ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​រដ្ឋ Texas និយាយ​ថា ខ្មាន់​កាំភ្លើង​វ័យ​ក្មេង​​បាន​ព្រមាន​ថា ខ្លួន​រៀប​នឹង​​បាញ់​ប្រហារ​​នៅ​​ក្នុង​សាលារៀន


អ្នក​បន់ស្រន់​​​នៅ​ក្នុង​​ពិធី​មួយ​នៅ​​វិហារ​កាតូលិក Mass at the Sacred Heart កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ២០២២ គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បាញ់​សម្លាប់​កុមារ​សិស្ស​សាលា​១៩​នាក់​និង​គ្រូ​២​នាក់​នៅ​សាលាបឋមសិក្សា Robb នៅ​ក្រុង Uvalde រដ្ឋ Texas សហរដ្ឋ​អាមេរិក។
អ្នក​បន់ស្រន់​​​នៅ​ក្នុង​​ពិធី​មួយ​នៅ​​វិហារ​កាតូលិក Mass at the Sacred Heart កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ២០២២ គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បាញ់​សម្លាប់​កុមារ​សិស្ស​សាលា​១៩​នាក់​និង​គ្រូ​២​នាក់​នៅ​សាលាបឋមសិក្សា Robb នៅ​ក្រុង Uvalde រដ្ឋ Texas សហរដ្ឋ​អាមេរិក។

ខ្មាន់​កាំភ្លើង​វ័យក្មេង​អាមេរិកាំង​ដែល​បាន​បាញ់​សម្លាប់​កុមារសិស្ស​សាលា​១៩នាក់​និង​មនុស្ស​ពេញវ័យ​២នាក់​នោះបាន​ព្រមាន​តាម​សារ​របស់​ខ្លួននៅ​ក្នុង​បណ្តាញ​សង្គម ​មុន​ពេល​ហេតុ​ការណ៍​បាញ់​ប្រហារ​កើត​ឡើង​បន្តិច​ថា ខ្លួន​ប្រហែលនឹង​ចូល​ទៅ​បាញ់​ប្រហារ​នៅ​ក្នុងសាលា​បឋមសិក្សាមួយ។ នេះ​បើ​តាម​ការលើក​ឡើងរបស់​អភិបាល​រដ្ឋ Texas លោក Greg Abbott កាល​ពី​ថ្ងៃ​ពុធម្សិលមិញ។

លោក Abbott បាន​បញ្ជាក់​ថា ជន​ដៃដល់​មាន​ឈ្មោះ Salvador Ramos មាន​អាយុ​១៨ឆ្នាំ​ជា​ក្មេង​ដែល​បានបោះបង់​ការសិក្សា​នៅ​វិទ្យាល័យ។ លោក Abbott និយាយ​ថា ជនល្មើស​នេះ មាន​បញ្ហា​ផ្លូវចិត្ត ដែលធ្វើ​ឱ្យ​មាន​ការ​បាញ់​ប្រហារកាល​ពី​ថ្ងៃអង្គារ​នៅ​ក្នុង​សាលា​បឋមសិក្សា Robb Elementary School នៅ​ក្នុង​ទីក្រុង Uvalde រដ្ឋ Texas សហរដ្ឋ​អាមេរិក។ ជន​ដៃដល់​រូប​នេះត្រូវ​បាន​ទីភ្នាក់ងារ​ល្បាត​ព្រំដែន​អាមេរិក​ម្នាក់​បាញ់​សម្លាប់​នៅ​កន្លែង​កើតហេតុ។

ក៏ប៉ុន្តែ លោក​អភិបាល​រដ្ឋ​រូប​នេះ​និយាយ​ថា ពួក​មន្ត្រី​មិន​បានរក​ឃើញ​ឯកសារ​ផ្លូវការ​ណា​មួយ​ដែលបាន​បញ្ជាក់​ថា ក្មេង​ប្រុស​រូប​នេះមាន​បញ្ហា​ផ្លូវ​ចិត្ត​នោះ​ឡើយ បើ​ទោះ​បី​ជាមាន​ព័ត៌មាន​មួយ​ចំនួន​ធ្លាប់​បានចុះ​ផ្សាយ​ថា ជន​ដៃ​ដល់​រូប​នេះ​ធ្លាប់​បាន​ប្រើ​កាំភ្លើង​ខ្យល់​បាញ់ទៅ​លើ​មនុស្ស​មួយ​ចំនួន និង​ធ្លាប់​បានគប់​ពងមាន់​ដាក់​រថយន្តគេ​មួយ​ចំនួននៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង Uvalde នោះ​ក៏ដោយ។ ទន្ទឹម​នឹង​នោះ​ដែរ មិត្តភក្តិ​មួយ​ចំនួន​របស់​ជន​ដៃ​ដល់បាន​និយាយ​ថា ក្មេងជំទង់​ដែល​ជា​ខ្មាន់​កាំភ្លើង​រូប​នេះមាន​ការ​ខឹង​សម្បា ដោយសារ​តែ​ខ្លួនមិន​បាន​ចូល​រៀន​គ្រប់​ម៉ោងក្នុង​ការ​បញ្ចប់​ការ​សិក្សានៅ​សប្តាហ៍​នេះ ដូចមិត្តភក្តិ​ផ្សេងៗ​ទៀតក្នុង​ថ្នាក់​របស់​ខ្លួន​នោះ។

អភិបាលរដ្ឋ Texas លោក Abbott បន្ត​ទៀត​ថា រយៈពេល​៣០នាទីមុនពេល​ជន​ដៃ​ដល់​រូប​នេះសម្រុក​ចូល​ទៅ​សាលា​រៀន​នោះ ជន​នេះ​បាន​បង្ហោះ​សារនៅ​លើ​ហ្វេសប៊ុក​ដោយ​និយាយ​ថា «ខ្ញុំ​នឹង​បាញ់​ជីដូន​របស់​ខ្ញុំ» ដែល​ខ្លួន​រស់​នៅ​ជាមួយ ​ហើយ​ក៏​បាន​បាញ់​ទៅ​លើ​មុខ​ជីដូន​តែ​ម្តង។ ជីដូន​របស់​ជនរូប​នេះ​ឈ្មោះ Celia Martinez អាយុ​៦៦​ឆ្នាំ​បាន​នៅ​រស់រាន​មាន​ជីវិត ​ហើយកំពុង​សម្រាក​ព្យាបាលក្នុង​មន្ទីរពេទ្យ​ដោយ​មាន​ស្ថានភាព​របួស​ធ្ងន់ធ្ងរ។

បន្ទាប់​ពី​បាញ់​ជីដូន​របស់​ខ្លួន​មក ជន​នោះ​ក៏​បាន​បង្ហោះ​សារ​ទៀត​ថា៖ «ខ្ញុំបាន​បាញ់​ជីដូនរបស់​ខ្ញុំ​រួចហើយ»។

ក្នុង​សារ​បង្ហោះ​ទី៣​របស់​ខ្លួន ជន​ល្មើស​ដែល​មាន​ឈ្មោះ Ramos រូប​នេះ​បាន​ព្រមាន​ទៀត​ថា៖ «ខ្ញុំ​នឹង​ទៅ​បាញ់​ប្រហារ​នៅ​សាលាបឋមសិក្សា​មួយ»។ នេះ​បើ​តាម​ការ​លើក​ឡើង​វិញ​របស់​អភិបាល​រដ្ឋ Texas លោក Abbott។

លោក Andy Stone អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Facebook បាន​បញ្ជាក់​ថា ជន​ដៃ​ដល់​រូប​នេះបាន​បញ្ជូន​សារទាំង​នេះទៅ​ឱ្យមនុស្ស​ម្នាក់។

អភិបាល​រដ្ឋ Texas ក៏​បាន​និយាយ​ផង​ដែរ​ថា មនុស្ស​១៧​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅក្នុង​ការ​បាញ់​ប្រហារ​នៅ​ក្នុង​សាលារៀន​នោះ ក៏ប៉ុន្តែ​ពួក​គេ​មិន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ឡើយ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP និង Reuters។

XS
SM
MD
LG