កុមារីនៅសហគមន៍សំរោងត្បូងជាប់ផ្ទៃបឹងតាមោកម្នាក់រងរបួស និងស្រ្តីម្នាក់សន្លប់ ក្នុងអំពើហិង្សាមួយរវាងអាជ្ញាធរខណ្ឌព្រែកព្នៅ និងប្រជាពលរដ្ឋ អំឡុងមានការតវ៉ាមិនសុខចិត្តនឹងការចុះរុះរើទីតាំងដែលពួកគេកំពុងរស់នៅ។
នៅព្រឹកថ្ងៃអង្គារ អាជ្ញាធរខណ្ឌព្រែកព្នៅ និងប្រជាការពារប្រមាណជា ២០០ នាក់ បានចុះកាយប្រឡាយនៅទីតាំងដែលពលរដ្ឋរស់នៅជាប់ផ្ទៃបឹងតាមោក ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ ប្រជាពលរដ្ឋរស់នៅទីនោះប្រមាណជា ៥០ នាក់ បានដុតក្រណាត់ដើម្បីតវ៉ានឹងការកាយប្រឡាយ រហូតមានការរុញច្រានរវាងអាជ្ញាធរ និងពលរដ្ឋ ធ្វើឱ្យក្មេងស្រីម្នាក់អាយុ១៤ឆ្នាំដួលលើក្រណាត់ដែលកំពុងឆេះ បណ្តាលឱ្យរលាកស្បែក។
អ្នកស្រី យ៉ន គឹមយឿន អាយុ ៣២ ឆ្នាំ ជាពលរដ្ឋម្នាក់តវ៉ាក្នុងហេតុការណ៍នោះ ប្រាប់វីអូអេថា អ្នកស្រីចាត់ទុកថា ទង្វើរបស់អាជ្ញាធរដែលយកគ្រឿងចក្រមកកាយរុះរើនៅទីតាំងដែលពលរដ្ឋរស់នៅជារឿងអយុត្តិធម៌។
អ្នកស្រីថ្លែងដោយសំឡេងខ្លាំងៗថា៖ «អយុត្តិធម៌ណាស់ ព្រោះគាត់មិនមែនខ្មែរជួយខ្មែរទេ គឺខ្មែរសម្លាប់ខ្មែរហើយពេលនេះ។ គាត់មិនបានជួយខ្ញុំ ហើយមកសម្លាប់ខ្ញុំទៀត។ ខ្ញុំរាល់ថ្ងៃ ខ្ញុំឈឺចាប់ណាស់។ គាត់ធ្វើបាប ធ្វើទុកបុកម្នេញខ្ញុំរាល់ថ្ងៃ គ្មានថ្ងៃលស់ទេ»។
អ្នកស្រីថា កាលពីពេលកន្លងទៅ អាជ្ញាធរខណ្ឌព្រែកព្នៅបានសន្យាថានឹងជួយដោះស្រាយ ប៉ុន្តែអ្នកស្រីថា មកដល់ពេលនេះអាជ្ញាធរបែរចុះមករុះរើដល់ទីតាំងផ្ទាល់ទៅវិញ។
អ្នកស្រីថា៖ «ដើមហេតុដំបូង ខាងអាជ្ញាធរគេឱ្យអាអ៊ិច [គ្រឿងចក្រ] ចុះមកកាយក្រោយផ្ទះពួកខ្ញុំ តែខាងអាជ្ញាធរ អភិបាលខណ្ឌ លោក ធឹម សំអាន ហ្នឹងកាលពីមុន ឆ្នាំមុនហ្នឹង គាត់ប្រាប់ថា គាត់ទុកឱ្យពួកខ្ញុំប្រជាពលរដ្ឋ ១០០ ម៉ែត្រ ទុកដោះស្រាយ។ គាត់មិនទាន់មានដំណោះស្រាយឱ្យពួកខ្ញុំជាប្រជាពលរដ្ឋផង គាត់ចេញលិខិតឱ្យរុះរើផ្ទះប្រជាពលរដ្ឋ។ ពួកខ្ញុំសុទ្ធតែរស់នៅ ២០ ទៅ ៣០ ឆ្នាំហើយ នៅទីនេះ»។
ពលរដ្ឋរស់នៅសង្កាត់សំរោងត្បូងជាប់បឹងតាមោកម្នាក់ទៀត អ្នកស្រី ស៊ា ដាវី ប្រាប់វីអូអេនៅថ្ងៃអង្គារនេះដែរថា ខណៈអាជ្ញាធរកំពុងកាយប្រឡាយនោះ ពលរដ្ឋបានព្យាយាមហាមឃាត់ដែរ តែត្រូវបានភាគីខាងអាជ្ញាធរប្រើប្រាស់អំពើហិង្សាដាក់។
អ្នកស្រីថ្លែងថា៖ «ហេតុអីក៏មិនទាន់មានដំណោះស្រាយឱ្យពួកខ្ញុំផង បែរជាមកកាយប្រឡាយ ហើយប្រើហិង្សាលើខ្ញុំជាប្រជាពលរដ្ឋ ដែលពួកខ្ញុំព្យាយាមទៅហាមឃាត់ដើម្បីរកដំណោះស្រាយសិន ពួកគាត់អត់ស្តាប់ទេ។ ពួកគាត់ប្រើហិង្សាលើប្រជាពលរដ្ឋតែម្តង។ ហើយមានវាយសន្លប់ម្នាក់ ហើយគាត់ថា ពួកខ្ញុំសម្តែង។ ពួកខ្ញុំព្យាយាមទៅយកមនុស្សដែលសន្លប់ហ្នឹងទៅពេទ្យ ពួកគាត់អត់ឱ្យទេ។ ពួកគាត់ថា ម្នាក់ហ្នឹងសម្តែងទេ។ អ៊ីចឹងក៏វាយតប់រុញពួកខ្ញុំទៅកប់ភក់ពេញហ្នឹងទៀត។ អ្នកដែលចុះទៅយក ជូនអ្នកសន្លប់ទៅមន្ទីរពេទ្យ»។
អ្នកស្រីស្នើឱ្យមានដំណោះស្រាយមួយសមស្រប មុននឹងធ្វើការអភិវឌ្ឍ។
អ្នកស្រីថា៖ «សុំការបញ្ឈប់ទៅ សុំរកដំណោះស្រាយឱ្យពួកខ្ញុំសិន ចាំកាយប្រឡាយ។ ការអភិឌ្ឍ ខ្ញុំមិនរារាំងអាជ្ញាធរ ឬក៏រដ្ឋាភិបាលទេ លើការអភិវឌ្ឍ តែសុំឱ្យពួកខ្ញុំបានដំណោះស្រាយសិន ឱ្យពួកខ្ញុំប៉ុន្មានម៉ែត្រពីកាយការកាយទៅដល់ដីផ្ទះរបស់ពួកខ្ញុំ។ គាត់ទុកឱ្យពួកខ្ញុំប៉ុន្មានម៉ែត្រ ឱ្យច្បាស់លាស់សិន»។
អ្នកស្រីសំណូមពរឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហារបស់ពលរដ្ឋដែលកំពុងប្រឈមនឹងការបណ្តាញពីលំនៅដ្ឋាន។
អ្នកស្រីដាវីលើកឡើងថា៖ «សុំឱ្យនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សម្តេច ហ៊ុន ម៉ាណែត ជួយមើលប្រជាពលរដ្ឋផង ដែលពួកខ្ញុំរងការបណ្តេញចេញពីអាជ្ញាធរខណ្ឌព្រែកព្នៅ ហើយប្រើហិង្សាលើពួកខ្ញុំ ជាស្រី និងកុមារ ឱ្យរងរបួសជាច្រើននាក់»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ និងអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បាននៅឡើយទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា បញ្ហាដីធ្លីនៅសហគមន៍បឹងតាមោកជាបញ្ហាមួយដែលអូសបន្លាយពេលយូរដែរ ហើយក៏តែងតែឃើញមានបញ្ហាកើតឡើងជាបន្តបន្ទាប់រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។ លោកចង់ឃើញដំណោះស្រាយមួយប្រកបដោយសន្តិវិធីដែលអាចឱ្យភាគីទាំងសងខាងទទួលយកបាន ដោយគ្មានទំនាស់ ឬហិង្សា។
លោកជំរុញឱ្យរដ្ឋាភិបាល និងអាជ្ញាធរគួរតែពិនិត្យឡើងវិញពីការរស់នៅរបស់ប្រជាពលរដ្ឋនៅទីតាំងនោះ។
លោក អំ សំអាត ថ្លែងថា៖ «រាជរដ្ឋាភិបាល និងអាជ្ញាធរគួរតែពិនិត្យ និងពិចារណាសិក្សាទៅលើការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋហ្នឹងឱ្យបានច្បាស់លាស់ ហើយយើងមើលគំរូនៅស្ទឹងមានជ័យ ដែលប្រជាពលរដ្ឋរស់នៅតាមប្រឡាយ តាមស្ទឹងហ្នឹង រដ្ឋក៏បានសម្រេចផ្តល់កម្មសិទ្ធិដល់ពួកគេ»។
លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត ប្រាប់វីអូអេថា ផែនការប្លង់គួរប្រើប្រាស់ដីក្នុងរាជធានីភ្នំពេញឆ្នាំ ២០៣៥ មិនបានបញ្ជាក់ពីការសាងសង់ប្រឡាយទឹកណាមួយនៅក្រោយផ្ទះពលរដ្ឋដែលរស់នៅជាប់បឹងតាមោកឡើយ។ ប៉ុន្តែលោកថា លោកមិនទាន់បានទទួលដំណឹងថា មានការផ្លាស់ប្តូរក្នុងការសាងសង់ប្រឡាយទឹកនៅទីតាំងនោះទេ។
លោកបន្តថា អាជ្ញាធរបានចោទប្រកាន់ពលរដ្ឋដែលរស់នៅជាប់បឹងតាមោក ក្រោមហេតុផលផ្សេងៗគ្នា ដោយម្តងថា ពលរដ្ឋរស់នៅលើផ្ទៃបឹង ម្តងថា ពួកគេរស់នៅលើចំណីផ្លូវ ហើយរដ្ឋត្រូវការសម្រាប់អភិវឌ្ឍន៍។
លោកថ្លែងថា៖ «ប៉ុន្តែមួយរយៈកាលចុងក្រោយនេះ មានសេណារីយ៉ូ ឬមានរឿងដែលថា អាជ្ញាធរគាត់មានគម្រោងធ្វើប្រឡាយទឹកពីក្រោយ អ៊ីចឹងសហគមន៍គាត់មានការបារម្មណ៍។ ឥឡូវ ដីបឹងក៏អត់ប៉ះ ដីផ្លូវក៏អត់ប៉ះ ហើយមកគម្រោងធ្វើប្រឡាយ ហើយអត់មានជជែកជាមួយគាត់លម្អិតថាប្រឡាយហ្នឹងមានទំហំប៉ុន្មាន ឱ្យច្បាស់លាស់ជាមួយប្រជាពលរដ្ឋ។ អ៊ីចឹងគាត់បារម្ភខ្លាចអាជ្ញាធរយកដីរបស់សហគមន៍យកទៅធ្វើប្រឡាយ ដែលធ្វើឱ្យដីរបស់ពួកគាត់ប្រឈមជាមួយនឹងការបណ្តាញចេញ ឬក៏ចាកចេញទៅទីតាំងផ្សេង»។
លោក ស៊ាង មួយឡៃ បន្ថែមថា ដោយសារតែបច្ចុប្បន្នដីនៅតំបន់បឹងតាមោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដូច្នេះលោកស្នើសុំអាជ្ញាធរពាក់ព័ន្ធត្រូវកំណត់ផែនទីនៃផ្ទៃដីជាប់បឹងតាមោកឱ្យជាក់លាក់ និងប្រកាសជាសាធារណៈពីគម្រោងអភិវឌ្ឍន៍ប្រឡាយទឹកក្នុងតំបន់នោះ។
កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ ក្រុមសង្គមស៊ីវិល និងសមាគមអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានចំនួន ៣៨ ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើ «បញ្ឈប់ការធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងផ្ដល់ការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាសហគមន៍សំរោងត្បូង»។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋសំរោងត្បូងចំនួន១៨នាក់កំពុងរងបណ្តឹងពីតុលាការ ក្រោមបទចោទហិង្សាដោយចេតនា និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស។ ពលរដ្ឋម្នាក់បានរត់គេចខ្លួន ដោយព្រួយបារម្ភពីសុវត្ថិភាព។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការក្រៅរដ្ឋាភិបាល៕
វេទិកាបញ្ចេញមតិ