ការធ្លាក់យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 MAX ចំនួនពីរដង ដែលបានសម្លាប់អ្នកធ្វើដំណើរនិងក្រុមអ្នកធ្វើការនៅលើយន្តហោះទាំងពីរលើកនោះ គឺជាលទ្ធផលដ៏គួរឲ្យរន្ធត់ពីការបរាជ័យរួមគ្នាដោយក្រុមហ៊ុនផលិតយន្តហោះ និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក។ នេះបើតាមលទ្ធផលនៃការស៊ើបអង្កេតមួយរបស់ក្រុមអ្នកជំនាញនៃរដ្ឋសភាអាមេរិក ដែលបានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនអស់រយៈពេល១៨ខែកន្លងមក។
គណៈកម្មាធិការហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូនរបស់រដ្ឋសភាអាមេរិក ដែលមានសមាជិកភាគច្រើនមកពីខាងគណបក្យប្រជាធិបតេយ្យនោះ បាននិយាយក្នុងរបាយការណ៍រិះគន់ខ្លាំងមួយដែលចេញកាលពីពុធថា ការធ្លាក់យន្តហោះដែលសម្លាប់មនុស្សអស់ជាច្រើននាក់នោះ មិនមែនកើតឡើងដោយសារការបរាជ័យពីប្រភពតែមួយ ឬដោយសារកំហុសបច្ចេកទេស ឬការគ្រប់គ្រងមិនត្រឹមត្រូវនោះទេ គឺដោយសារកត្តានិងភាគីច្រើនរួមផ្សំគ្នា។
យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 MAX ត្រូវបានគេហាមមិនឲ្យហោះហើរកាលពីខែមិនា ឆ្នាំ២០១៩ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសអេត្យូពី ជើងហោះហើរលេខ៣០២ បានធ្លាក់ជិតរដ្ឋធានី Addis Ababa ដែលបានសម្លាប់មនុស្សទាំងអស់ចំនួន១៥៧នាក់នៅលើយន្តហោះនោះ។
នៅមុននោះ ក្នុងខែតុលាឆ្នាំ២០១៨ យន្តហោះដឹកអ្នកដំណើរក្រុមហ៊ុន Lion Air ដែលប្រើយន្តហោះ737 MAX នេះដែរ បានធ្លាក់ក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសម្លាប់អ្នកជិះ១៨៩នាក់។
ក្រុមហ៊ុនBoeingថាខ្លួនបានរៀនមេរៀនពីការធ្លាក់នេះ និងពីកំហុសដែលខ្លួនបានធ្វើ។ ក្រុមហ៊ុនលើកឡើងថា ខ្លួននឹងសហការយ៉ាងពេញលេញជាមួយគណៈកម្មាធិការរបស់សភាអាមេរិក ហើយធ្វើការផ្លាស់ប្តូរគំរូរចនាចំពោះយន្តហោះប្រភេទនេះ។
ដោយឡែករដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ខ្លួននឹងធ្វើការនេះជាមួយសមាជិកសភាអាមេរិក ក្នុងការអនុវត្តឲ្យបានប្រសើរឡើង ដូចចំណុចដែលបានលើកឡើងក្នុងរបាយការណ៍នោះ៕