ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន HAGL វៀតណាម​​រងការ​ចោទ​​ថា មិន​ប្រគល់​ដី​ដល់​ជនជាតិ​ដើម​ភាគតិច​នៅ​រតនគីរី


រូបឯកសារ៖ ដី​វាល​ ក្រោយ​ត្រូវ​បានកាប់​ឆ្ការសម្រាប់​ដាំ​ដំណាំ​ នៅ​ស្រុកអណ្តូងមាស ក្នុង​ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)​​

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​ក្រុម​អង្គការសង្គម​ស៊ីវិល​កំពុង​សើរើ​ឡើងវិញ​នូវ​ការ​រំលោភ​បំពាន​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច​នៅភូមិ​ភាគ​ឦសាន ​ខេត្តរតនគីរី ដើម្បី​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​វៀតណាម​មួយឈ្មោះ​ ហ័ងអាញ់យ៉ាឡាយ​ និង​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ដីធ្លី ដែល​ក្រុមហ៊ុន​នេះ​ រងការ​ចោទ​ប្រកាន់​ថា​ មិន​គោរព​សន្យា​ប្រគល់​ដីជូន​សហគមន៍​វិញ។

បើ​តាម​ការ​ជូនដំណឹង​រួមគ្នា​បាន​ឲ្យដឹង​ថា​ ក្រុម​ពលរដ្ឋ​ចំនួន​ ១២​ភូមិ​ នៅក្នុង​ខេត្ត​រតនគីរី ​បាន​ទន្ទឹង​រង់ចាំ​តាំង​ពីឆ្នាំ​ ២០១៥​ មក​ក្រោយ​មានការ​សន្យា​ពីក្រុមហ៊ុន​ចំការ​កៅស៊ូ​វៀតណាម ​Hoang Anh Gia Lai ​(HAGL)​ ថា​ ត្រូវប្រគល់​ដីជំនឿ​ដ៏ពិសិដ្ឋ​ ឬជា​តំបន់​គោរព​បូជា​តាម​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​ចំនួន​ ៦៥ទីតាំង ​ស្មើនឹង ​៧៤២ ​ហិកតា ​ដែលគេ​ចាត់​ទុកថា​ ជាការ​ដាក់​បញ្ចូល​មិនត្រឹមត្រូវ​ទៅក្នុង​ដីសម្បាទាន​កសិកម្ម​របស់​ក្រុមហ៊ុន ​ហើយ​ធ្វើឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ជីវភាព ការ​គោរព​ប្រតិបត្តិ​សាសនា ​និង​ដំណើរការ​កសិកម្ម​របស់​ពួកគេ។

លោក ​រ៉ូម៉ាម ចឺយ​ តំណាង​សហគមន៍​មួយរូប​នៃ​ជនជាតិ​ដើម​ភាគតិច​បានថ្លែងប្រាប់​ VOA ​តាម​ទូរស័ព្ទ​មកថា​ ក្រុម​ជនជាតិ​ដើម​ភាគតិច​ គឺ​ពឹង​ផ្អែក​លើ​ដី​ព្រៃ​សម្រាប់​កសិកម្ម​គាំទ្រ​ជីវភាព​ និង​ការ​ប្រតិបត្តិ​តាម​ប្រពៃណី​តាំង​ពីដូនតា ​តែមក​ពេលនេះ​ក្រុមហ៊ុន​និង​ក្រសួង​រដ្ឋាភិបាល​ មិនបាន​ដោះស្រាយ​ជូន​ពលរដ្ឋ​ទេ​ តែថែម​ទាំង​មក​ឈូស​ឆាយ​បន្ថែម​ទៀត ដែល​រឿងនេះ​ជា​រឿង​ធ្វើឲ្យ​មាន​ការ​តវ៉ា​សុំឲ្យ​មាន​ដំណោះ​ស្រាយ។

