ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​អ្នក​រិះ​គន់​ថា​អង់គ្លេស​ស្ទាក់ស្ទើរ​ក្នង​ការ​គ្រប់​គ្រង​លើ​ដែនដី​ដែល​មាន​កម្រិត​ពន្ធ​ទាប​នៅ​ពេល​ដែល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប

  • Henry Ridgwell

ទង់ជាតិ​បក់​រវ៉ិចៗ​នៅ​ក្បែរ​អគារ Elizabeth Tower នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧។

មាន​ឯកសារ​លេច​ធ្លាយ​ជាង​១៤​លាន​ទំព័រ​ទាក់​ទង​នឹង​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ ចាប់​តាំង​ពី​ព្រះ​មហាក្សត្រយ៉ានី​ Elizabeth​ រហូត​ដល់​លោក​ Bono​ អ្នក​ចម្រៀង​នាំ​មុខ​ក្រុម U2 ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រក្សា​ទុក​ប្រាក់​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​ការ​វិនិយោគ​ទុន។​

ឯក​សារ​បែកធ្លាយ​នោះ​មាន​ឈ្មោះ​ថា​ Paradise Papers​ ឬ​មាន​ន័យ​ថា​ឯកសារ​អាថ៌កំបាំង​ដែល​បាន​រៀប​រាប់ពី​ឈ្មោះ​បុគ្គល​ល្បីៗ​បំផុត​មួយ​ចំនួន​នៅលើ​ពិភពលោក។ ប្រទេស​ដែល​មាន​ឈ្មោះ​រៀបរាប់​ច្រើន​ជាង​គេ​នោះ​គឺ​ ប្រទេស​អង់គ្លេស។ ក្រុម​អ្នក​ឃោសនា​បាន​និយាយ​ថា​ ច្បាប់​ដែល​ធូរលុង​មាន​ន័យ​ថា​ប្រទេស​អង់គ្លេស​កំពុង​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃ​ឧស្សាហកម្ម​ដែល​លាក់​មុខ ហើយ​ការ​សម្រេច​ចិត្ត​ចាកចេញ​ពី​សហភាព​អឺរ៉ុប​គឺ​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើង។​

​លោក​ Bono ​អ្នក​ចម្រៀង​នាំ​មុខ​ក្រុម​ U2​ បាន​ប្រើ​ប្រាស់​ក្រុមហ៊ុន​មួយ​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ Malta​ ដែល​ជា​ប្រទេស​មាន​កម្រិត​ពន្ធ​ទាប​ដើម្បី​វិនិយោគ​ទៅ​លើ​ផ្សារ​ទំនើប​នៅ​ប្រទេស​លីទុយអានី (Lithuania)។

ក្រុម​តន្ត្រី​ជន​ជាតិ​អៀវឡង់​ដែល​ល្បី​ឈ្មោះ​ពី​ការ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ បាន​ទទួល​រង​ការ​រិះគន់​កាល​ពី​ពេល​កន្លង​ទៅ​នេះអំ​ពី​ការ​បង់​ពន្ធ​របស់​ពួក​គេ។ គ្មាន​ការ​លើក​ឡើង​ណា​មួយ​ទេ​ថា​លោក Bono​ បាន​ធ្វើ​ខុស​ច្បាប់​នោះ។

អ្នក​ចម្រៀង Bono របស់​ក្រុម U2 ធ្វើ​សញ្ញា​សន្តិភាព​នៅ​ពេល​លោក​ទៅ​ដល់​កន្លែង​ប្រជុំ​មួយ​នៅ​វិមាន Elysee Palace នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧។
អ្នក​ចម្រៀង Bono របស់​ក្រុម U2 ធ្វើ​សញ្ញា​សន្តិភាព​នៅ​ពេល​លោក​ទៅ​ដល់​កន្លែង​ប្រជុំ​មួយ​នៅ​វិមាន Elysee Palace នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧។

ប៉ុន្តែ​ ក្រុម​អ្នក​ឃោសនា​បាន​និយាយ​ថា​ការ​រៀប​ចំ​ប្រាក់​ចំណេញ​យក​ទៅ​វិនិយោគ​នៅ​ប្រទេស​ដែល​មាន​ពន្ធ​កម្រិត​ទាប​បែប​នេះ​គឺ​ជា​ការ​លួច​យក​ប្រយោជន៍​ពី​សាធារណៈ។

លោក​ MURRAY WORTHY​ នៃ​អង្គការ​ GLOBAL WITNESS​ បាន​ថ្លែង​ថា៖ «នេះ​គឺ​ជា​ថវិកា​ដែល​បាន​បាត់​បង់​ដោយ​មិន​បាន​យក​ទៅ​ប្រើ​ក្នុង​វិស័យ​សុខាភិបាល​ វិស័យ​អប់រំ​ ដែល​ជា​សេវាកម្ម​សាធារណៈ​សំខាន់ៗ»។

អឺរ៉ុប​ចង់​ដាក់​ប្រទេស​ណា​ដែល​បដិសេធ​មិន​ព្រម​សហការ​ដើម្បី​ធ្វើឲ្យ​មាន​តម្លាភាព​លើ​បញ្ហា​ពន្ធ​ចូល​ក្នុង​បញ្ជី​ស្បែក​ខ្មៅ។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​បារាំង​ លោក​ BRUNO LE MAIRE​ មាន​ប្រសាសន៍​ថា៖ «បើ​សិន​ជា​រដ្ឋាភិបាល​ណា​មិន​ប្រកាន់​ខ្ជាប់​នឹង​ការប្តេជ្ញា​របស់​ពួកគេ​នោះ​ទេ​ យើង​ត្រូវ​តែ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​នោះ»។

បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិជា​ច្រើននាក់​នៅ​លើ​ពិភពលោកបាន​យក​ប្រាក់​របស់​ពួក​គេ​ទៅ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ដែល​ជា​ដែនដី​របស់​ប្រទេស​អង់គ្លេស។ នាយករដ្ឋមន្ត្រី​ប្រទេស​អង់គ្លេស​បាន​ប្រតិកម្ម​ទៅ​លើ​ការ​បែកធ្លាយ​នេះ។

នាយក​រដ្ឋមន្ត្រី​ចក្រភពអង់គ្លេស​ អ្នកស្រី​ THERESA MAY​ បាន​មាន​ប្រសាសន៍ថា៖

«យើង​ចង់​ឲ្យ​បុគ្គល​ទាំង​អស់​នោះ​បង់​ពន្ធ​ដែល​ត្រូវ​បាន​កំណត់​ឲ្យ​បង់»។

ក្រុម​អ្នក​ឃោសនា​បាន​បង្ហាញ​ពី​ការ​សង្ស័យ​លើ​ការប្តេជ្ញា​នោះ​ ជា​ពិសេស​នៅ​ខណៈ​ពេល​ដែល​ការ​មិន​ប្រាកដប្រជា​របស់​សេដ្ឋកិច្ច​កំពុង​កើន​ឡើងនោះ។

លោក​ DUNCAN HAMES​ នៃ​អង្គការ​តម្លាភាព​អន្តរជាតិបាន​ថ្លែង​ថា៖

«ចាប់​តាំង​ពី​មាន​ការ​បោះ​ឆ្នោត​លើ​ការ​ចាកចេញ​របស់​ចក្រភព​អង់​គ្លេស​ពី​សហភាព​អឺរ៉ុប​មក​ រដ្ឋាភិបាល​អង់​គ្លេស​មិន​សូវ​តឹង​រឹង​ទៅ​លើ​តំបន់​ដែនដី​ប្រទេស​អង់គ្លេស​និង​ តំបន់​ពិសេស​ Crown Dependencies​ ទេ»។

ទង់ជាតិ​នានា​ត្រូវ​បាន​គេ​រៀប​នៅ​ទីស្នាក់ការ​គណៈកម្មការ​អឺរ៉ុប​នៅ​មុន​កិច្ចពិភាក្សា​លើក​ដំបូង​ស្តី​ពី​ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស នៅ​ក្នុង​ក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។
ទង់ជាតិ​នានា​ត្រូវ​បាន​គេ​រៀប​នៅ​ទីស្នាក់ការ​គណៈកម្មការ​អឺរ៉ុប​នៅ​មុន​កិច្ចពិភាក្សា​លើក​ដំបូង​ស្តី​ពី​ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស នៅ​ក្នុង​ក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។

វា​មិន​ត្រឹម​តែ​បញ្ហា​គេចវេសបង់​ពន្ធ​នោះ​ទេ​ ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​នោះ។ អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ប្រទេស​អង់គ្លេស​ ច្បាប់​និង​ការអនុវត្ត​ដែល​ធូរលុង​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បីប្រែក្លាយ​ទ្រព្យសម្បត្តិ​ដែល​ខុស​ច្បាប់​ឲ្យ​ស្របច្បាប់​វិញ​តាមរយៈ​គណនី​ក្រៅ​ប្រទេស។ របាយការណ៍​មួយ​បាន​អះអាង​ថា​ បុគ្គល​ត្រឹមតែ​៦នាក់​តែ​ប៉ុណ្ណោះមាន​មុខងារ​គ្រប់​គ្រង​កម្មសិទ្ធិ​នៃ​ក្រុមហ៊ុន​ចំនួន​ដល់ទៅ​៤លាន​ក្រុមហ៊ុន។

លោក​ DUNCAN HAMES​ បាន​បន្ត​ថា៖

«យើង​ពិនិត្យ​មើល​ត្រឹម​តែ​ករណី​ចំនួន​៥០​ដែល​ទាក់​ទិន​នឹង​អំពើ​ពុករលួយ​និង​ប្រព័ន្ធ​លាង​ប្រាក់​កខ្វក់​តាមរយៈ​គណនី​ក្រៅ​ប្រទេស។ ហើយ​យើង​បាន​រក​ឃើញ​ក្រុមហ៊ុន​អង់គ្លេស​ច្រើន​ជាង​៧៥០​ក្រុម​ហ៊ុន​ដែល​បាន​ប្រើ​ប្រាស់ប្រព័ន្ធ​ទាំង​អស់​នោះ​ ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់​៨០ពាន់​លាន​ដុល្លារ»។
ក្រុមហ៊ុន​ចំនួន​៤៤​ដែល​បាន​ត្រូវ​គេ​កំណត់​អត្តសញ្ញាណ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​បាន​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​ដែល​មាន​ប្រអប់​សំបុត្រ​តែមួយ​គឺ​ប្រអប់​សំបុត្រ​លេខ​១១​នៅ​ក្នុង​ក្រុមហ៊ុន​បញ្ញើ​សំបុត្រ​ស្ថិត​នៅ​កណ្តាល​ទីក្រុង​ឡុងដ៍។ សេវាកម្ម​បញ្ញើ​សំបុត្រនេះ​គឺ​ជា​ចំណុច​ដ៏​ខ្សោយ​មួយ​ នេះ​បើ​យោង​តាម​សម្តី​របស់​លោក​ Hames។

លោក​ DUNCAN HAMES​ បាន​បន្តថា៖

«រោងចក្រ​ក្រុមហ៊ុន​ទាំង​អស់​ គឺបាន​ចុះ​បញ្ជី​នៅ​កន្លែង​តែ​មួយ​គត់​ដែល​មាន​ក្រុម​ហ៊ុន​រាប់​ពាន់​បាន​ចុះ​បញ្ជី»។

គ្មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ដែល​ធ្វើ​ទៅ​លើ​ក្រុមហ៊ុន​បញ្ញើ​សំបុត្រ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ឬ​ ការ​លាង​ប្រាក់​កខ្វក់​តាមរយៈ​គណនី​ក្រៅ​ប្រទេស​នោះ​ទេ។ ម្ចាស់​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​ VOA ​ថា​ពួកគេ​ធ្វើតែ​អ្វី​ដែល​ស្រប​ច្បាប់​ និង​ ប្រកាន់​តាម​ច្បាប់​របស់​ចក្រភព​អង់​គ្លេស​ទាំងអស់។​

ទោះ​ជាយ៉ាង​ណា​ក្តី​ ជា​មួយ​នឹង​ទ្រព្យសម្បត្តិ​ខុសច្បាប់​ដែល​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​មាន​ចំនួន​ប្រហែល​ជា​១០០​ពាន់​លាន​បាន​ឆ្លង​កាត់​ទីក្រុង​ឡុងដ៍​ជា​រៀងរាល់​ឆ្នាំ​ ក្រុម​អ្នក​ឃោសនា​និយាយ​ថា​ច្បាប់​ទាំង​អស់​នេះ​ត្រូវ​ការ​រឹត​បន្តឹង​ជាបន្ទាន់៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង

XS
SM
MD
LG