ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្សជិត៥០លាននាក់នៅទូទាំងសាកលលោក បានឆ្លងជំងឺកូវីដ១៩


បុគ្គលិក​សុខាភិបាល ផ្លាស់ទី​អ្នកជំងឺ​កូវីដ១៩ ទៅកាន់​មន្ទីរពេទ្យ​Motol នៅក្នុង​ទីក្រុង​Prague នៃ​សាធារណរដ្ឋឆែក កាលពី​ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។
បុគ្គលិក​សុខាភិបាល ផ្លាស់ទី​អ្នកជំងឺ​កូវីដ១៩ ទៅកាន់​មន្ទីរពេទ្យ​Motol នៅក្នុង​ទីក្រុង​Prague នៃ​សាធារណរដ្ឋឆែក កាលពី​ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅ​ជុំវិញ​ពិភពលោក​ ករណី​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ កំពុង​កើន​ឡើង​ដ៏​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​ជាច្រើន​ហើយ​នៅ​ទូទាំង​សាកលលោក​ បាន​ឆ្លង​ដល់​មនុស្ស​ជិត​៥០​លាន​នាក់ គិត​ត្រឹម​ថ្ងៃ​សៅរ៍។ នេះ​បើតាមតួលេខ​ពី​សាកល​វិទ្យាល័យ​ Johns Hopkins។

ក្រសួង​សុខាភិបាល​ឥណ្ឌា បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ខ្លួន​បាន​កត់​ត្រា​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ជាង​៥ម៉ឺន​ករណី​ និង​មនុស្ស​ស្លាប់​ជិត​៦០០​នាក់​ ដែល​ទាក់​ទិន​នឹង​វីរុស​កូរ៉ូណា​ក្នុង​រយៈ​ពេល​២៤ម៉ោង។

ឥណ្ឌា​មាន​ការឆ្លង​ជំងឺ​កូវីដ​១៩​ទាំងអស់​ចំនួន​ប្រមាណ៨,៤លានករណី ដែលជា​ចំនួន​តិច​ជាង​តែសហរដ្ឋ​អាមេរិកមួយ​គត់​ មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ​បំផុត​គឺ​៩,៧លាន​ករណី។

ចំណែក​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ជាប់​គ្នា​នោះវិញ ​អាជ្ញាធរ​បាន​និយាយ​ថា ពួកគេ​បាន​បិទ​សកម្មភាព​សង្គម​នៅសង្កាត់​ខ្លះ​នៃ​ទីក្រុង​សំខាន់ៗ ​ដើម្បី​ព្យាយាម​ទប់​រលក​នៃ​ការឆ្លង​វីរុស​កូរ៉ូណា។ ប្រទេស​នេះ បាន​រាយការណ៍​ថា មាន​ការឆ្លង​ថ្មី​ចំនួន​១.៣៧៦​ករណី​ និង​មនុស្ស​ស្លាប់​៣០នាក់​បណ្តាល​មក​ពី​វីរុស​កូរ៉ូណា​កាល​ពី​ថ្ងៃ​សុក្រ។

នៅ​ក្នុង​តំបន់​អឺរ៉ុប​វិញ ពួក​អាជ្ញាធរ​នៅ​ក្នុង​ចក្រភព​អង់គ្លេស ក្រិក​ និង​ប្រទេស​អ៊ីតាលី បាន​ចាប់ផ្តើម​ការ​រឹតត្បិត​ ឬ​បិទ​សកម្មភាព​ផ្នែក​ខ្លះ​នៅ​សប្តាហ៍​នេះ ខណៈដែល​ប្រទេស​ដាណឺម៉ាក បាន​ប្រកាស​ថា ខ្លួន​បាន​សម្លាប់​សត្វ​សំពោចប្រភេទ mink ជាង​១៥​លាន​ក្បាល​ ដើម្បី​ទប់​ស្កាត់​ការ​រាលដាល​នៃ​ការឆ្លងវីរុស​កូរ៉ូណា​ដែល​វិវត្តន៍​ថ្មីដែល​ទំនង​មាន​ឡើង​នៅ​ក្នុង​សត្វ​សំពោច។

ប្រទេស​បារាំង អ៊ីតាលី ​និង​រុស្ស៊ី បាន​រាយការណ៍​ពី​ការឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា​ប្រចាំ​ថ្ងៃ​ កើន​ឡើង​កាល​ពី​ថ្ងៃ​សុក្រ។​

ហើយ​ជា​ចុង​បញ្ចប់​ មាន​ព័ត៌មាន​ល្អ​ខ្លះ​មក​ពី​តំបន់​អាមេរិក​ខាងត្បូង​ដែល​ស្ថានភាព មាន​ភាព​ប្រសើរ​ឡើង​នៅក្នុង​ប្រទេស​អេក្វាទ័រ​ដែល​អត្រា​នៃ​ការឆ្លង​បាន​ធ្លាក់​ចុះ​ចំនួន​៤៤%​ មក​នៅ​ចំនួន​៨០០​ករណី​ក្នុង​មួយ​ថ្ងៃ៕

XS
SM
MD
LG