រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan បានពិភាក្សាគ្នាកាលពីថ្ងៃសុក្រអំពីភាពចាំបាច់នៃការបន្តកិច្ចប្រឹងប្រែងដើម្បីប្រឆាំងនឹងការងើបឡើងវិញណាមួយរបស់ក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាម (Islamic State) នៅក្នុងប្រទេសស៊ីរីនៅក្រោយការដួលរលំរបបដឹកនាំរបស់ប្រធានាធិបតីស៊ីរីលោក Bashar-al Assad។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Blinken បាននិយាយនៅពេលមានវត្តមានជាមួយលោក Fidan បន្ទាប់ពីលោកទាំងពីរបានជួបពិភាក្សាគ្នានៅក្នុងទីក្រុងអង់ការ៉ានៃប្រទេសតួកគីថា៖ «ប្រទេសរបស់យើងបានធ្វើការយ៉ាងខ្លាំងនិងបានផ្តល់អ្វីៗយ៉ាងច្រើនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះដើម្បីធានាយ៉ាងណាលុបបំបាត់ក្រុមភេរវកម្ម ISIS ដើម្បីធានាថាគ្មានការគំរាមកំហែងលេចឡើងម្ដងទៀត ហើយវាជារឿងចាំបាច់បំផុតដែលយើងបន្តទៅមុខនូវកិច្ចប្រឹងប្រែងទាំងនេះ»។
ការចរចានេះក៏បានផ្តោតលើទិដ្ឋភាពសំខាន់នៃការធ្វើឱ្យមានស្ថិរភាពនៅក្នុងប្រទេសស៊ីរីផងដែរចំពោះការប៉ះទង្គិចគ្នាក្នុងតំបន់ភាគខាងជើងស៊ីរីរវាងកងកម្លាំងឃឺដ (Kurd) ដែលគាំទ្រដោយសហរដ្ឋអាមេរិកនិងពួកឧទ្ទាមដែលគាំទ្រដោយតួកគី។
លោក Fidan បាននិយាយបន្ទាប់ពីជំនួបនោះថា «អាទិភាព» របស់តួកគី «នៅក្នុងប្រទេសស៊ីរីគឺការធានាយ៉ាងណាឲ្យមានស្ថិរភាព...ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើបាន ការរារាំងអំពើភេរវកម្មមិនឱ្យមានសន្ទុះទៅមុខ និងការរារាំងក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាមនិងក្រុម PKK មិនឱ្យមានឥទ្ធិពលគ្របដណ្ដប់នៅទីនោះ»។
លោកបាននិយាយទៀតថា៖ «យើងបានពិភាក្សាលម្អិតអំពីអ្វីដែលយើងអាចធ្វើបានអំពីបញ្ហាទាំងនេះ អ្វីដែលជាការព្រួយបារម្ភរួមរបស់យើង និងអ្វីដែលគួរតែជាដំណោះស្រាយរួមរបស់យើង»។
សហរដ្ឋអាមេរិកនិងតួកគីបានគាំទ្រពួកឧទ្ទាមស៊ីរីក្នុងអំឡុងពេលនៃសង្គ្រាមស៊ីវិលរយៈពេល ១៣ ឆ្នាំនៅស៊ីរី ក៏ប៉ុន្តែពួកគេមានការខ្វែងគំនិតគ្នាផ្នែកផលប្រយោជន៍នៅពេលនិយាយដល់ភាគីឧទ្ទាមមួយក្នុងចំណោមនោះដែលនោះគឺកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយក្រុមជនជាតិភាគតិចឃឺដ (Kurd)។
កងកម្លាំង SDF នេះគឺជាសម្ព័ន្ធមិត្តដ៏ចម្បងនៅក្នុងក្រុមចម្រុះរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមជនសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋអ៊ិស្លាម (Islamic State)។ កងកម្លាំង SDF នេះត្រូវបានដឹកនាំដោយក្រុម YPG ដែលរដ្ឋាភិបាលតួកគីចាត់ទុកថាជាក្រុមបន្ថែមនៃក្រុមកងជីវពល PKK ដែលតួកគីចាត់ទុកជាក្រុមខុសច្បាប់៕
លោក Blinken សង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការរាំងខ្ទប់ក្រុមរដ្ឋអ៊ិស្លាមក្នុងប្រទេសស៊ីរី
- Reuters
ទីក្រុងអង់ការ៉ា ប្រទេសតួកគី —