ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​​​បិទ​សាលារៀន​​ជាង​ ១៥០ ​​​ដោយសារ​បេតុង​​មិន​មាំទាំ


ទិដ្ឋភាព​ទូទៅ​នៅ​ខាង​ក្រៅ​សាលា Hornsey School for Girls ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣។
ទិដ្ឋភាព​ទូទៅ​នៅ​ខាង​ក្រៅ​សាលា Hornsey School for Girls ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣។

ក្រសួង​អប់រំចក្រភពអង់គ្លេសបានបញ្ជា​ដល់សាលារៀនជាង​១៥០​នៅ​ទូទាំង​ប្រទេសឱ្យ​បិទ​អគារ​នានា​ដែលត្រូវ​កសាង​ឡើង​ពី​បេតុង​ប្រភេទ RAAC ដែលជា​បេតុងមួយ​បែបដែល​ងាយ​បាក់​រលំ​បាន។

សេចក្តី​សម្រេចនេះ​មាន​ឡើង​តែ​ប៉ុន្មានថ្ងៃ​មុនការ​ចាប់ផ្តើម​បវេសនកាល​រដូវ​ស្លឹកឈើ​ជ្រុះ បណ្តាល​ឱ្យ​មានការរិះគន់​ខ្លាំង​ពី​ក្រុម​ឪពុកម្តាយរបស់​សិស្ស​ ក្រុម​គ្រូបង្រៀន និង​ក្រុម​អ្នក​នយោបាយ។

លោក​ Nick Gibb រដ្ឋលេខាធិការ​ទទួល​បន្ទុកសាលារៀន​ (Schools Minister) បាន​និយាយ​ប្រាប់បណ្តាញ​ព័ត៌មាន BBC ​កាលពី​ពេល​ថ្មីៗ​នេះ​ថា​មេ​ដំបូលមួយ​បាន​បាក់​កាលពី​រដូវក្តៅ នាំ​ឱ្យ​រដ្ឋាភិបាល​អង់គ្លេស​ពិនិត្យ​មើលគ្រោះ​ថ្នាក់​បណ្តាល​មក​ពី​បេតុង RAAC។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ គេ​ឃើញ​មាន​អគារ​កសាង​ដោយ​បេតុង​ RAAC បានបាក់​រលំ​ ទាំង​នៅ​តាម​សាលារៀន​និង​កន្លែង​ឯ​ទៀតៗ។​ បេតុងប្រភេទ RAAC ស្រាល​ហើយ​ត្រូវបាន​ប្រើក្នុង​ការ​សាងសង់​អគាររហូត​ដល់​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៩០។ បេតុង RAAC អាច​មាន​អាយុ​កាល​ដល់ប្រមាណ​៣០ឆ្នាំ។​

រដ្ឋមន្ត្រីក្រសួង​អប់រំអង់គ្លេស​ (Education Secretary) លោកស្រី Gillian Keegan បានពណ៌នា​សេចក្តី​សម្រេច​នេះ​របស់រដ្ឋាភិបាល​ថា ​ជា​«វិធីសាស្ត្រ​ដោយ​ប្រុងប្រយ័ត្ន»​មួយ។

លោកស្រីបានធានា​អះអាង​ដល់​សាធារណជន​ថា​ ​សាលារៀនដែល​ត្រូវប៉ះពាល់​ច្រើន​បំផុត​នៅតែបើក​បង្រៀន​ពី​ព្រោះនៅ​ទី​នោះ បេតុងដែល​មាន​បញ្ហាត្រូវ​បាន​រក​ឃើញថាមាន​កម្រិត​តិច។ ប៉ុន្តែ​សាលារៀន​ខ្លះ​ប្រឈម​នឹង​ការ​បិទទ្វារទាំង​ស្រុង​ នាំ​ឱ្យ​គ្រូបង្រៀន​និង​ក្រុម​ឪពុកម្តាយ​សិស្ស​ប្រវេប្រវា​រក​ជម្រើសផ្សេងៗ​ទៀត​ រួម​ទាំងការ​បញ្ជូន​សិស្ស​ឱ្យ​ទៅ​រៀន​នៅ​សាលារៀន​ផ្សេងទៀត ឬ​រហូត​ដល់​ការ​ចាត់ចែង​ឱ្យ​សិស្ស​រៀន​ពី​ចម្ងាយដូចដែល​មាន​ធ្វើ​នៅអំឡុង​ពេលមាន​ការរាតត្បាតជំងឺ​កូវីដ១៩។

រឿង​ដែលនាំ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំងអំពី​សេចក្តី​ប្រកាសរបស់​រដ្ឋាភិបាល​គឺ​ថា ​ពួកគេ​បាន​ដឹង​ជា​យូរ​មកហើយ​អំពី​គ្រោះថ្នាក់​បណ្តាល​មក​ពី​បេតុង RAAC។

ក្នុង​ពេល​កន្លង​មក មាន​សាលារៀនជាង​៥០​ ដែល​មាន​អគារ​ធ្វើ​ពី​បេតុង RAAC ត្រូវ​បាន​បិទ​ដោយសារ​កង្វល់​អំពី​សុវត្ថិភាព។

កាល​ពី​ខែ​មិថុនា ការិយាល័យ​សវនកម្មជាតិ​ បាន​រាយការណ៍​អំពី​គ្រោះ​ថ្នាក់​ដល់​សិស្ស​និង​គ្រូបង្រៀន​បណ្តាល​មកពី​អគារ​សាលារៀន​ស្ថាបនាដោយ​បេតុង RAAC។ ពួកគេ​និយាយ​យោង​ដល់​លទ្ធភាព​នៃការ​រង​របួស​ឬ​ការ​ស្លាប់​ដោយសារ​ការ​រលំ​អគារ។

ព្រឹត្តិការណ៍ទាំងនេះ​កើត​មាន​ឡើងក្រោយ​កូដកម្ម​៦ខែរបស់​ក្រុម​គ្រូ​បង្រៀន​នៅទូទាំងចក្រភព​អង់គ្លេស ​ដោយសារមានការ​ចោទអំពី​ការ​ផ្តល់​ថវិកា​ជាតិ​តិច​និង​ការ​មិន​សូវ​គិតគូរ​របស់រដ្ឋាភិបាល។ ពួក​អ្នក​រិះគន់ពី​ភាគី​ទាំងអស់​ពណ៌នា​ការ​បិទ​សាលារៀន​ច្រើន​កន្លែង​បែប​នេះ​ថា​ជា​បរាជ័យ​ធំមួយ។

លោក Daniel Kebede អគ្គលេខាធិការ​សហជីពជាតិ​ខាង​ការ​សិក្សា​អប់រំ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ​ស្ថានភាព​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​«អសមត្ថភាព​របស់​រដ្ឋាភិបាល...»។ នៅ​មុន​ការបោះឆ្នោត​ដែល​ត្រូវ​រំពឹងធ្វើ​ឡើង​ក្នុង​ឆ្នាំ២០២៤ លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស Rishi Sunak នឹង​ត្រូវ​ពិចារណា​ធ្វើ​បែប​ណា​ដើម្បី​ឱ្យ​មាន​ការ​ទុកចិត្តពី​សាធារណជន និង​ទប់ទល់​នឹង​ការចំអក​ដល់​ការ​ប្រឹងប្រែង​របស់​លោកក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធនិង​វិស័យ​អប់រំ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ មាន​ប្រភព​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន AP និង Reuters។

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG