង​ទី​នៅ​ក្នុង​ទីក្រុង​ហុងកុង ដើម្បី​កម្ចាត់​ទង្វើ និង​សកម្មភាព​ណា​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ចាត់ទុក​ថា​ជា​ការ​ផ្ដួល​រំលំ​រដ្ឋ​អំណាច ការ​ទាមទារ​បំបែក​ទឹកដី ភេរវកម្ម និង​ការ​ជ្រៀតជ្រែក​របស់​បរទេស។

រូបឯកសារ៖ លោក Li Keqiang នាយករដ្ឋមន្ត្រីចិន ថ្លែនៅក្នុងសន្និសីទសារព័ត៌មានផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតមួយ នៃសម័យប្រជុំរដ្ឋសភាចិន នៅទីក្រុងប៉េកាំង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Li Keqiang នាយករដ្ឋមន្ត្រីចិន ថ្លែនៅក្នុងសន្និសីទសារព័ត៌មានផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតមួយ នៃសម័យប្រជុំរដ្ឋសភាចិន នៅទីក្រុងប៉េកាំង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

តើ​គោលការណ៍​ប្រទេស​មួយ ប្រព័ន្ធពីរ​ទៅ​ជា​យ៉ាងណា?

គេ​យល់​ឃើញ​យ៉ាង​ទូលំទូលាយ​ថា សកម្មភាព​នេះ​គឺ​ជា​ការ​ទាល់ចោល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ នូវ​គោលការណ៍​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​របស់​ខ្លួន សម្រាប់​ទីក្រុង​ហុងកុង និងជា​ការ​រំលោភ​ឥត​លាក់លៀម​ទៅ​លើ​រដ្ឋធម្មនុញ្ញ​របស់​ទីក្រុង​នេះ ឬ​ទៅ​លើ​ច្បាប់​ជា​មូលដ្ឋាន ដោយ​មិន​ធ្វើ​តាមការ​សន្យា​របស់​ខ្លួន​ថា​ នឹង​ផ្តល់​ឱ្យ​ទីក្រុង​នេះ​នូវ​ស្វ័យភាព​កម្រិត​ខ្ពស់​មួយ​នៅ​មុន​ឆ្នាំ ២០៤៧។

នាយក​រដ្ឋមន្ត្រី​ចិន Li Keqiang បានបដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ នៅ​ពេល​បិទ​សម័យ​ប្រជុំ​ទាំង​ពីរ​នេះ។

លោក Li បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​អន្តរជាតិ​មួយ ​កាលពី​រសៀល​ថ្ងៃព្រហស្បតិ៍​ ទី ២៨ ខែ​ឧសភា ថា៖ «សេចក្តី​សម្រេច​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​របស់​រដ្ឋសភា​ចិន ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​អនុវត្ត​នូវ​គោលការណ៍​ប្រទេស​មួយ ប្រព័ន្ធ​ពីរ និង​ដើម្បីធ្វើ​ឱ្យ​ទីក្រុង​ហុងកុង​មានភាព​សំបូររុង​រឿង ​និង​ស្ថិរភាព​ក៏​យូរ​អង្វែង។

ក៏​ប៉ុន្តែ លោក Wu នៃ​អង្គការ Academia Sinica បាន​ហៅ​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា «មាន​លាយ​ជាមួយ​នឹង​សេចក្តី​អស់​សង្ឃឹម» ពីព្រោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​បំណង​បង្វែរ​ការ​យក​ចិត្ត​ទុកដាក់​របស់​ប្រជាពលរដ្ឋ​ខ្លួន​ពី​សម្ពាធ​ខាង​នយោបាយ និង​ខាង​សេដ្ឋកិច្ច​ដែល​ខ្លួន​កំពុង​ប្រឈម​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​ឆាក​អន្តរជាតិ។

សិល្បៈ​នយោបាយ​ប្រកប​ដោយគ្រោះ​ថ្នាក់​របស់​ចិន

លោក Wu ក៏​បាន​ពណ៌នា​ផង​ដែរ​ថា គោល​នយោបាយ​ថ្មី​ចុងក្រោយ​បំផុត​របស់​ប្រទេស​ចិន​ចំពោះ​ទីក្រុង​ហុងកុង​នេះ គឺ​ជា​យុទ្ធសាស្ត្រ​នៃ «សិល្បៈ​នយោបាយ​ប្រកប​ដោយគ្រោះ​ថ្នាក់»។

លោក​និយាយ​ថា ប្រទេស​ចិន​កំពុង​លេង​ល្បែង​ជល់​មាន់ ហើយភ្នាល់​ថា សកម្មភាព​តបត​ណា​មួយ​ពី​សហគមន៍​អន្តរជាតិ​អាច​គ្រាន់តែ​ជា​ពាក្យ​សម្តី​ទទេ​តែ​ប៉ុណ្ណោះ ពី​ព្រោះ​ពិភពលោក​កំពុង​ជាប់​រវល់​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ​១៩ និង​នៅ​ពឹង​ពាក់​ខ្លាំង​លើ​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន។

ក៏​ប៉ុន្តែ​លោក Wu មាន​ជំនឿ​ថា ប្រទេស​ចិន​នឹង «បំភ័យ» សហរដ្ឋ​អាមេរិក និង​បណ្ដា​បស្ចិម​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ច្រើន ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទទូច​ជំរុញ​ឲ្យ​អនុវត្ត​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ។

លោក​បាន​និយាយ​ថា វា​ជា​សកម្មភាព​ដ៏​ខ្លាំងក្លា​មួយ​ដើម្បី​បង្ក្រាប​ដោយ​គ្មាន​ធម៌​មេត្តា​លើ​ក្រុម​បាតុករប្រឆាំង​រដ្ឋាភិបាល និងក្រុម​អ្នកតស៊ូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង។

មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​របស់​រដ្ឋសភា​នេះ លោក​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Mike Pompeo បាន​រាយការណ៍​ជម្រាប​សភា​សហរដ្ឋ​អាមេរិក ហើយ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ទីក្រុង​ហុងកុង «លែង​មានស្វ័យភាព​ពី​ប្រទេស​ចិន​ទៀត​ហើយ» ដែល​ករណី​នេះ​អាច​មាន​ន័យ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រហែល​ជា​ពិចារណា​ផ្អាក​ឋានៈ​អនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​ទីក្រុង​ហុងកុង។

របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​អំពី​ការ​ដាក់​ទណ្ឌកម្ម​ផ្សេង​ទៀត​ដែរ។ ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​មាន​ដូចជា​ការ​ផ្អឹប​ទ្រព្យ​សម្បត្តិ និង​ការ​រឹតត្បិត​ការ​ផ្តល់​ទិដ្ឋាការ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ចិន និង​ហុងកុង ដែល​ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​គោល​នយោបាយសន្តិសុខ​ថ្មី​នេះ ក៏​ដូចជា​ការ​ហាម​ប្រាម​មិន​ឱ្យ​មាន​ការ​នាំចេញ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ទៅ​កាន់​ទីក្រុង​ហុងកុង​ផង​ដែរ។

រូបឯកសារ៖ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រសួងការបរទេស រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រសួងការបរទេស រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

ស្ថានការណ៍​ពិបាក​សម្រេចចិត្ត

ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​ស្ថានការណ៍​ពិបាក​សម្រេច​ចិត្ត​មួយ ដោយសារតែ​ជម្រើស​ភាគ​ច្រើន​ទាក់ទិន​នឹង​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​អាច​នាំ​ឱ្យ​មាន​ផល​មិន​ល្អ​ដល់​ពលរដ្ឋ​ហុងកុង ជាជាង​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ​កុម្មុយនិស្ត​ចិន ដែល​ជា​អ្នក​ជំរុញ​គោល​នយោបាយ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រឆាំង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Drew Thompson អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​មហាវិទ្យាល័យ Lee Kuan Yew ផ្នែក​គោល​នយោបាយ​សាធារណៈ នៃ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបូរី។

លោក Thompson បាន​និយាយថា​ដោយ​រង់​ចាំមើល​សេចក្តី​ពិត​ប្រាកដ​នៃ​ច្បាប់​នេះ វា​ជា​ការ​ឆាប់​ពេក​នៅ​ក្នុង​ការ​និយាយ​ថា តើ​ជម្លោះ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​មាន​សភាព​បែប​ណា​នោះ ទោះបីជា​វោហារសាស្ត្រ​របស់​ពួកគេ​មិន​បាន​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​រវាង​ភាគី​ទាំង​ពីរ​ក៏​ដោយ។

លោក Thompson បាន​ប្រាប់​វីអូអេ​ថា៖ «បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ទីក្រុង​ហុងកុង គឺ​ជា​ការ​វាយបក​ពិត​ប្រាកដ​មួយ​លើ​ភាព​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហើយ​នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​យល់​ថា ធ្វើឱ្យ​ពួក​មេដឹកនាំ​ចិន​បារម្ភ។ ផល​ប៉ះពាល់​នៃ​ទង្វើ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ត្រូវ​បាន​គិតគូរ​ដើម្បី​តម្រែតម្រង់​ទំនាក់​ទំនង​ការបរទេស​របស់​រដ្ឋាភិបាល​នេះ​នោះ​ទេ»។

ភាព​ចលាចល​ផ្នែក​ហិរញ្ញវត្ថុ

លោក Law Ka Chung អតីត​សេដ្ឋវិទូ​ចម្បង​នៃ​ធនាគារ Bank of Communications ក្នុង​ទីក្រុង​ហុងកុង បាន​និយាយ​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​គេ​រំពឹង​ទុក​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គឺ​ជា​ការ​សម្លាប់​ឋានៈ​របស់​ទីក្រុង​ហុងកុង​ក្នុង​នាម​ជា​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ។

លោក Law បានថ្លែង​ថា សក្តានុពល​នៃ​ការ​ផ្អឹប​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នឹង​មាន​ប្រសិទ្ធិភាព ក៏​ប៉ុន្តែ​ប្រទេស​ចិន​ទំនងជា​នឹង​សងសឹក​វិញ ដោយ​ផ្អឹប​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​អាមេរិកាំង​នៅ​ក្នុង​ទីក្រុង​ហុងកុង ហើយ​ដាក់​កំហិត​លើ​សកម្មភាព​ហិរញ្ញវត្ថុ​ដែល​គ្របដណ្តប់​ដោយ​រូបិយវត្ថុ​របស់​ខ្លួន​ផង​ដែរ។

លោក Law បាន​និយាយ​បន្ថែម​ថា ការណ៍​នេះ​នឹង​បង្កើត​ឱ្យ​មាន​ភាព​ចលាចល និង​ការ​ដួល​រលំ​នូវ​មុខងារ​នៃ​ទីក្រុង​ហុងកុង​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ស្រប​ពេល​ដែល​ភាព​ចលាចល​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​នេះ​បាន​បណ្តាល​ឱ្យ​មាន​ការ​ដក​ទុន​វិនិយោគ​ចេញ​ពី​ទីក្រុង​នេះ​កាល​ពី​ឆ្នាំ​មុន​រួច​មក​ហើយ៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG