ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ទៅមជ្ឈិមបូព៌ាចំពេលមានការជំរុញឱ្យមានបទឈប់បាញ់នៅហ្កាហ្សា


រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken ដើរ​ចូល​យន្តហោះ​ដើម្បីធ្វើដំណើរចាកចេញ​ពី​ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken ដើរ​ចូល​យន្តហោះ​ដើម្បីធ្វើដំណើរចាកចេញ​ពី​ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

ចក្រភព​អង់គ្លេស​បាន​ប្រកាស​អំពី​ការ​បញ្ជូន​ជំនួយ​ស្បៀង​អាហារ​ថ្មី​នៅ​ថ្ងៃ​ពុធ​នេះ​ទៅ​កាន់​តំបន់​ហ្កាហ្សា (Gaza) រី​ឯ​មន្ត្រី​សហរដ្ឋ​អាមេរិក​វិញ​បាន​ជំរុញ​ឱ្យ​មាន​ការ​បង្កើន​ជំនួយ​មនុស្សធម៌​និង​បទ​ឈប់បាញ់​នៅ​មុន​ការ​ចរចា​ជាមួយ​មន្ត្រី​អ៊ីស្រាអែល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ចូល​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ។

ក្រសួង​ការបរទេស​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា ស្បៀង​អាហារ​ចំនួន ២.០០០ តោន​ត្រូវបាន​ដឹក​ជញ្ជូន​ឆ្លង​ព្រំដែន​ចូល​តំបន់​ហ្កាហ្សា​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រទេស​ហ្ស៊កដានី និង​ត្រូវបាន​ចែកចាយ​ដោយ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) របស់​អង្គការ​សហប្រជាជាតិ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken គ្រោង​នឹង​រៀបចំ​ការ​ពិភាក្សា​នៅ​សប្ដាហ៍​នេះ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​និង​ប្រទេស​អេហ្ស៊ីប នៅ​ចំ​ពេល​ដែល​មាន​ការ​ផ្ដោត​ធ្វើ​យ៉ាង​ណា​ឱ្យ​សម្រេច​បាន​នូវ​ការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​ក្នុង​តំបន់​ហ្កាហ្សា ការ​ដោះលែង​ចំណាប់ខ្មាំង​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ចាប់ឃុំ និង​ការ​បង្កើន​កិច្ច​ប្រឹងប្រែង​អន្តរជាតិ​នៅ​ក្នុង​ការ​បញ្ជូន​ជំនួយ​ទៅកាន់​តំបន់​ហ្កាហ្សា​និង​នៅក្នុង​ការ​ធ្វើការ​លើ​ការ​ដោះស្រាយ​បញ្ហា​អភិបាលកិច្ច សន្តិសុខ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​នៅ​ក្រោយ​សង្គ្រាម។

ស្របពេល​ដែល​សង្គ្រាម​នៅ​បន្ត មន្ត្រី​អាមេរិក​បាន​បង្ហាញ​ក្ដី​បារម្ភ​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ផែនការ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​ទីក្រុង Rafah នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​តំបន់​ហ្កាហ្សា​និង​ប្រទេស​អេហ្ស៊ីប ដែល​នៅ​ទីនោះ​ជនជាតិ​ប៉ាឡេស្ទីន​ជាង​មួយ​លាន​នាក់​កំពុង​ជ្រកកោន។

ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​យប់​ថ្ងៃ​អង្គារ​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin នឹង​ទទួល​ជួប​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant នៅ​ក្រសួង​ការពារជាតិ​អាមេរិក​នៅ​សប្ដាហ៍​ក្រោយ​អំពី​ផែនការ​នៅ​ក្នុង​ការ​ធានា​សុវត្ថិភាព​របស់​ប្រជាជន​នៅ​ក្នុង​ទីក្រុង Rafah។ ប្រធានបទ​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ពិភាក្សា​នេះ​រួម​មាន​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​និង​ភាព​ចាំបាច់​នៅ​ក្នុង​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​បន្ថែម​ទៀត​ទៅកាន់​តំបន់​ហ្កាហ្សា។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ប្រាប់​សមាជិក​សភា​អ៊ីស្រាអែល​កាលពី​ថ្ងៃ​អង្គារ​ថា លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថា អ៊ីស្រាអែល «តាំងចិត្ត​នៅ​ក្នុង​ការ​បញ្ចប់​ឱ្យ​បាន​រួចរាល់​នូវ​ការ​កម្ទេច​កង​វរសេនាតូច​ទាំងនេះ​នៅ​ក្នុង​ទីក្រុង Rafah ហើយ​គ្មាន​វិធី​ណា​មួយ​ក្នុង​ការ​ធ្វើ​ដូច្នេះ​នោះទេ​ក្រៅតែ​ពី​ការ​ចូល​ទៅ​ទីនោះ​តាម​ផ្លូវគោក​តែ​ប៉ុណ្ណោះ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG