ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​បឹង​តាមោក​ត្រៀម​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​រឿង​ជេរ​ប្រមាថ​មន្ត្រី​សាធារណៈ


រូបឯកសារ៖ ពលរដ្ឋរស់នៅក្នុងសង្កាត់សំរោងត្បូងជាប់ផ្ទៃបឹងតាមោក ឈរតវ៉ាលើកបដានៅមុខផ្លូវទំនប់កប់ស្រូវនាពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
រូបឯកសារ៖ ពលរដ្ឋរស់នៅក្នុងសង្កាត់សំរោងត្បូងជាប់ផ្ទៃបឹងតាមោក ឈរតវ៉ាលើកបដានៅមុខផ្លូវទំនប់កប់ស្រូវនាពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ជាប់​ផ្ទៃ​បឹង​តាមោក ​ក្នុង​សង្កាត់​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ ​ដែល​បន្ត​សម្រេច​ឱ្យ​ពួកគេ​ចាញ់​ក្តី​ក្នុង​សំណុំ​រឿង​ «ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ» ​ដែល​ផ្តើម​ចេញ​ពី​ការ​ប្តឹង​ផ្តល់​របស់​អតីត​មន្ត្រី​ម្នាក់​នៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ។​

ពល​រដ្ឋ​ដែល​រង​បណ្តឹង​របស់​លោក​ មាស​ សម្បូរ​ នោះ​រួម​មាន​លោក ​ស៊ា សំបាត់​ លោក​ ស៊ួន សៅ ​អ្នកស្រី​ អំ ភឿន ​អ្នកស្រី ​ខុន ជោរី​ និង​អ្នកស្រី ​ខុន ជោរ៉ា។​

អ្នកស្រី ​ស៊ា ដាវី ​ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​លោក​ ស៊ា សំបាត់​ និង​លោក ​ស៊ួន សៅ ​ប្រាប់​វីអូអេ​ថា ​ការ​សម្រេច​របស់​របស់​សាលា​ឧទ្ធរណ៍ ​កាលពី​ថ្ងៃ​អង្គារ​មាន​ភាព​លម្អៀង​ទៅ​រក​អ្នក​មាន​អំណាច​ច្រើន​ជាង​ការ​កាត់​សេចក្តី​ទៅ​តាម​អង្គហេតុ​ និង​ភស្តុតាង។​

អ្នកស្រី​ថ្លែង​ថា៖ ​«[ថ្ងៃទី]​២៦​ ខែ​៤ ​សំណូម​ពរ​ឱ្យ​[សាលា​ឧទ្ធរណ៍]​ទម្លាក់​បទ​ចោទ ​ពី​ព្រោះ​អត់​បាន​ប្រឆាំង​រាជការ​សាធារណៈ​អី​ទេ​ ក៏​មិន​បាន​បង្ក​របួស​ស្នាម​ឱ្យ​អ្នក​ណា​ដែរ។ ​ប៉ុន្តែ​តុលាការ​គ្មាន​ផ្តល់​យុត្តិធម៌​ឱ្យ​ប្រជាពល​រដ្ឋ​ស្លួត​[ត្រង់]​ទេ ​មាន​តែ​កាត់ក្តី​លម្អៀង​ទៅ​អ្នក​មាន​អំណាច​ដដែល»។​

បើ​តាម​អ្នកស្រី ​ស៊ា ដាវី ​ដើម​ហេតុ​នៃ​រឿង​នេះ ​អតីត​មន្ត្រី​សាលា​ខណ្ឌ​ព្រែកព្នៅ​លោក​ មាស​ សម្បូរ ​បាន​ប្តឹង​ពល​រដ្ឋ​ទាំង​៥​នាក់​ តាំង​ពី​ថ្ងៃទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ​ ២០២១ ​ដែល​ពេល​នោះ​ពលរដ្ឋ​គ្រាន់​តែ​ទៅ​ដាក់​បង្គោល​ទប់​ស៊ង​ចិញ្ចឹម​ត្រី​ កុំ​ឱ្យ​ត្រី​ចេញ​ពី​ស៊ង ​បែរ​ជា​រង​ពាក្យ​បណ្តឹង​នោះ។​

អ្នកស្រី​បន្ថែម​ថា៖​ «ទៅ​ទល់​ស៊ង ​កុំ​ឱ្យ​វា​រលំ។​ យក​បង្គោល​ យក​អី​ទៅ​ជួស​ ហើយ​បែរ​ជាប់​បទ​ចោទ​ក្រម​ព្រហ្ម​ទណ្ឌ ​មាន​ទោស​ទណ្ឌ។ ​អា​បឹង​លុប​អស់​ កាត់​ឱ្យ​បុគ្គល​អ្នក​មាន​លុយ​ ឱ្យ​ឧកញ៉ា​អស់​ហើយ​ ​នៅ​តែ​ប្រជា​ពលរដ្ឋ​នៅ​តែ​មាន​ទោស៊​ អាហ្នឹង​ម៉េច?​ ហើយ​កន្លែង​អាស្រ័យ​ផល​របស់​ប្រជា​ពល​រដ្ឋ​ត្រូវ​គាត់​រំលោភ​អស់​ហើយ​នេះ!»​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​អតីត​មន្ត្រី​សាលា​ខណ្ឌ​ព្រែកព្នៅ ​លោក​ មាស​ សម្បូរ​ បាន​ទេ​ នៅថ្ងៃ​ពុធ​នេះ។​

កាល​ពី​ថ្ងៃ​អង្គារ​ អ្នកស្រី ​យិន សុគន្ធារី​ ព្រះ​រាជ​អាជ្ញា​នៃ​មហា​អយ្យការ​អមសាលា​ឧទ្ធរណ៍​ភ្នំពេញ​ ​បាន​ប្រកាស​សាល​ដីកា​ឱ្យពល​រដ្ឋ​រស់​នៅ​បឹង​តាមោក​ចំនួន​ ៥ ​នាក់​បន្ត​ចាញ់​ក្តី​ដោយ​ត្រូវ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ​៨ ​ខែ ​និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល ​ពី​បទ​ «ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈ» ​ដែល​ប្តឹង​ដោយ​លោក ​មាស សម្បូរ​ តាំង​ពី​ថ្ងៃ​ទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ​ ២០២១។​

ពលរដ្ឋ​មាន​រយៈ​ពេល​ប្រមាណ​ជាង​មួយខែ​ដើម្បី​ប្តឹង​ទៅ​តុលាការ​កំពូល​ មុន​ពេល​សាលា​ឧទ្ធរណ៍​សម្រេច​ជា​ស្ថាពរ​ថា​ ពួក​គេ​ត្រូវ​ដាក់​ឱ្យ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ ឬ​យ៉ាងណា​នោះ។ ​នេះ​បើ​តាម​តំណាង​ពលរដ្ឋ។​

នៅ​ក្នុង​សំណុំ​រឿង​នេះ​ ពលរដ្ឋ​ទាំង​ ៥ ​នាក់​ធ្លាប់​បាន​ដាក់​ពាក្យ​ប្តឹង​ជំទាស់​នឹង​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​ ២០​ ខែ​កក្កដា ​ឆ្នាំ​ ២០២២។ ក្នុង​ពាក្យ​បណ្តឹង​ដែល​វីអូអេ​ទទួល​បាន​ ​កន្លង​មក​ពួក​គេ​បាន​ចាត់​ទុក​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​នោះ​ថា​ ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគេ ​និង​បាន​អះអាង​ថា​ ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​

អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​លោក ​ឃុន លាងម៉េង​ ប្រាប់​វីអូអេ​ថា សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​សម្រេច​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក្នុង​សំណុំ​រឿង​របស់​ពលរដ្ឋ​បឹង​តាមោក​ទាំង​ ៥ ​នាក់​នោះ​ ដោយ​ផ្អែក​លើ​អង្គ​ហេតុ ​និង​អង្គ​ច្បាប់ ​ព្រម​ទាំង​ភស្តុតាង។

ដោយ​ឡែក​ អ្នក​តាម​ដាន ​យល់​ថា ​ករណី​នេះ​មិន​គួរ​មាន​ការ​ប្តឹង​ផ្តល់​ពលរដ្ឋ​ពី​បទ​ព្រហ្ម​ទណ្ឌ​នោះ​ទេ​ ហើយ​គួរ​តែ​មាន​ការ​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ឱ្យ​បាន​ស្មើៗ​គ្នា។​

ប្រធាន​កម្មវិធី​សិទ្ធិ​ក្នុង​ទីក្រុង​នៃ​អង្គការ​សមាគម​ធាងត្នោត ​លោក ​ស៊ាង ​មួយឡៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ ​«សិទ្ធិ​របស់​ពលរដ្ឋ​គួរ​ត្រូវ​បាន​ធានា ​និង​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់។​ អ៊ីចឹង​បើ​សិន​ជា​ផ្លូវ​ហ្នឹង​ទើប​កើត​ក្រោយ ​ដី​ប្រជា​ពលរដ្ឋ​កាន់កាប់​យូរ​ហើយ​ អ៊ីចឹង​បើ​សិន​ជា​អ្នក​ឯង​ចង់​ធ្វើ​ផ្លូវ ​ផ្លូវ​ប្រឡាយ​ទឹក​ត្រូវ​តែ​ជជែក​ដោះ​ស្រាយ​ក្នុង​រង្វង់​ឯកជន​ ត្រូវ​ទិញ​ពី​ពលរដ្ឋ​ ឬ​ក៏​ម៉េច។ ​យើង​អត់​អាច​ប្រើ​ប្រាស់​អំណាច​សាធារណៈ​ទៅ​បង្គាប់ ​បញ្ជា​លើ​ដី​ចំណែក​ឯក​ជន​របស់​គេ​ ឱ្យ​គេ​ចាក​ចេញ ​ហើយ​យក​ដី​ហ្នឹង​ទៅ​ឱ្យ​អ្នក​ផ្សេង​ទេ»។​

បើតាម​លោក ​ស៊ាង ​មួយឡៃ ​លទ្ធភាព​ដែល​ពលរដ្ឋ​អាច​អភិវឌ្ឍ​លំនៅឋាន​នៅ​ទី​កន្លែង​នោះ​បាន​គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​អាជ្ញាធរ​មូលដ្ឋាន ដោយ​មិន​ចាំបាច់​ស្នើ​សុំ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​តំបន់​នោះ​ទេ ​ព្រោះ​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​បច្ចុប្បន្ន​មាន​ចំនួន​តែ​៦៥​ខ្នង​ផ្ទះ ​និង​៨​ក្បាល​ដី ​ក្នុង​ទំហំ​ប្រមាណ​៣​ហិកតា​ប៉ុណ្ណោះ។​

លោក​បន្ថែម​ថា៖​ «តាម​ពិត​ខ្ទង់​៣​ហិកតា​សម្រាប់​ដី​ទាំង​អស់​គ្នា ​វា​អាច​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន​ហើយ។​ ហើយ​ខ្ញុំ​បញ្ជាក់​ថា​ ដី​ទាំង​អស់​ហ្នឹង​មិន​ចាំបាច់​ស្នើ​សុំ​រដ្ឋាភិបាល​កាត់​ទេ​ សំខាន់​បំផុត​គឺ​អាជ្ញាធរ​មូលដ្ឋាន ​ហើយ​អាជ្ញាធរ​ទាំង​អស់​ហ្នឹង​កុំ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​កុំ​ប្រើ​ប្រាស់​អំណាច​ឱ្យ​ប្រជា​ពល​រដ្ឋ​ចាក​ចេញ។​ ប្រជា​ពលរដ្ឋ​អាច​អភិវឌ្ឍ​នៅ​នឹង​កន្លែង​បាន​ ​ព្រោះដី ​ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង​ ដីបឹង​ដែល​កំណត់​ដោយ​អនុក្រិត្យ​ក៏​គាត់​អត់​នៅ។​ ដី​ពង្រីក​ផ្លូវ​ក៏​គាត់​អាច​ខិត​ទៅ​ក្រោយ​បាន​ មាន​ន័យ​ថា​ ចន្លោះ​ផ្លូវ​ដែល​ពង្រីក​៥០ ​ម៉ែត្រ​ហ្នឹង​ហើយ​ គាត់​នៅ​សល់​ខ្ទង់​ប្រហែល​៤០​ម៉ែត្រ​ដែរ​ ឬ​៥០​ម៉ែត្រ ​ដែល​រីករួម​ទៅ​តាម​ចុង​ដី​អ៊ីចឹង​ទៅ»។​

ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពលរដ្ឋ​ទាំង​៥​នាក់​ពី​បទ​«ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ» ​អ្នក​ការពារ​សិទ្ធិ​លំនៅឋាន​រូប​នេះ​សង្ឃឹម​ថា​ ​តុលាការ​កំពូល​នឹង​ពិចារណា​លើ​អង្គ​ហេតុ ​និង​សាវតារ​រឿង​ឱ្យ​បាន​ច្បាស់ ​និង​មិន​គួរ​សម្រេច​ឱ្យ​ពលរដ្ឋ​ជាប់​ពន្ធ​ពន្ធនាគារ​ចំពោះ​ការ​ការពារ​ដី​ផ្ទាល់​ខ្លួន​នោះ​ទេ។​

គួរ​បញ្ជាក់​ថា ​ប្រជា​ពលរដ្ឋ​រស់​នៅ​បឹង​តាមោក​តែងតែ​ប្រមូល​គ្នា​តវ៉ា ​ទាមទារ ​និង​ស្នើ​សុំ​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ ​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគេ ​ខណៈ​ពួកគេ​បារម្ភ​ខ្លាច​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ឋាន​ដោយ​បង្ខំ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG