រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងនាយករដ្ឋមន្ត្រីអន្តរកាលប្រទេសលីប៊ីគឺលោក Abdulhamid Dabaiba នឹងធ្វើការចរចាគ្នានៅថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ភ្លាមៗបន្ទាប់ពីសន្និសីទអន្តរជាតិផ្តោតលើការគាំទ្រពីការគ្រប់គ្រងអន្តរកាលនៅក្នុងប្រទេសលីប៊ីឆ្ពោះទៅកាន់រដ្ឋាភិបាលអចិន្ត្រៃយ៍និងប្រកបដោយស្ថិរភាព។
សន្និសីទដែលរៀបចំឡើងដោយប្រទេសអាល្លឺម៉ង់និងអង្គការសហប្រជាជាតិមានការចូលរួមរបស់ក្រុមមន្ត្រីមកពីប្រទេសចំនួន១៧ហើយបានពង្រឹងការគាំទ្រឲ្យមានការបោះឆ្នោតនៅក្នុងប្រទេសលីប៊ីដែលគ្រោងធ្វើឡើងនៅចុងខែធ្នូ។
លោក Blinken បានប្រាប់សន្និសីទកាលពីថ្ងៃពុធថា៖ «យើងចង់ឆ្លៀតឱកាសនេះថ្លែងអំណរគុណយ៉ាងខ្លាំងដល់ប្រទេសអាល្លឺម៉ង់ដែលទទួលមេដឹកនាំទាំងអស់មកជួបជុំគ្នាដើម្បីបន្តជួយប្រទេសលីប៊ីឆ្ពោះទៅកាន់អនាគតដ៏ប្រសើរខ្លាំងក្លា និងឯករាជ្យ»។
ក្រោយមកមន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ក្រុមអ្នកយកព័ត៌មានថាការបោះឆ្នោតមានសារៈសំខាន់«មិនត្រឹមតែធ្វើឲ្យមានរដ្ឋាភិបាលលីប៊ីស្របច្បាប់យូរអង្វែងនិងអាចទុកចិត្តបាននោះទេ» ប៉ុន្តែក៏ជួយធ្វើឲ្យទាហានបរទេសទាំងអស់ចាកចេញពីប្រទេសនេះផងដែរ។
សេចក្តីថ្លែងការណ៍ផ្លូវការរបស់អ្នកចូលរួមសន្និសីទនោះបានបញ្ជាក់ថា«កងទ័ពបរទេសទាំងអស់និងទាហានស៊ីឈ្នួលត្រូវតែចាកចេញពីប្រទេសលីប៊ីដោយគ្មានពន្យារពេល»ក៏ប៉ុន្តែប្រទេសតួកគីស្ទាក់ស្ទើរត្រង់ចំណុចនេះ៕