«ប៉ុន្តែ​គាត់​និយាយ​តែមាត់។ ​តាមពិត​ក្រុមហ៊ុន​នេះ​ គេ​ថា​យ៉ាងម៉េច​ អត់​ដោះស្រាយ​ឲ្យ​សហគមន៍​វិញ​ទេ​ អីចឹង​ទៅណា ​ទី១។​ ទី២​ ទៀត​ដីហ្នឹង​កាល​ឆ្នាំ​ ២០១៨​ ​គេវាស់​វែង​ហើយ។​ គេចុច ​GPS ជុំវិញ​ដីហ្នឹង​ គឺដី​ភ្នំអារក្ស ​ហើយ​ដី​កប់សព​ ច្រប់ ​ហើយ​ក្រុមហ៊ុន​សន្យា​ថា​ ដីហ្នឹង​គេជូន​មកវិញ​ តែ​ឥឡូវ​ហ្នឹង​គេ​ឈូស​ឆាយ​ឡើង​វិញ ​ហើយនឹង​គេ​ឈូស​បន្ត​ទៀត​»។

លោក​ថា ​ចាប់តាំង​ពី​ក្រុមហ៊ុន​ បាន​ទទួល​ដីសម្បាទាន​ពីរដ្ឋាភិបាល​ដើម្បី​វិនិយោគ​កសិកម្ម​មក ការ​ចាប់​ផ្តើម​ឈូស​ឆាយ​ដី​ព្រៃ​ពិសិដ្ឋ​នានា​របស់​ជនជាតិ​ដើម​ភាគតិច​ តាំងពីមុន​ និង​ការ​ឈូសឆាយ​ថ្មីៗ​នេះ​ទៀត​ បានធ្វើ​ឲ្យមាន​ការរស់​នៅ​មិន​បាន​សុខ​ ដោយសារ​គ្មាន​កន្លែង​គោរព​បូជា​ ដែល​ជនជាតិ​ដើម​ភាគតិច​ប្រតិបត្តិ​ ដូច​ដែល​ពលរដ្ឋខ្មែរ​ទូទៅ​យក​វត្តអារាម​ដើម្បី​ប្រតិបត្តិ​ផងដែរ។ ក្រៅពី​នេះ លោកថា ការ​ឈូសឆាយ​នេះ​ក៏​បង្ក​គ្រោះថ្នាក់​ដល់​អ្នកភូមិខ្លះ​ ដោយសារ​ការខឹង​សម្បា​ពី​អរក្សភ្នំ​ និង​កន្លែងសក្តិសិទ្ធ​របស់​ពួក​គាត់។

«តាំងពី​ក្រុម​ហ៊ុន ​ឈូស​ឆាយ​ តាំងពីឆ្នាំ​ ២០១១​ ក្រោយពី​ហ្នុង​ពីរឆ្នាំ​ ក៏មាន​គ្រោះថ្នាក់​នៅក្នុង​ភូមិនេះ​ពីរ​នាក់​ មាន​ការ​ឈឺ ​ស្លាប់​តៃ​ហោង​ គ្រូ​គេ​ទាយ​មកថា​ គ្រូ​និយាយ​ថា អារក្ស​ អ្នកតា​ក្នុង​ភូមិហ្នឹង​ខឹង​ គេ​ឈូស​ឆាយ​ភ្នំ​អារក្ស»។

តំណាង​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​មួយ​រូប​ទៀត​ លោក ​សៅ សឿន ​បាន​ថ្លែងថា​ ការ​តវ៉ា​នៅតែ​ធ្វើបន្ត​ទៀត​ដើម្បី​ឲ្យមាន​ការ​ដោះស្រាយ ​ទោះជា​ក្រុមហ៊ុន​មិន​គោរព​កិច្ចសន្យា​ និង​អាជ្ញាធរ​រដ្ឋាភិបាល​មិនទាន់​បាន​ផ្តល់​ចម្លើយ​តាម​បណ្តឹង​របស់​ជនជាតិ​ដើមភាគ​តិចក្តី។

