លោកប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា Goodluck Jonathan បានប្តេជ្ញាថានឹងតាមស្វែងរកភេរវករដែលបានវាយប្រហារវិហារមូស្លីមមួយដោយសម្លាប់អ្នកមកសូត្រធម៌ចំនួន៨០នាក់និងធ្វើឱ្យរបួសជាង១០០នាក់ទៀត។
លោកJonathan បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍នេះ ដោយទទូចឱ្យពលរដ្ឋនីហ្សេរីយ៉ាកុំអាលអស់សង្ឃឹមក្នុងពេលវេលាសាកល្បងមួយនៃប្រវត្តិសាស្រ្តរបស់ប្រទេសនេះ ហើយសូមឱ្យពួកគេនៅរួបរួមគ្នាដើម្បីប្រឈមមុខនឹងសត្រូវរួម។
គ្រាប់បែកជាច្រើនគ្រាប់បានផ្ទុះនិងមានការបាញ់កំាំភ្លើងដៃនៅខាងក្រៅវិហារមួយក្នុងទីក្រុង Kano ដែលមានមនុស្សកកកុញ ក្នុងពេលដែលការបួងសួងនៅថ្ងៃសុក្រទើបតែចាប់ផ្តើម។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានហៅការវាយប្រហារនេះថា គួរឱ្យរន្ធត់ ហើយបានថ្កោលទោសយ៉ាងខ្លាំងក្លា។ ក្រសួងការបរទេសនិយាយថាសហរដ្ឋអាមេរិកនឹងនៅជាមួយពលរដ្ឋនីហ្សេរីយ៉ាក្នុងការតស៊ូប្រឆាំងនឹងពួកជ្រុលនិយមហិង្សានិងការគំរាមកំហែងពីសកម្មភាពភេរវកម្ម ហើយបញ្ជាក់ពីការប្តេជ្ញាចិត្តធ្វើការជាមួយនឹងពលរដ្ឋនីហ្សេរីយ៉ាដើម្បីប្រយុទ្ធនឹងអំពើប្រល័យជីវិតមនុស្សនេះ៕