អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះបានដាក់គំនាបលើប្រទេសចិនឲ្យប្រើ «ឥទ្ធិពលដ៏សម្បើម» របស់ខ្លួនដើម្បីជំរុញឲ្យប្រទេសកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើងបាននិយាយថា ខ្លួននឹងមិនអើពើចំពោះការស្នើរបស់សហរដ្ឋអាមេរិកដើម្បីបន្តការចរចា។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្លែងនៅចុងបញ្ចប់នៃកិច្ចប្រជុំសន្តិសុខកម្រិតខ្ពស់មួយនៅក្នុងរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងដែលចូលរួមដោយលោករដ្ឋមន្ត្រីការពារប្រទេស Lloyd Austin និងរដ្ឋមន្ត្រីការបរទេសនិងការពារជាតិកូរ៉េខាងត្បូង។
ជំនួបដែលមានឈ្មោះថា «២បូកនិង២» នេះជាជំនួបលើកទី១នៅក្នុងរយៈពេល៥ឆ្នាំ ហើយបានកើតមានឡើងនៅពេលដែលលោកប្រធានាធិបតី Joe Biden កំពុងជំរុញឲ្យស្តារឡើងវិញនូវសម្ព័ន្ធភាពរបស់អាមេរិកនៅក្នុងតំបន់អាស៊ីដើម្បីប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីប្រទេសចិននិងកូរ៉េខាងជើង។
លោក Blinken បានប្រាប់សន្និសីទកាសែតថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងមានផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងច្បាស់ក្នុងការជួយធ្វើឲ្យកូរ៉េខាងជើងគ្មានអាវុធនុយក្លេអ៊ែរ ពីព្រោះវាជាប្រភពនៃស្ថិរភាព។ វាជាប្រភពនៃភាពគ្រោះថ្នាក់និងការគំរាមកំហែងពិតប្រាកដដល់យើងនិងដៃគូរបស់យើង»។
លោកមានប្រសាសន៍ថា រដ្ឋាភិបាលក្រុងប៉េកាំង «មានតួនាទីដ៏សំខាន់» ដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យបោះបង់អាវុធនុយក្លេអ៊ែរ ពីព្រោះតែភាគច្រើននៃពាណិជ្ជកម្មក្រៅប្រទេសរបស់កូរ៉េខាងជើងធ្វើឡើងតាមរយៈចិន។ លោក Blinken សង្កត់ទៀតថា ចិនត្រូវបានតម្រូវដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យអនុវត្តឲ្យបានពេញលេញនូវការដាក់ទណ្ឌកម្មលើការសាកល្បងអាវុធនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងដែលត្រូវហាមឃាត់។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Cho Son Hui អនុរដ្ឋមន្ត្រីការបរទេសទី១របស់កូរ៉េខាងជើង បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្យាយាមទាក់ទងមករដ្ឋាភិបាលក្រុងព្យុងយ៉ាងតាមបណ្តាញជាច្រើន ប៉ុន្តែថាការព្យាយាមទាក់ទងនេះគ្រាន់ជា«ល្បិចពន្យារពេល»របស់អាមេរិកដរាបណាក្រុងវ៉ាស៊ីនតោនមិនបញ្ឈប់អរិភាពទេនោះ៕