ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ឯកសារ​បែក​ធ្លាយ​ច្រើន​លាន​ទំព័រ​អំពី​ការ​បន្លំ​ពន្ធ​ពេល​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​


រូបឯកសារ៖ តា​រា​ចម្រៀង​ Bono លើក​សញ្ញា​សន្តិភាព​នៅ​ពេល​លោក​មក​ដល់​ការ​ប្រជុំ​មួយ​នៅ​វិមាន​ Elysee ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ខែ​កក្កដា។

មាន​ឯកសារ​លេច​ធ្លាយ​ជាង​១៤​លាន​ទំព័រ​ទាក់ទង​នឹង​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ គឺ​តាំង​ពី​មហាក្សត្រីយានី​ Elizabeth​ នៃ​ប្រទេស​អង់គ្លេសរហូត​ដល់​លោក​ Lewis Hamilton ​ជើង​ឯក​ប្រណាំង​ឡាន​ Formula One។

ឯកសារ​មាន​ឈ្មោះ​ថា ​Paradise Papers ​មាន​ន័យ​ថា ​ឯកសារ​អាថ៌​កំបាំង ដែល​ទាក់​ទង​នឹង​ក្រុមហ៊ុន​ប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេស​ ហើយ​វា​ទាក់​ទង​នឹង​ឈ្មោះ​មនុស្ស​ល្បីៗ​បំផុត​ក្នុង​ពិភពលោក។​

ការ​លាត​ត្រដាង​ចុង​ក្រោយ​ទាក់​ទង​នឹង​លោក Bono ​តារា​ឈាន​មុន​នៃក្រុម​ចម្រៀង​ U2​ ដែល​ប្រើ​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​ម៉ាល់តា ​ដែល​ជា​ប្រទេស​កំណត់​ពន្ធទាប​ ដើម្បី​ធ្វើ​ការវិ​និយោគទុន​ បើក​ហាង​ទំនិញ​នៅ​ប្រទេស​លីទុយអានី។ ​ក្រុម​ចម្រៀង​របស់​អៀរឡង់​នេះ​ ដែល​បាន​ល្បី​ឈ្មោះ​ដោយ​សារ​យុទ្ធនាការ​ប្រឆាំង​ភាព​ក្រីក្រ​នោះ​ កន្លង​មក​បាន​ប្រឈម​នឹង​ការ​រិះគន់​ទាក់​ទង​នឹង​ការ​ចាត់​ចែង​ការ​បង់ពន្ធ។ ​ប៉ុន្តែ​មិន​មាន​ការ​ចោទ​ប្រកាន់​ថា​ លោក ​Bono​ ធ្វើ​ខុស​ច្បាប់​ទេ។​ ប៉ុន្តែ​អ្នក​ធ្វើយុទ្ធនាការ​ប្រឆាំងភាព​ក្រីក្រ​និយាយ​ថា ​ការ​កេង​ប្រវ័ញ្ច​ពន្ធដា​ដោយ​លាក់​ប្រាក់​ចំណេញ​យ៉ាង​សម្ងាត់​គឺ​ជាការ​លួច​ផល​ប្រយោជន៍​សាធារណៈ។ ​

លោក​ Murray Worthy ​នៃ​អង្គការ ​Global Witness ​និយាយ​ថា ​ការ​បាត់​បង់​លុយ​នេះ​គឺ​ជា​ការ​បាត់​បង់​ការ​គាំពារ​សុខភាព ​ការអប់រំ​ និង​សេវា​សាធារណៈ​សំខាន់ៗ។ ​សហភាព​អឺរ៉ុប​ចង់​ធ្វើបញ្ជី​ខ្មៅ​អំពី​អាជ្ញាធរ​ ឬ​ក្រុម​ហ៊ុន ​ដែល​មិន​សហការ​ធ្វើការ​បង់​ពន្ធ​មាន​តម្លាភាព៕

XS
SM
MD
LG