ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​បូស្ន៊ី​ប្រារព្ធ​ខួប​២០ឆ្នាំ​បន្ទាប់​ពី​ការ​សម្លាប់ដ៏​ឃោរឃៅ​មួយ


បុរស​បូស្ន៊ី​ម្នាក់​ដើរ​កាត់​ផ្នូរ​សព​ កំឡុង​ពិធី​បុណ្យ​សម្រាប់​ជន​រងគ្រោះ​១៣៦នាក់​នៅ​ក្រុង​ Srebrenica ១៥០គ.ម.​ពី​ក្រុង Sarajevo​ ប្រទេស​បូស្ន៊ី កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។
បុរស​បូស្ន៊ី​ម្នាក់​ដើរ​កាត់​ផ្នូរ​សព​ កំឡុង​ពិធី​បុណ្យ​សម្រាប់​ជន​រងគ្រោះ​១៣៦នាក់​នៅ​ក្រុង​ Srebrenica ១៥០គ.ម.​ពី​ក្រុង Sarajevo​ ប្រទេស​បូស្ន៊ី កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។

កាលពី​ថ្ងៃ​សៅរ៍​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​កន្លែង​បញ្ចុះ​សព​មួយ​នៅ​ជិត​ក្រុង​ Srebrenica នៃប្រទេសបូស្ន៊ី (Bosnia) ដើម្បី​ប្រារព្ធ​ខួប​២០ឆ្នាំ​នៃ​អំពើ​ឃោរឃៅ​ដ៏​អាក្រក់​បំផុត​ក្នុង​ទ្វីប​អឺរ៉ុប​ចាប់តាំង​ពី​សង្គ្រាម​លោក​លើកទី​ពីរ​មក។​

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​មុន​ការ​បញ្ចុះ​សពជន​រងគ្រោះ​១៣៦នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ជិត​ផ្នូរ​សព​ជន​រងគ្រោះ​ជាង​៦ពាន់នាក់​ដែល​បាន​ត្រូវ​បញ្ចុះ​រួចស្រេច​ហើយ​នៅ​ក្នុង​កន្លែង​បញ្ចុះ​សព Potocari នៅ​ខាង​ក្រៅ​ក្រុង​ Srebrenica។​

តុលាការ​អន្តរជាតិ​ពីរ​បាន​ហៅ​ការ​សម្លាប់​បុរស​ និង​កុមារា​កាន់​សាសនាអ៊ីស្លាម​៨ពាន់​នាក់​ដោយ​ក្រុម​ Serbe របស់​បូស្ន៊ី​ថា​ ជា​ការ​សម្លាប់​ប្រល័យ​ពូជសាសន៍។​ជនជាតិ​ Serbe ច្រើន​នាក់​បាន​ជំទាស់​នឹង​ពាក្យ​នេះ។

កាល​ពី​ថ្ងៃ​ទី​១១ ​ខែកក្កដា​ ឆ្នាំ១៩៩៥ ក្រុម​ទាហាន Serbe របស់​បូស្ន៊ី​បាន​វាយ​យក​បាន​ក្រុង Srebrenica ដែល​ត្រូវ​បាន​ការពារ​ដោយ​ក្រុម​ទាហាន​ហូឡង់​នៃ​ក្រុម​យោធា​អ.ស.ប.​ ហើយ​បាន​ធ្វើ​ការ​សម្លាប់​រង្គាល។​ ពួក Serbe បាន​កប់​សាកសព​ជន​រងគ្រោះ​នៅ​ក្នុង​ផ្នូរ​សព​ រួម​មាន​សាកសព​ច្រើន​នៅ​ជុំវិញ​ក្រុង Srebrenica នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​លាក់បាំង​ទំហំ​នៃ​ឧក្រិដ្ឋកម្ម​របស់​ពួកគេ។

លោក​អតីត​ប្រធានាធិបតី​ស.រ.អា. Bill Clinton និង​ឥស្សរជន​ពិភពលោក​ឯ​ទៀតៗ​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ ហើយ​បាន​ដាក់​ផ្កា​នៅ​ឯ​កន្លែង​អនុស្សាវរីយ៍​នោះ​ផង​ដែរ។

លោក​នាយក​រដ្ឋ​មន្ត្រី​ Alexander Vucic នៃ​ប្រទេស Serbia បាន​ចូល​ទៅ​ក្នុង​កន្លែង​បញ្ចុះ​សព​នោះ​ដើម្បី​ដាក់​ផ្កា​ ក៏​ប៉ុន្តែ​មនុស្ស​រាប់ពាន់​នាក់​បាន​ស្រែក​ហ៊ូរ ​និង​បាន​ហួច​សម្តែង​ការ​មិន​ពេញ​ចិត្ត​នឹង​លោក។​ មនុស្ស​ខ្លះ​ទៀត​បាន​គ្រវែង​វត្ថុ​រឹង​ដាក់​លោក។ ​លោក Vicic និង​ឆ្មាំ​របស់​លោក​ត្រូវ​បង្ខំ​ឱ្យ​ចាកចេញ​ពី​ទីនោះ។

រដ្ឋបាល Clinton បាន​រៀបចំ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ក្រុង​ Dayton ដែល​បាន​បញ្ចប់​សង្គ្រាម​នោះ​ទាំង​ស្រុង​ដែល​បាន​កើត​មាន​ឡើង​ពី​ឆ្នាំ១៩៩២​ដល់​ឆ្នាំ១៩៩៥​បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ​១សែន​នាក់​បាត់បង់​ជីវិត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG