វ៉ាស៊ីនតោន — ក្រុមហ៊ុនលក់សម្លៀកបំពាក់ H&M ដ៏ល្បីក្នុងសាកលលោក រងផលប៉ះពាល់ពីការធ្វើពហិការនៅក្នុងប្រទេសចិន បន្ទាប់ពីក្រុមហ៊ុននេះបានបង្ហាញក្តីបារម្ភចំពោះការចោទប្រកាន់ ដែលថា ប្រទេសចិនប្រើជនជាតិអ៊ុយហ្គ័រឲ្យធ្វើការនៅក្នុងវិស័យផលិតកប្បាស។ ក្រុមហ៊ុននេះប្តេជ្ញាថា នឹងស្តារអតិថិជននៅក្នុងទីផ្សារដ៏ធំបំផុត ក្នុងពិភពលោកមួយនេះឡើងវិញ។
ក្រុមហ៊ុន H&M បានសរសេរនៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា៖ «ប្រទេសចិនជាទីផ្សារដ៏សំខាន់មួយសម្រាប់យើង ហើយការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើងចំពោះប្រទេសនេះ នៅតែខ្លាំងក្លា។ ឥឡូវនេះ យើងកំពុងបង្កើតយុទ្ធសាស្ត្រឆ្ពោះទៅមុខ និងកំពុងធ្វើការយ៉ាងសកម្មលើជំហាន បន្ទាប់ពាក់ព័ន្ធនឹងការស្វែងរកប្រភពវត្ថុធាតុដើម»។
តាមរយៈសេចក្តីថ្លែងការណ៍នេះក្រុមហ៊ុន H&M បានប្រកាសទៀត៖ «យើងប្តេជ្ញាចិត្តក្នុងការស្តារឡើងវិញនូវទំនុកចិត្ត និងជំនឿរបស់អតិថិជនសហការី និងដៃគូពាណិជ្ជកម្មរបស់យើងនៅក្នុងប្រទេសចិន»។
ប្រទេសចិនជាទីផ្សារធំបំផុតទី៤របស់ក្រុមហ៊ុន H&M បន្ទាប់ពីអាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស និងជាទីផ្សារដែលរកចំណូលបានប្រមាណ ៦% នៃចំណូលសរុបក្នុងឆ្នាំ ២០២០ របស់ក្រុមហ៊ុននេះ។
អ្នកវិភាគបានប្រាប់ VOA ផ្សាយជាភាសាចិនកុកងឺថា វិធីសាស្ត្រឃោសនារបស់រដ្ឋាភិបាលក្រុងប៉េកាំងបានបង្កឱ្យមានប្រតិកម្មប្រឆាំងនេះ និងបានព្យាករណ៍ថា កំហឹងនេះនឹងបាត់ទៅវិញក្នុងពេលឆាប់ៗ។
ការបោះជំហានយឺតៗ
ក្រុមហ៊ុន H&M បានចេញសេចក្តីថ្លែងការណ៍កាលពីខែកញ្ញា ឆ្នាំ ២០២០ ដោយបានបង្ហាញពីក្តីបារម្ភរបស់ខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់ពីពលកម្មដោយបង្ខំនៅក្នុងវិស័យផលិតកប្បាស នៅក្នុងតំបន់ Xinjiang។
សេចក្តីថ្លែងការណ៍នោះ ក្រុមហ៊ុនបានប្រកាសថា «យើងមិនធ្វើការជាមួយនឹងរោងចក្រវាយនភណ្ឌដែលមានទីតាំងនៅតំបន់ Xinjiang ទេ ហើយយើងក៏មិនទិញវត្ថុធាតុដើមចេញពីតំបន់នេះដែរ»។តំបន់ស្វយ័ត Xinjiang ក្នុងប្រទេសចិន គឺជាកន្លែងជ្រកកោនរបស់ក្រុមជនជាតិភាគតិចអ៊ុយហ្គ័រនិងក្រុមជនជាតិកាន់សាសនាឥស្លាមផ្សេងទៀត។
ហាងសម្លៀកបំពាក់មានប្រភពពីប្រទេសស៊ុយអែតនេះមិនបានធ្វើសកម្មភាពតែម្នាក់ឯងនោះទេ។ កាលពីប៉ុន្មានខែមុននេះ នៅក្នុងខែកក្កដា អង្គការជាង ១៧៥ បានបង្កើតយុទ្ធនាការមួយដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុនម៉ាកអន្តរជាតិ ឱ្យកាត់ចំណងទាក់ទងរបស់ពួកគេជាមួយនឹងអ្នកផ្គត់ផ្គង់ដែលត្រូវបានចោទប្រកាន់ថា មានចំណងទាក់ទងទៅនឹងការប្រើប្រាស់ពលកម្មដោយបង្ខំលើជនអ៊ុយហ្គ័រ។
រោងចក្រវាយនភណ្ឌមួយក្នុងចំណោមប្រាំដែលផ្គត់ផ្គង់ទំនិញនៅទូទាំងពិភពលោក «រងផលប៉ះពាល់ដោយសារពលកម្មដោយបង្ខំ» ដោយសារតែផលិតកម្មកប្បាស ៨៤% មកពីប្រទេសចិន ត្រូវបានយកមកពីតំបន់ Xinjiang ដែលជាតំបន់របស់ជនអ៊ុយហ្គ័រ។ នេះបើយោងតាមគេហទំព័ររបស់សម្ព័ន្ធមួយនេះ។ សម្ព័ន្ធនេះបានឱ្យដឹងថា «ជាការពិតវិស័យសម្លៀកបំពាក់ទាំងមូល» រងផលប៉ះពាល់។
នៅពេលនោះប្រទេសចិនចាប់អារម្មណ៍តិចតួច ទោះបីជាការចោទប្រកាន់ពីពលកម្មដោយបង្ខំបានធ្វើឱ្យអាជីវកម្មទាំងនេះស្វែងរកអ្នកផ្គត់ផ្គង់ផ្សេងក្តី។
ក្រោយមក បន្ទាប់ពីមានការប្រកាសដាក់ទណ្ឌកម្មរបស់បស្ចិមប្រទេសទៅលើមន្ត្រីចិន ពាក់ព័ន្ធនឹងការគៀបសង្កត់នៅក្នុងតំបន់ Xinjiang សម្ព័ន្ធយុវជនកុម្មុយនិស្តដែលជាក្រុមមួយរបស់គណបក្សកុម្មុយនិស្តចិនបានលើកបញ្ហានេះឡើង។
ក្រុមនេះបានបង្ហោះនៅលើគណនី Weibo ផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី ២៤ ខែមីនាថា ក្រុមហ៊ុន H&M «កំពុងចែកចាយពាក្យចចាមអារ៉ាមដើម្បីធ្វើពហិការដល់វិស័យកប្បាសនៅ Xinjiang ខណៈខ្លួនទទួលបានប្រាក់ចំណេញយ៉ាងច្រើននៅក្នុងប្រទេសចិន» ដោយនិយាយយោងដល់សេចក្តីថ្លែងការណ៍ក្នុងឆ្នាំ ២០២០ ចេញដោយក្រុមហ៊ុន H&M ដែលជាក្រុមហ៊ុនលក់សម្លៀកបំពាក់ល្បីមួយក្នុងពិភពលោក។ សារនោះបន្តថា «វាជាការគិតបែបស្រមើលស្រមៃមួយ!»។
ក្រុមហ៊ុន Alibaba និង JD ដែលជាក្រុមហ៊ុនយក្សផ្នែកពាណិជ្ជកម្មតាមអនឡាញរបស់ចិន បានដកក្រុមហ៊ុន H&M ចេញពីគេហទំព័ររបស់ពួកគេ ដែលនេះជាការវាយប្រហារដ៏ខ្លាំងក្លាមួយ ដោយសារតែការទិញទំនិញជាង ១/៥ របស់ចិន គឺធ្វើតាមអនឡាញ នេះបើយោងតាមសារព័ត៌មាន AP។
ហាង H&M នៅក្នុងប្រទេសចិនត្រូវបានបាត់ពីផែនទីនៅលើអ៊ីនធឺណិត នេះបើយោងតាមទស្សនាវដ្តី Barrons។
ប្រតិកម្មប្រឆាំងនឹងវិស័យកប្បាសបានកើនឡើងកាន់តែខ្លាំង ដោយមានការចូលរួមពីក្រុមហ៊ុន Nike ក្រុមហ៊ុន Adidas ក្រុមហ៊ុន Burberry ក្រុមហ៊ុន Uniqlo និងក្រុមហ៊ុន Lacoste ដែលសុទ្ធតែជាក្រុមហ៊ុនដែលត្រូវការចូលទៅក្នុងទីផ្សារមួយក្នុងចំណោមទីផ្សារដ៏ធំបំផុត និងរីកចម្រើនលឿនបំផុតរបស់ពិភពលោកមួយនេះ។
តារាចិនរាប់សិបនាក់បានរំលាយកិច្ចសន្យារបស់ខ្លួនជាមួយនឹងក្រុមហ៊ុន H&M និងក្រុមហ៊ុនម៉ាករបស់បស្ចិមប្រទេសផ្សេងទៀត។
ទូរទស្សន៍ China Central បានសរសេរនៅលើគណនីបណ្តាញសង្គមរបស់ខ្លួនថា៖ «សម្រាប់សហគ្រាសដែលធ្វើឲ្យប៉ះពាល់គោលជំហរដ៏សំខាន់របស់ប្រទេសយើង ការឆ្លើយតបគឺច្បាស់ខ្លាំងណាស់គឺ ឈប់ទិញផលិតផលរបស់ក្រុមហ៊ុនទាំងនេះ!»។ នេះបើយោងតាមទស្សនាវដ្តី Hollywood Reporter។ ទូរទស្សន៍ខាងលើនេះនិយាយថា អក្សរ «H» និងអក្សរ «M» នៅក្នុងភាសាស៊ុយអែតមានន័យថា កុហក និងការក្លែងបន្លំ នៅក្នុងភាសាចិន។
ការខឹងសម្បាដែលមានការរៀបចំ
លោក Zuo La ជាអ្នកសារព័ត៌មានតៃវ៉ាន់ដែលមកពីខេត្ត Hunan ប្រទេសចិនបានប្រាប់ VOA ផ្សាយជាភាសាចិនកុកងឺថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ជាអ្នកនៅពីក្រោយការធ្វើពហិការនេះ។
លោកបាននិយាយក្នុងសម្តីដើមថា៖ «រដ្ឋាភិបាលរបស់លោកស៊ីកំពុងបញ្ឆេះឲ្យមានទស្សនៈជាតិនិយមនៅក្នុងប្រទេសចិន និងគាបសង្កត់សំឡេងប្រកបដោយវិចារណញ្ញាណ ក្នុងចំណោមប្រជាជនចិន។ ខ្ញុំគិតថា វាជាការពិតចំពោះរលកនៃការធ្វើពហិការនេះ។ វាត្រូវបានដឹកនាំដោយរដ្ឋាភិបាល មិនមែនចេញពីប្រជាជនថ្នាក់កណ្តាលដោយផ្ទាល់នោះទេ»។
លោក Wang Debang សកម្មជនសិទ្ធិមនុស្សមកពីទីក្រុង Guilin នៅភាគខាងត្បូងនៃប្រទេសចិនយល់ស្របចំពោះការលើកឡើងនេះ។
លោក Wang បានប្រាប់ VOA ថា៖ «ការធ្វើពហិការនិងចលនាជាតិនិយមឥឡូវនេះត្រូវបានគ្រប់គ្រងដោយអាជ្ញាធរ។ សកម្មភាពទាំងនោះត្រូវបានរៀបចំដោយមានចេតនា និងត្រូវបានផ្សព្វផ្សាយនៅពេញអ៊ីនធឺណិត»។
លោក Richard Chamberlain អ្នកវិភាគនៅក្រុមហ៊ុន RBC Capital Markets បានគូរបញ្ជាក់នៅការស្រង់សម្តីមួយដោយសារព័ត៌មាន Reuters ថា៖ «យើងបានឃើញក្រុមហ៊ុនម៉ាកដូចជា Nike និងក្រុមហ៊ុន H&M បានឆ្លងកាត់ភាពចម្រូងចម្រាសស្រដៀងនេះ កាលពីអតីតកាលនិងអាចរក្សាទីផ្សារលក់បានល្អ។ ទោះជាយ៉ាងនេះក្តី ក្នុងរយៈពេលខ្លី យើងគិតថា ក្រុមហ៊ុន H&M អាចនឹងមានផលប៉ះពាល់អវិជ្ជមានលើការលក់របស់ខ្លួននៅក្នុងទីផ្សារដ៏ធំ និងកំពុងរីកចម្រើនរបស់ចិននេះ»។
លោក Wang ក៏បានលើកឡើងទៀតថាការធ្វើពហិការស្រដៀងគ្នានេះ កាលពីអតីតកាល គឺការធ្វើពហិការផលិតផលជប៉ុននៅក្នុងឆ្នាំ ២០១២ និងឆ្នាំ ២០១៨ ដោយសារជម្លោះនៅកោះ Senkaku ហើយបានរសាត់បាត់ទៅវិញ បន្ទាប់ពីមានការខឹងសម្បាមួយភ្លែតពីដំបូង។ ទឹកដីដែលមានជម្លោះនោះត្រូវបានគេហៅថា កោះ Diaoyu នៅក្នុងប្រទេសចិន។
លោក Wang បានប្រាប់ VOA ថា៖ «ខ្ញុំមិនគិតថា គំនិតស្នេហាជាតិនិយមនៅពីក្រោយការធ្វើពហិការទាំងនោះទេ។ វាជាការគ្រប់គ្រងរបស់រដ្ឋក្នុងនាមអ្នកស្នេហាជាតិ»។
លោក Zan Aizong អ្នកសរសេរប្លុក និងជាអ្នកសារព័ត៌មានជើងចាស់នៅក្រុង Hangzhou បានប្រាប់ VOA ថា ខណៈគេហទំព័រមួយចំនួនកំពុងធ្វើពហិការផលិតផលរបស់ក្រុមហ៊ុន H&M និងក្រុមហ៊ុនម៉ាកអន្តរជាតិផ្សេងទៀតនោះ ផលិតផលម៉ាកល្បីៗផ្សេងទៀតដូចជា Nike កំពុងកើនចំនួនលក់របស់ខ្លួន។
ក្រុមហ៊ុនប្រឹក្សាយោបល់ McKinsey & Company បានចេញរបាយការណ៍មួយមានចំណងជើងថា «ចិន៖ នៅតែជាស្នូលនៃកំណើនសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវីដ១៩» ដែលបង្ហាញថា កំណើននៃការលក់ផ្អែកលើការមើលឃើញជាក់ស្តែង។
របាយការណ៍បានឱ្យដឹងថា «អ្នកប្រើប្រាស់ ដែលជាកត្តាគន្លឹះមួយក្នុងចំណោមកត្តាគន្លឹះផ្សេងៗដែលជួយនាំឱ្យសេដ្ឋកិច្ចចិនងើបឡើងវិញ បានស្តារការទុកចិត្តនិងកំពុងចំណាយប្រាក់កាស ក្នុងកម្រិតមួយដែលធ្លាប់មាននៅមុនពេលផ្ទុះការរាតត្បាតជំងឺកូវីដ១៩»។
លោក Zan ថា តម្រូវការអ្នកប្រើប្រាស់នឹងធ្វើឱ្យការធ្វើពហិការបាត់បង់ឥទ្ធិពល។
លោកបានឱ្យដឹងថា៖ «ខ្ញុំគិតថា អ្នកប្រើប្រាស់នឹងគិតថា ៖ នេះជាប្រាក់របស់ខ្ញុំ។ តើហេតុអ្វីត្រូវឱ្យរដ្ឋាភិបាលគ្រប់គ្រងការសម្រេចចិត្តរបស់ខ្ញុំ? ដរាបណាក្រុមហ៊ុនម៉ាកអន្តរជាតិទាំងនេះ មានការទាក់ទាញមិនថាផ្នែកមុខងារ ឬតម្លៃទេ ខ្ញុំគិតថា អ្នកប្រើប្រាស់នឹងបន្តទិញទំនិញទាំងនោះ»៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា