បន្ទាប់ពីការខិតខំដើម្បីជួសជុលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងបារាំងមក រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ចប់ទស្សនកិច្ចនៅទីក្រុងប៉ារីសកាលពីថ្ងៃពុធដោយចូលរួមក្នុងថ្ងៃបញ្ចប់នៃកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍។
លោក Blinken បានលើកឡើងបញ្ហាប្រឈមជាច្រើននៅពេលដែលលោកបានថ្លែងនៅឯការបើកកិច្ចប្រជុំកាលពីថ្ងៃអង្គារ រួមទាំងការរាតត្បាតនៃវីរុសកូរ៉ូណា វិបត្តិអាកាសធាតុ អសមភាព និងការបង្កើតច្បាប់សម្រាប់ពិភពលោកដែលកំពុងតែមានបច្ចេកវិទ្យាជឿនលឿន។
លោក Blinken បានមានប្រសាសន៍ថា «គោលការណ៍ដ៏សំខាន់របស់អង្គការនេះ និងលទ្ធិប្រជាធិបតេយ្យយើង ត្រូវពួករដ្ឋាភិបាលផ្តាច់ការ ជំទាស់ប្រឆាំង ដោយយកហេតុផលថា គំរូរបស់ពួកគេមានលក្ខណៈប្រសើរជាងសម្រាប់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ លោក Blinken បានថ្លែងដោយមិនបញ្ចេញឈ្មោះប្រទេសថា រដ្ឋាភិបាលផ្តាច់ការទាំងនោះខ្លះ កំពុងស្វះស្វែងយ៉ាងសកម្មដើម្បីធ្វើឲ្យអន្តរាយដល់និតិរដ្ឋដែលមានសារៈសំខាន់ដល់សន្តិសុខ និងវិបុលភាពរបស់ប្រទេសយើងទៅថ្ងៃអនាគត»។
លោក Blinken បានថ្លែងទៀតថា ប្រទេសជាសមាជិក «ត្រូវតែបង្ហាញឲ្យឃើញថា វិធានការណ៍របស់យើងអាចធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅគ្រប់ប្រទេសទាំងអស់កាន់តែប្រសើរឡើង និងធ្វើឲ្យមានសមភាពកាន់តែច្រើនជាងអតីតកាល» ស្របពេលដែលយើងមានការទទួលខុសត្រូវ។
ក្រៅពីការចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការ OECD នៅថ្ងៃពុធ លោក Blinken ធ្វើការពិភាក្សាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Luigi Di Maio រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោក Jose Manuel Albares អនុប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសកូឡុំប៊ីលោក Marta Lucia Ramirez៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press។