ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ៖ ការវាយប្រហារ​គ្រាប់​បែកនៅ​ថៃ​អាច​ជាការដាស់​តឿន​សម្រាប់​កម្ពុជា

  • ម៉ែន គឹមសេង

ស្រ្តី​ម្នាក់​ដាក់​ផ្កា​នៅ​ទីសក្ការៈ​ Erawan ទី​ដែល​មាន​ការ​បំផ្ទុះ​គ្រាប់បែក​កាល​ពី​ខែ​សីហា នៅ​កណ្តាល​ទីក្រុង​បាងកក។

ការវាយ​ប្រហារ​ដោយ​គ្រាប់​បែក​នៅ​ប្រទេ​ស​ថៃ​កាលពី​ពាក់កណ្តាល​ខែសីហា​ អាច​ជា​ការដាស់​តឿន​មួយ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ការ​ប្រយ័ត្ន​ប្រយែងនិង​​ថ្លឹង​ថ្លែង​រវាង​ការពង្រឹងយន្តការ​សន្តិសុខ គោល​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​។

ការវាយ​ប្រហារ​ដោយ​គ្រាប់​បែក​នៅ​ប្រទេ​ស​ថៃ​កាលពី​ពាក់កណ្តាល​ខែសីហា​ អាច​ជា​ការដាស់​តឿន​មួយ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ការ​ប្រយ័ត្ន​ប្រយែងនិងថ្លឹង​ថ្លែង​រវាង​ការពង្រឹងយន្តការ​សន្តិសុខ គោល​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​គោល​នយោបាយ។

លោក​អ៊ូ វីរៈប្រធាន​វេទិការ​អនាគត​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវគោលនយោបាយ​ក្នុង​តំបន់​បាន​ផ្តល់​ការ​វិភាគ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ប្រចាំ​ខែថា​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២០នាក់​និង​របួស​ជាង​១២០នាក់​អាច​ជាប់​ទាក់ទងនឹង​ក្រុម​មាន​សមានចិត្ត​នឹង​ជនភៀសខ្លួន​វីហ្គ័រ​ជាង​១០០នាក់​ដែល​ថៃ​បាន​បញ្ជូន​ទៅចិន​វិញ​កាលពី ខែ​កក្កដា។

លោក​អ៊ូ វីរៈ បាន​បន្ថែម​ថា​បើ​ដូច្នេះ​មែន​កម្ពុជា​ក៏​ត្រូវ​មានការ​ប្រយ័ត្ន​ប្រយែង​ផងដែរ​ព្រោះ​កម្ពុជា​ក៏ ធ្លាប់​បញ្ជូន​ជនជាតិ​វីហ្គ័រទៅចិន​វិញ​ជាថ្នូរ​នឹង​កញ្ចប់​ជំនួយ​អភិវឌ្ឍន៍​របស់​ចិនដែរ។​

ការភ្ជាប់​ទំនាក់​ទំនង​ជាច្រើន​បន្ទាប់​ពី​ការផ្ទុះ​គ្រាប់​បែក​នៅ​ប្រទេស​ថៃកាលពីខែ​សីហា​បាន​ចង្អុល​បង្ហាញ​ថា​វា​គឺ​ជា​សកម្ម​ភាព​របស់​ក្រុម​អន្តរជាតិ​ជាជាង​ការខិតខំ​និយាយ​បន្ធូរ ស្ថានការណ៍ដោយរដ្ឋាភិបាល​ថៃថា​ជារឿង​គំនុំឬនយោបាយ​ក្នុង​ស្រុក។

លោក​អ៊ូ វីរៈ បាន​បញ្ជាក់ថា៖​«ព្រោះអ្វី បើ​តាម​ទ្រឹស្តីនៃ​មតិ​អន្តរជាតិ​ហើយ​បញ្ហា​ការ​បន្ទុះ​គ្រាប់​បែក​នៅ ទីក្រុង​បាងកក​នេះ​ទាក់​ទង​ទៅ នឹង​ការ​បញ្ជូន​ជនជាតិ​វីហ្គ័រ ជា​ជន​ជាតិ​ភាគតិច​នៅ​ក្នុង​តំបន់​ខាង​លិច​ប្រទេស​ចិន​មែន គឺ​វា​មាន​ពាក់​ព័ន្ធ​នឹង​ប្រទេស​កម្ពុជា‍»។

​លោក​បាន​បន្ថែម​ទៀតថា៖ «ព្រោះអ្វី​ប្រទេស​កម្ពុជា​ធ្លាប់​បាន​បញ្ជូន​ជនជាតិ​វីហ្គ័រ​ដែល​បាន​ព្យាយាម​គេច​ពីប្រទេស​ចិន​មក​ កាលនោះ ឆ្លង​កាត់​ទេ​ហើយ​ក្នុង​ករណី​ដែល​ឆ្លង​កាត់​ហ្នឹង​ប្រទេស​កម្ពុជា​បាន​ចាប់​ខ្លួន​ ហើយ​ឃុំខ្លួន។ កាលនោះ​បើទោះបី​ជា​មាន​ការ​សន្យា​ថា​នឹង​ការ​ពារ​ពួកគាត់​ក៏ដោយ​ក៏ក្រោយ​មក​ក៏បាន​បញ្ជូនពួកគាត់​ទៅ ប្រទេស​ចិន​វិញ‍»។

កាលពី​ចុងឆ្នាំ​២០០៩​ ប្រទេស​កម្ពុជា​បាន​បញ្ជូន​អ្នក​ស្វែងរក​សិទ្ធិជ្រកកោន​ ជនជាតិ​វីហ្គ័រ​ចំនួន​២០​នាក់​ទៅ​ប្រទេស​ចិន​វិញ​បើ​ទោះបី​ជាមាន​ការ​ថ្កោលទោស​ពី​អង្គការ​សហប្រជាជាតិ​និង​សហរដ្ឋ​អាមេរិក​ក៏ដោយ។

លោក​អ៊ូ វីរៈ បន្ថែម​ថា៖ «ដោយសារ​អញ្ចឹង​ហើយ​យើង​ក៏មាន​ពាក់​ព័ន្ធ​ដែរ​ហើយ​យើង​ក៏មាន​ការ​ព្រួយ​បារម្ភ​ដែរ​‍»។​

ថៃ​បាន​បញ្ជូន​ជន​ជាតិ​វីហ្គ័រ​ជាង​១០០​នាក់​ត្រឡប់​ទៅ ប្រទេស​ចិន​កាលពី ខែ​កក្កដា​ បើ​ទោះបី​ជាមានការ​ជំទាស់​ពី​ ប្រទេស​តួកគី។​
យ៉ាងណាក៏ដោយ​លោក​អ៊ូ វីរៈ សម្តែង​ការព្រួយ​បារម្ភ​ថា​រដ្ឋាភិបាល​ក្នុង​តំបន់​អាច​យក​លេស​ពី​ព្រឹត្តិការណ៍​មាន​លក្ខណៈ​ជា​អន្តរជាតិ​នេះ​មក​បម្រើ​នយោបាយ​ផ្ទៃក្នុង​ប្រទេស​ដែល​នាំ​ឱ្យ​ប៉ះពាល់ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ មាន​ការ​ចេញច្បាប់ឬ​វិធានការបន្ថែម​ដែល​អាច​នឹង​ឈាន​ទៅ​ដល់​ការ​រឹតត្បិត​សេរីភាព​ពលរដ្ឋ​។

«រឿងបន្ទុះ​គ្រាប់​បែក​នៅ បាងកកនេះ​ក៏អាច​ជាលេស​មួយ​របស់​រដ្ឋាភិបា​លចិន របស់​រដ្ឋាភិបាល​ថៃ អាចទៅអនាគត​ជាលេស​មួយ​របស់​រដ្ឋាភិបាល​ខ្មែរ​ក្នុងការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​របស់​ជន​ភៀសខ្លួន​ ជនជាតិ​ដើម​ភាគតិច​មក​ពី តំបន់​ចិន​។ អាច​ជាជនជាតិ​វីហ្គ័រ​ឬមួយ​ជនជាតិ​ផ្សេង។ នេះ​ក៏ជា​ប្រធាន​បទ​មួយ​ដែលយើង​មានការ​ព្រួយ​បារម្ភ​ដែរ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស‍»​

ការព្រួយ​បារម្ភ​នេះ​ដោយ​សារ​វា​បាន​កើត​មានឡើង​រួច​ទៅហើយ​នៅ​ក្នុង​ប្រទេស​ថៃ។ នេះ​បើតាម​ការលើក​ឡើង​របស់​លោក​អ៊ូ វីរៈ៖

«បើ​សិន​ជា​យើង​មើល​ពី​សារ​របស់​ប៉ូលិស​និង​យោធា​វិញ​ពេល​ផ្ទុះហើយ​គឺ​គាត់​ចោទ​ទៅ គណបក្ស​ប្រឆាំង​ឬមួយ​គាត់​ចោទ​ទៅ​ជារឿង​នយោបាយ​ផ្ទៃក្នុង​ស្រុក​។ បានន័យ​ថា​គាត់​ព្យាយាម​ចង្អុល​ឱ្យ​មាន​ការ​មន្ទិល​សង្ស័យ​ទៅក្រុម​អាវ​ក្រហម​ច្រើន​ជាង​ប៉ុន្តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​យើង​មើល​ថា​ទាំងអស់​គ្នា​ប្រហែល​ជា​ភស្តុតាង​ចង្អុល​ទៅក្រុម​អន្តរជាតិ​ជាជាង​ក្រុម​នយោបា​យ​ផ្ទៃក្នុង​ប្រទេស​ថៃ‍»។​

លោក​ផ្តល់យោបល់​ថា​ការមាន​ប៉ូលិស ទាហាន​ និង​តុលាការ​ឯករាជ្យ​ទើប​ឈាន​ទៅ​ការ​ស៊ើបអង្កេត​ឯករាជ្យនិង​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ជំនឿចិត្ត​បាន​ហើយ​មិន​ត្រូវ​អ្នកនយោបាយ​យក​មកលាបពណ៍​សម្រាប់​នយោបាយ​ផ្ទៃក្នុង​ទេ៕

XS
SM
MD
LG