រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កំពុងស្ថិតនៅរដ្ឋធានីកៀវដើម្បីពិភាក្សានៅថ្ងៃពុធនេះជាមួយពួកមេដឹកនាំអ៊ុយក្រែនដែលជាផ្នែកមួយនៃអ្វីដែលលោកហៅថាជា «កិច្ចប្រឹងប្រែងខាងការទូតដើម្បីកាត់បន្ថយភាពតានតឹងជុំវិញការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ីនៅតាមបណ្តោយព្រំដែនប្រទេសអ៊ុយក្រែន»។
នៅក្នុងទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវនេះ លោក Blinken នឹងជួបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងលោករដ្ឋមន្ត្រីការបរទេស Dmytro Kuleba ហើយនឹងទៅជួបបុគ្គលិកនៅឯស្ថានទូតសហរដ្ឋអាមេរិកផងដែរ។
«យើងឥឡូវនេះកំពុងស្ថិតក្នុងដំណាក់ការមួយដែលរុស្ស៊ីអាចចាប់ផ្តើមវាយប្រហារទៅលើប្រទេសអ៊ុយក្រែន»។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់បានប្រាប់ពួកអ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទតាមទូរស័ព្ទកាលពីថ្ងៃអង្គារ។ មន្ត្រីជាន់ខ្ពស់រូបនោះបានបន្ថែមទៀតថា សហរដ្ឋអាមេរិកបន្ត«ត្រៀមខ្លួន» ប្រសិនបើរដ្ឋាភិបាលក្រុងមូស្គូសម្រេចចាត់វិធានការយោធាប្រឆាំងនឹងអ៊ុយក្រែនថែមទៀត»។
រុស្ស៊ីបានបង្កើនកងទ័ពរបស់ខ្លួនជាបន្ត ហើយនឹងបន្តការប្រើវោហារសាស្ត្រដ៏ខ្លាំងប្រឆាំងនឹងអ៊ុយក្រែន ព្រមទាំងចល័តកងទ័ពចូលក្នុងប្រទេសបេឡារុសកាលពីចុងសប្តាហ៍ផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរូបនោះបាននិយាយទៀតថា៖ «វិស័យការទូតមិនទាន់ទាល់ច្រកទេ។ ភាគីសហរដ្ឋអាមេរិកជឿថា មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយជម្លោះនេះដោយជោគជ័យគឺតាមរយៈការទូត»។
ទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែននៅថ្ងៃពុធនេះ ជាការសំចតដំបូងក្នុងដំណើរទស្សនកិច្ចមួយដែលរៀបចំឡើងយ៉ាងឆាប់រហ័ស។ នៅថ្ងៃព្រហស្បតិ៍ លោក Blinken នឹងបន្តដំណើរទៅកាន់រដ្ឋធានីប៊ែរឡាំងដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock ដើម្បី«ពិភាក្សាការទាក់ទងខាងការទូតកាលពីពេលថ្មីៗជាមួយរុស្ស៊ី ហើយនឹងការខំប្រឹងប្រែងរួមដើម្បីបង្អាក់ការបន្តភាពគឃ្លើនរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»។
បន្ទាប់មក លោក Blinken នឹងជំរុញឲ្យរុស្ស៊ី«ចាត់វិធានការជាបន្ទាន់ដើម្បីបន្ថយភាពតានតឹង» នៅតាមបណ្តោយព្រំដែននៅពេលលោកជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅទីក្រុងហ្សឺណែវនៅថ្ងៃសុក្រ៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press។