«តាំង​ពី​ថ្ងៃ​ទី២២​ ខែមីនា ​សហគមន៍​បាន​ដាក់​ពាក្យប្តឹង​ទៅខាង​ក្រសួង​កសិកម្ម ​ខាង​ក្រសួងកសិកម្ម​អត់​ទាន់​ឆ្លើយ​តប​ដល់​ហគមន៍​ឲ្យ​បាន​ដឹង​ឮ​ទេ»។

លោក​ថ្លែងថា​ តាំងពី​ដូនតា​មក​ជនជាតិ​ដើមភាគ​តិច​រស់នៅ​ពឹងផ្អែក​លើ​ព្រៃ​ធម្មជាតិ ​ដោយ​គ្មាន​ទម្លាប់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ ​ហើយនឹង​មាន​ជំនាញ​អ្វីដើម្បី​ប្រកប​មុខ​របរ​ចញ្ចឹម​ជីវភាព​ទេ ​បើពុំ​ដូច្នោះ​ទេ​នឹង​មាន​ការឈឺ​ស្កាត់​ មិន​អាច​មកវិញ​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​បាន​ទេ។

«ដោយ​សារ​ហេតុអី​ជនជាតិ​ដើម​ភាគ​តិច​យើងខ្ញុំ​អត់​ចេះ​ធ្វើ​កម្មករ​ក្រៅ​ប្រទេស​ អត់ចេះ​ធ្វើ​កម្មករ​ក្រៅ​ខេត្ត​ទេ​ មិន​មាន​ទម្លាប់​ទេ ​បើធ្វើ​កម្មករ​១ថ្ងៃ​ ២ថ្ងៃ​បាន​ រាប់ខែ​អត់បាន​ទេ ​អត់​ទម្លាប់​ទេ»។

VOA​ មិន​អាច​សុំ​ការ​ទាក់ទង​បាន​ជាមួយ​ក្រុមហ៊ុន ​ហ័ងអាញ់យ៉ាឡាយ ​របស់​វៀតណាម​ដើម្បី​បំភ្លឺ​ពី​ការ​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​នេះ​បានទេ​ ដោយ​គ្មាន​ការឆ្លើយ​តប​មកវិញ​ តាម​ប្រព័ន្ធសារ​អេឡិចត្រូនិច ​អ៊ីមែល​នៅឡើយ​ទេ​ ក្នុងពេល​បញ្ហា​រាតត្បាត​ជំងឺ​កូវីដ១៩ ​កំពុង​រាំងស្ទះ​ដល់​ការងារ ​និង​ជំនួញ ​ហើយប៉ះពាល់​ដល់​សេដ្ឋកិច្ច​តំបន់ ​និង​ពិភពលោក​យ៉ាង​ធ្ងន់ធ្ងរ​នេះ។​

ផ្លាកសម្គាល់របស់ក្រុមហ៊ុន Hoang Anh Gia Lai របស់វៀតណាម។
ផ្លាកសម្គាល់របស់ក្រុមហ៊ុន Hoang Anh Gia Lai របស់វៀតណាម។

តែនៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ហ័ងអាញ់យ៉ាឡាយ​នេះ​ គេឃើញ​ថា ក្រុមហ៊ុន​បាន​ផ្តល់​ជំនួយ​ជា​សម្ភារៈ​ដល់​ក្រសួង​កសិកម្មនិង​រុក្ខា​ប្រម៉ាញ់​កម្ពុជា​ ដែល​សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​ ៥ ម៉ឺនដុល្លារ។ ​សម្ភារៈ​ទាំង​នោះ​មានដូចជា​ម៉ាស់ ​ស្រោមដៃ ​និង​ជែល​លាងដៃ​ផងដែរ ដែលជាផ្នែក​មួយ​នៃ​ជំនួយ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ។​ បន្ថែម​ពីនេះ​ ក្រុមហ៊ុន​បាន​ផ្តល់​ជំនួយ​ដល់​អាជ្ញាធរ​កម្ពុជា​នូវ​សម្ភារៈ ​បរិក្ខារ​ផ្សេងៗ ​សរុប​ជា​ទឹកប្រាក់​ចំនួន​ ៣ ​ម៉ឺនដុល្លារ​ ដើម្បី​ទប់​ស្កាត់​ជំងឺកូវីដ​១៩​ផងដែរ។

