ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken នឹងពិភាក្សានៅអារ៉ាប៊ីសាអូឌីតនិងអេហ្ស៊ីបអំពីសង្គ្រាមនៅហ្កាហ្សា


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួួរដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួួរដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​និង​ប្រទេស​អេហ្ស៊ីប​នៅ​សប្ដាហ៍​នេះ​សម្រាប់​ការ​ពិភាក្សា​ដែល​លោក​បាន​និយាយ​ថា​នឹង​ផ្ដោត​លើ​ការ​ជំរុញ​ឱ្យ​មាន​បទឈប់បាញ់​នៅ​ហ្កាហ្សា (Gaza) ការ​ដោះលែង​ចំណាប់ខ្មាំង​ដែល​ក្រុម​ហាម៉ាស់​ចាប់ឃុំ និង​ការ​ធ្វើ​ផែនការ​សម្រាប់​តំបន់​ហ្កាហ្សា​នៅ​ក្រោយ​សង្គ្រាម។

លោក Blinken បាន​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​ហ្វីលីពីន​ថា ការ​រៀបចំ​គឺ​ចាំបាច់​ត្រូវ​មាន​ជាស្រេច​សម្រាប់​របៀប​ចាត់ចែង​លើ​អភិបាលកិច្ច សន្តិសុខ ជំនួយ​មនុស្សធម៌ និង​ការ​អភិវឌ្ឍ​ឡើងវិញ​នៅ​ហ្កាហ្សា។

លោក Blinken បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឱ្យ​អ៊ីស្រាអែល​យល់​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​មាន​ផែនការ​មួយ និង​ថា​ក្ដីសង្ឃឹម​ឱ្យ​សង្គ្រាម​នេះ​បញ្ចប់​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​គឺ​នៅតែ​មាន។

ហេដ្ឋារចនាសម្ព័ន្ធ​និង​ផ្ទះ​សម្បែង​ភាគច្រើន​នៅ​ក្នុង​តំបន់​ហ្កាហ្សា​បាន​រង​ការ​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី នៅ​ពេល​ដែល​អ៊ីស្រាអែល​បន្ត​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​កម្ទេច​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​នៅ​ក្រោយ​ការ​វាយ​ប្រហារ​របស់​ក្រុម​នេះ​លើ​ខ្លួន​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​ឆ្នាំ​មុន។ បើ​យោង​តាម​តួលេខ​របស់​អ៊ីស្រាអែល មនុស្ស ១.២០០ នាក់​ត្រូវបាន​សម្លាប់​និង​ប្រហែល ២៥០ នាក់​ត្រូវបាន​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​នៅ​ពេល​នោះ។

ក្រសួង​សុខាភិបាល​តំបន់​ហ្កាហ្សា​បាន​បញ្ជាក់​ថា ការ​វាយបក​ត្រឡប់​មកវិញ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ជិត ៣២.០០០ នាក់ ដែល​ភាគច្រើន​គឺ​ជា​ស្ត្រី​និង​កុមារ។ ប្រជាជន​តំបន់​ហ្កាហ្សា​ជាង​ពាក់​កណ្ដាល​ត្រូវ​បាន​ជម្លៀស​ពី​ផ្ទះ​សម្បែង។

លោក Blinken បាន​រៀបរាប់​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ជា «ស្ថានភាព​មនុស្សធម៌​ដ៏​រន្ធត់» នៅ​ហ្កាហ្សា ដោយ​យោង​លើ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដែល​ថា មនុស្ស​ទាំងអស់​នៅ​ក្នុង​តំបន់​នេះ​ត្រូវការ​ជំនួយ​មនុស្សធម៌។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​សន្ទនាកាលពី​ថ្ងៃ​ចន្ទ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ ដោយ​លោក​បាន​បង្ហាញ​ក្ដី​បារម្ភ​ថ្មី​អំពី​វិធីធ្វើ​សង្គ្រាម​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​នៅ​ហ្កាហ្សា​និង​ផែនការ​របស់​អ៊ីស្រាអែល​ក្នុង​ការ​វាយ​ប្រហារ​តាម​ផ្លូវគោក​លើ​ទីក្រុង Rafah នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា​ជិត​ព្រំដែន​ប្រទេស​អេហ្ស៊ីប៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG