គណៈកម្មាធិការពិសេសមួយរបស់ព្រឹទ្ធសភាប្រេស៊ីល បានផ្តល់អនុសាសន៍ជាផ្លូវការថា ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro គួរប្រឈមការចោទប្រកាន់ព្រហ្មទណ្ឌទៅលើចំណាត់ការរបស់លោកអំពីការរាតត្បាតនៃកូវីដ១៩ ដែលបានសម្លាប់ប្រជាជនប្រេស៊ីលជាង៦សែននាក់ គឺច្រើនបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។
គណៈកម្មាធិការនេះ បានបោះឆ្នោតដោយមានសំឡេងគាំទ្រ៧ ទល់នឹង៤ កាលពីថ្ងៃអង្គារ អនុម័តរបាយការណ៍កម្រាស់១,២០០ទំព័រចងក្រងដោយសមាជិកព្រឹទ្ធសភាប្រេស៊ីលលោក Renan Calheiros ដែលបានចោទថា លោកប្រធានាធិបតី Bolsonaro បានធ្វើសកម្មភាព ដូចជាការជំរុញឲ្យមានការប្រើប្រាស់ឱសថ hydroxychloroquineដែលមិនមានការសាកល្បងត្រឹមត្រូវសូម្បីបន្ទាប់ពីថ្នាំនេះ ត្រូវបានបង្ហាញថា មិនមានប្រសិទ្ធភាពព្យាបាលជំងឺកូវីដ១៩ក៏ដោយ ហើយលោក បានពន្យារពេលទិញវ៉ាក់សាំងកូវីដ១៩ ជាដើម។
របាយការណ៍នោះលើកឡើងថា លោក Bolsonaro ជឿថា ការអនុញ្ញាតឲ្យវីរុសកូវីដ១៩ឆ្លងទូទាំងប្រទេសប្រេស៊ីល នឹងនាំឱ្យមានភាពស៊ាំជាទូទៅ ហើយនៅពេលដែលពលរដ្ឋជាច្រើនមានភាពស៊ាំក្នុងខ្លួនគ្រប់គ្រាន់តាមរយៈនៃការឆ្លងកន្លងមក វានឹងបញ្ឈប់ការឆ្លងជាយថាហេតុ។
របាយការណ៍នោះ ក៏បានថ្កោលទោសប្រធានាធិបតីប្រេស៊ីលរូបនេះ ដែលបានអះអាងដោយខុសឆ្គងក្នុងការផ្សាយតាមបណ្តាញសង្គមកាលពីសប្តាហ៍មុន ដែលថា ពលរដ្ឋក្នុងចក្រភពអង់គ្លេស ដែលបានចាក់វ៉ាក់សាំងកូវីដ១៩គ្រប់ដូសហើយនោះ មានជំងឺអេដស៍លឿនជាងការរំពឹងទុក។
របាយការណ៍នេះត្រូវបានធ្វើឡើង ក្រោយការស៊ើបអង្កេតរយៈពេល៦ខែអំពីចំណាត់ការរបស់លោក Bolsonaro ទាក់ទងការរាតត្បាតជំងឺកូវីដ១៩ និងបានអំពាវនាវឲ្យរដ្ឋអាជ្ញារចោទប្រកាន់ប្រធានាធិបតីរូបនេះនូវបទឧក្រិដ្ឋចំនួន៩ករណី ដែលរួមមាន ការបោកប្រាស់ការញុះញង់បទឧក្រិដ្ឋ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអាចនាំឱ្យមានការប្តឹងប្រឆាំងរូបលោកដោយតុលាការព្រហ្មទណ្ឌអន្តរជាតិផងដែរ។ របាយការណ៍នេះ ក៏បានអំពាវនាវឲ្យចោទប្រកាន់ក្រុមហ៊ុនចំនួន២ និងបុគ្គលចំនួន៧៧នាក់ផ្សេងទៀត ដែលក្នុងនោះរួមមានអតីតមន្ត្រី និងមន្ត្រីក្នុងរដ្ឋាភិបាលបច្ចុប្បន្ន និងសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរូបនេះ និង៣នាក់ក្នុងចំណោមកូនប្រុសរបស់លោកដែលម្នាក់ជាសមាជិកព្រឹទ្ធសភាប្រេស៊ីលផងដែរ។
លោកប្រធានាធិបតី Bolsonaro បានបដិសេធការស៊ើបអង្កេតនេះ ដោយហៅថា វាជារឿងកំប្លែងបណ្តាលមកពីនយោបាយ៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press, Reuters និង Agence France-Presse។