​សេចក្តី​ថ្លែងការណ៍​រួម​រវាង​អង្គការជាតិ​និង​អន្តរជាតិ​ ហើយនិង​សហគមន៍​ដែល ​VOA ទទួល​បាន​នៅថ្ងៃនេះ ​បាន​ឲ្យ​ដឹងថា ​នៅពេល​ដែល​មាន​ការ​រង់ចាំ​ការ​សម្រេច​ជា​ផ្លូវការ​ពី​ក្រសួង​កសិកម្ម​ក្នុងពេល​ដែល​មាន​ការ​ពន្យារ​ពេល​ដោយ​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ​ ក្រុមហ៊ុន​បាន​ឈូសឆាយ​ភ្នំអារក្ស ចំនួន​២ កន្លែង ​តំបន់​ដីសើម ​តំបន់​បាញ់​សត្វ​តាម​បែប​ប្រពៃណី ​និង​ដីកប់សព​ ដែល​ក្រុមសហគមន៍​និង​អង្គការ​តស៊ូមតិ​ចាត់ទុក​ថា ជា​ការ​បំផ្លាញ​ដីព្រៃ ​និង​កន្លែង​ដី​ដែល​មាន​តម្លៃ​ខាង​ជំនឿ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ជនជាតិ​ដើម​ភាគតិច។

លោក ​ដេវីដ ប្រែដ ​នាយក​ប្រតិបត្តិ​នៃអង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​ ដែល​មាន​ការ​ចូលរួម​ បាន​បង្ហាញពី​ការ​ជំទាស់​នឹង​សកម្មភាពចុង​ក្រោយ​របស់​ក្រុមហ៊ុន ​ហើយ​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើមថា៖

«ការ​បំផ្លាញ​ទីកន្លែង​សក្តិសិទ្ធ​ទាំងនេះ​ដោយ​ក្រុមហ៊ុន ​ហ័ងអាញ់យ៉ាឡាយ ​គឺជា​រឿង​គួរឲ្យ​សោកស្តាយ ​ហើយ​ការពិត​ដែល​ថា​ក្រុមហ៊ុន​នេះ ​បាន​យក​ឱកាស​នៃ​ការ​រាតត្បាត​ជំងឺ​ទូទាំង​ពិភពលោក​ មកបិទ​បាំង ដើម្បី​ឈូសឆាយ​ដី​ជនជាតិ​ដើម​ភាគតិច​ដោយ​ខុសច្បាប់​ថែមទៀត​នេះ គឺជា​រឿង​អាក្រក់​គួរ​ឲ្យ​ភ្ញាក់​ផ្អើល»។

លោក ​អៀង វុទ្ធី ​នាយក​អង្គការ​សមធម៌​កម្ពុជា ​បាន​ទទូច​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​ ជាពិសេស​ក្រសួង​កសិកម្ម ​និង​ដោះស្រាយ ​វាស់វែងដី ​កំណត់​ព្រំប្រទល់ ​ហើយ​បញ្ចប់​បញ្ហា​នេះ​កុំឲ្យ​បន្ត​កើត​មាន​តទៅ​មុខ។

«តែ​យើង​សង្ឃឹមថា​ រដ្ឋាភិបាល​ ជាពិសេស​ក្រសួង​កសិកម្ម​ នឹង​ធ្វើការ​ពន្លឿន​នីតិវិធី​ដើម្បី​ធ្វើ​យ៉ាងណា​កាត់ដី​ដែលយើង​បាន​ឯកភាពគ្នា​ ជាពិសេស​ដីដែល​ពាក់ព័ន្ធ​ទៅ​នឹងក្រុមហ៊ុន​ហ័ងអាញ់យ៉ាឡាយ​ ហើយនិង​ភូមិមួយ​ចំនួន​»។

កាល​ពីឆ្នាំ​កន្លង​ទៅ ក្រោម​ការដោះ​ស្រាយ​និង​សម្រប​សម្រួល​ដោយ​ទីប្រឹក្សា​អនុលោមភាព​ជា​ផ្នែកមួយ​របស់​ធនាគារ​ពិភពលោក ​ហៅកាត់​ថា ​CAO​ ដែល​ជា​ស្ថាប័ន​ឯករាជ្យ ​ក្រុមហ៊ុន​បាន​សម្រេច​និង​សន្យា​ថា ​ប្រគល់ដី​ជូនដល់​សហគមន៍​វិញ ​ហើយ​បាន​ព្រមព្រៀង​វាស់វែង​ កំណត់​ព្រំប្រទល់​ដី​ជា​ផ្លូវការ។ ​ការ​តស៊ូមតិ​ឈាន​ដល់​កិច្ច​សន្យា​នេះ កើត​ឡើង​តាំង​ពីឆ្នាំ​ ២០១៤ ​ម្ល៉េះ ​ជាមួយ​នឹង​ការដាក់​ពាក្យ​ប្តឹង​ពី​សហគមន៍​ និង​ការ​តស៊ូមតិ​ពី​អង្គការ​ជាតិ​និង​អន្តរជាតិ​ខ្លះ។​

នៅពេល​សួរ​សំណួរ​អំពី​ដំណោះ​ស្រាយ​ដីធ្លី​ទៅមុខរបស់​ក្រុមហ៊ុន​ហ័ងអាញ់យ៉ាឡាយ​នៃប្រទេស​ វៀតណាម​ ដែល​បាន​រង​ការចោទ​ប្រកាន់​ថា​ បាន​ដកថយ​ចេញ​ពីកិច្ច​ព្រមព្រៀង​ប្រគល់​ដី​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នេះ​ មន្ត្រី​នាំពាក្យ​អង្គការ ​CAO ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បានថ្លែង​ប្រាប់ ​VOA ​តាម​សារ​អេឡិច​ត្រូនិច​អ៊ីម៉េល​អំពី​ប្រវត្តិនៃ​ការ​ស្វែងរក​ដំណោះស្រាយ​ និង​ការ​ចូលរួម​ដោះស្រាយ​កាល​ពី​ប៉ុន្មាន​ឆ្នាំមុន ​តែ​បដិសេធ​ធ្វើ​អត្ថាធីប្បាយ​ទៅលើ​រឿង​បញ្ហា​ទំនាស់​ដីធ្លី​នេះ។

«ដំណើរការ​រក​ដំណោះ​ស្រាយ​វិវាទ​នេះ​កំពុងបន្ត​ ហើយ​បញ្ហា​លម្អិត​ជាក់លាក់​ គឺជា​រឿង​សម្ងាត់​រវាង​ភាគី​ពាក់ព័ន្ធ​នានា។​ ក្នុង​តួនាទី​ CAO​ ជាស្ថាប័ន​ឯករាជ្យ ​និង​អព្យាក្រិត ​យើង​មិន​អាច​ផ្តល់​អត្ថាធិប្បាយ​លើ​បញ្ហា​សំខាន់ៗ​នៃ​កិច្ចបន្ត​ចរចា​បាន​ទេ ​ក្រៅពី​អ្វីដែល​ជា​របាយការណ៍​សាធារណ:​ផ្សព្វ​ផ្សាយ​លើ​គេហទំព័រ ​អង្គការ ​CAO»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG