រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានគូសបញ្ជាក់ការចាំបាច់ឱ្យមាន«ទំនាក់ទំនងដោយផ្ទាល់និងប្រកបដោយចីរភាព»រវាងសហរដ្ឋអាមេរិកនិងប្រទេសចិននៅក្នុងជំនួបជាផ្លូវការលើកទីមួយរបស់លោកនៅក្រុង Shanghai ដែលនៅទីនោះមានក្រុមហ៊ុនអាមេរិកាំងជាង១.០០០។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Blinken បានធ្វើការចរចាជាមួយលោក Chen Jining លេខាធិការបក្សកុម្មុយនីស្តចិនប្រចាំក្រុង Shanghai។ លោក Chen ជាមន្ត្រីក្នុងមូលដ្ឋានថ្នាក់ខ្ពស់បំផុតនិងជាសមាជិកម្នាក់នៃការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន។
លោក Blinken ថាលោកនឹងនិយាយអំពី«ការខ្វែងគំនិតគ្នារបស់យើង ដែលជាការពិត»តែប្រឹងប្រែង«ដោះស្រាយបញ្ហាទាំងនេះ»និង«កសាងកិច្ចសហប្រតិបត្តិការនៅទីណាដែលយើងអាចថ្វើបាន»។
នៅពេលស្វាគមន៍លោក Blinken នៅមហាសាលរបស់ក្រុង Shanghai លោក Chen បាននិយាយតាមរយៈអ្នកបកប្រែភាសាថាចាប់តាំងពីការដាក់ឱ្យមានចំណងការទូតមកទំនាក់ទំនងរវាងប្រទេសជាតិទាំងពីរមិនដែលរលូនជានិច្ចទេ គឺតែងតែមាន«ការបត់បែន» «ប៉ុន្តែជាទូទៅ ការទាក់ទងគ្នានេះបានលូតកលាស់ជាមួយការវិវត្តជាប្រវត្តិសាស្ត្រនិងបានជឿនលឿនទៅមុខ»។
លោក Blinken ធ្លាប់អញ្ជើញទៅក្រុង Shanghai កាលពីឆ្នាំ២០១៥នៅពេលលោកកាន់តំណែងជាអនុរដ្ឋមន្ត្រីការបរទេសអាមេរិក។
នៅក្នុងការពិភាក្សាជាមួយក្រុមនិស្សិតអាមេរិកាំងនិងចិនមកពីសាកលវិទ្យាល័យ New York Shanghai លោក Blinken បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកការផ្លាស់ប្តូររវាងពួកនិស្សិត អ្នកស្រាវជ្រាវនិងអ្នកធុរកិច្ច។
នៅយប់ថ្ងៃព្រហស្បតិ៍ លោក Blinken បានជួបជាមួយពួកមេដឹកនាំធុរកិច្ចនៅឯសភាពាណិជ្ជកម្មអាមេរិកាំងនៅក្រុង Shanghai ដោយលោកគាំទ្រឱ្យមានដំណោះស្រាយដល់បញ្ហាពាណិជ្ជកម្មមួយចំនួនដែលប្រឈមប្រទេសទាំងពីរនេះដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតពីរក្នុងពិភពលោក៕
វេទិកាបញ្ចេញមតិ