ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ឃើញ «សញ្ញា​ដ៏​គួរឲ្យ​លើកទឹកចិត្ត» ចំពោះ​ការ​សម្រេច​បាន​បទឈប់បាញ់​នៅ​ហ្កាហ្សា


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ចាប់ដៃរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បន្ទាប់ពីសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីស្នាក់ការក្រសួងក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ចាប់ដៃរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បន្ទាប់ពីសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីស្នាក់ការក្រសួងក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​ឃើញ​មាន «សញ្ញា​ដ៏​គួរឲ្យ​លើកទឹកចិត្ត» នៃ​ដំណើរ​វិវឌ្ឍន៍​ឆ្ពោះ​ទៅរក​បទឈប់បាញ់​នៅក្នុង​តំបន់​ហ្កាហ្សា ដោយ​លោក​បាន​ជំរុញ​ប្រទេស​តួកគី​ឲ្យ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​លើកទឹកចិត្ត​ក្រុម​ហាម៉ាស់​ឲ្យ​ទទួល​យក​នូវ​បទឈប់បាញ់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ការ​លើកឡើង​របស់​លោក Blinken នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​តួកគី​លោក Hakan Fidan ក្នុង​ជើង​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​អំពី​វិបត្តិ​ស៊ីរី​នៅ​ក្រោយ​ការ​ដួល​រលំ​រដ្ឋាភិបាល​ស៊ីរី​របស់​លោក Bashar al-Assad។

លោក Blinken បាន​ប្រាប់​អ្នក​កាសែត​នៅក្នុង​ទីក្រុង​អង់ការ៉ា​នៃ​ប្រទេស​តួកគី​ថា៖ «យើង​បាន​ពិភាក្សា​អំពី​បញ្ហា​នៅ​ហ្កាហ្សា ហើយ​យើង​បាន​ពិភាក្សា​អំពី​ឱកាស...នៅក្នុង​ការ​ធ្វើ​ឲ្យ​មាន​បទឈប់បាញ់។ អ្វី​ដែល​យើង​បាន​ឃើញ​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​គឺ​ជា​សញ្ញា​ដ៏​គួរ​ឲ្យ​លើក​ទឹកចិត្ត​ដែល​ថា​រឿង​នេះ​គឺ​អាច​ទៅរួច»។

លោក​បាន​និយាយ​ថា៖ «យើង​បាន​ពិភាក្សា​អំពី​ភាព​ចាំបាច់​នៃ​ការ «យល់ព្រម» ដែល​អាច​ទៅរួច​របស់​ក្រុម​ហាម៉ាស់​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ​ដើម្បី​ជួយ​បញ្ចប់​សង្គ្រាម​នេះ​នៅ​ទីបំផុត»។

លោក​បាន​បន្ថែម​ថា៖ «យើង​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​តួនាទី​របស់​តួកគី​នៅក្នុង​ការ​ចរចា​ជាមួយ​ក្រុម​ហាម៉ាស់​ដើម្បី​ព្យាយាម​បញ្ចប់​សង្គ្រាម​នេះ»។

លោក Blinken ក៏​បាន​ពិភាក្សា​ផងដែរ​អំពី​កិច្ច​ប្រឹងប្រែង​ឆ្ពោះ​ទៅរក​បទឈប់បាញ់​នៅ​ហ្កាហ្សា​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ហ្ស៊កដានី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី ១២ របស់​លោក​ទៅកាន់​តំបន់​មជ្ឈិម​បូព៌ា​តាំងពី​ពេល​ដែល​ក្រុម​ហាម៉ាស់​វាយ​ប្រហារ​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា ឆ្នាំ ២០២៣ ដែល​បង្ក​ឲ្យ​មាន​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​នេះ​មក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG