ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden បានព្រមានជាថ្មីម្តងទៀតដល់ប្រធានាធិបតីចិនលោក Xi Jinping លើការជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកាខាងមុខ ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរជួបពិភាក្សាគ្នាតាមទូរសព្ទកាលពីថ្ងៃទី២ ខែមេសាកន្លងទៅ។ ការជួបគ្នាតាមទូរសព្ទនេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អាមេរិក ក្នុងការរក្សាការ«បើកចំហប្រព័ន្ធទំនាក់ទំនងដើម្បីគ្រប់គ្រងការប្រកួតប្រជែងដោយការទទួលខុសត្រូវ និងបញ្ជៀសជម្លោះដោយអចេតនា»ណាមួយ។ នេះបើតាមការឱ្យដឹងរបស់សេតវិមាន។
នៅក្នុងកិច្ចពិភាក្សាកន្លងទៅ សហរដ្ឋអាមេរិកបានលើកឡើងពីការបារម្ភដែលមានជាបន្តរបស់ខ្លួនលើការជ្រៀតជ្រែកការបោះឆ្នោតពីប្រទេសចិន។ នេះបើតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកមួយរូប ដែលបានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១ ខែមេសា មុនការពិភាក្សាគ្នាតាមទូរសព្ទរបស់មេដឹកនាំទាំងពីរកើតឡើង។
លោកBiden ធ្លាប់បានលើកបញ្ហានេះក្នុងកិច្ចប្រជុំរបស់លោកជាមួយលោក Xi ក្នុងទីប្រជុំជន Woodside នៃរដ្ឋ California សហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយជាច្រើនលើកច្រើនសារថា ខ្លួនមិនចាប់អារម្មណ៍លើការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាមេរិកនោះឡើយ។
មន្ត្រីជាន់ខ្ពស់អាមេរិករូបនោះបន្ថែមទៀតថា «ខ្ញុំមិនគិតថា យើងជឿលើសម្តីរបស់ចិននោះឡើយ ព្រោះពេលគេនិយាយរឿងអ្វីមួយ គេអាចធ្វើឬមិនធ្វើ។នេះជារឿងត្រូវផ្ទៀងផ្ទាត់»។
របាយកាណ៍មិនសម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកមួយវាយតម្លៃពីការគំរាមកំហែង បានព្រមានកាលពីខែកុម្ភៈកន្លងទៅនេះ ពីសកម្មភាពដ៏មានឥទ្ធិពលកម្រិតខ្ពស់របស់ចិន ដែលរួមមានការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ។ របាយការណ៍នេះបានព្រមានពីការប្រឹងប្រែងកាន់តែខ្លាំងឡើងរបស់ចិន ក្នុងការបោកបញ្ឆោតឲ្យមានការជឿជាក់ពីការបែកបាក់សង្គមអាមេរិក តាមរយៈប្រព័ន្ធអនឡាញ។
ក្រុមប្រតិបត្តិការដ៏មានឥទ្ធិពល Spamouflage ដែលពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយរដ្ឋចិន បានប្រើប្រាស់បញ្ហានយោយបាយ សេដ្ឋកិច្ច និងភាពខុសគ្នាខាងវប្បធម៌ ធ្វើជាអាវុធក្នុងយុទ្ធនាការរបស់ខ្លួន។ នេះបើតាមការឱ្យដឹងរបស់លោក Max Lesser អ្នកវិភាគជាន់ខ្ពស់នៃមូលនិធិ Emerging Threats សម្រាប់ការការពារលទ្ធិប្រជាធិបតេយ្យ។
លោក Lesser ប្រាប់វីអូអេថា ក្រុម Spamouflage បានលើកយកបញ្ហាជាក់លាក់មួយចំនួន សំដៅលើលោក Biden។ ឧទាហរណ៍ដូចជាការបង្ហោះចែកចាយអត្ថបទមួយពីសារព័ត៌មាន Fox news ដែលនិយាយពីការប្រឆាំងតវ៉ារបស់អ្នកគាំទ្រប៉ាឡេស្ទីន ដែលគណនីយរបស់ក្រុម Spamouflage នេះធ្វើការផ្សព្វផ្សាយចែករម្លែក ដោយភ្ចាប់នឹងការអត្ថាធិប្បាយថា «ការបរាជ័យរបស់លោក Biden ជាការសន្និដ្ឋានដឹងមុន»។
លោកLiu Pengyu អ្នកនាំពាក្យស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយនៅក្នុងសេចក្តីថ្លែងកាណ៍មួយ ដែលផ្ញើឱ្យវីអូអេថា ប្រទេសចិន«ប្រកាន់យកគោលការណ៍មិនចូលជ្រៀតជ្រែក» ហើយការអះអាងដែលថា រដ្ឋាភិបាលក្រុងប៉េកាំងមានឥទ្ធិពលលើការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះ ជាការ«មួលបង្កាច់សុទ្ធសាធ»។
នៅក្នុងជំនួបតាមទូរសព្ទនោះ មេដឹកនាំទាំងពីរបានពិនិត្យឡើងវិញពីការចម្រើនទៅមុខលើបញ្ហាសំខាន់ៗមួយចំនួន ដែលត្រូវបានពិភាក្សានៅក្នុងជំនួបកំពូលក្នុងទីប្រជុំជន Woodside កាលពីពេលកន្លងទៅ ដែលរួមមានកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទប់ស្កាត់ការរត់ពន្ធសារធាតុញៀនហ្វែនតាណល់ និងទំនាក់ទំនងរវាងយោធាដែលទើបបង្កើតឡើងក្នុងពេលថ្មីៗនេះ ក៏ដូចជាការដោះសា្រយលើហានិភ័យបញ្ញាសិប្បនិម្មិត និងកិច្ចប្រឹងប្រែងលើការបម្រែបម្រួលអាកាសធាតុ និងទំនាក់ទំនងរវាងប្រជាជនផងដែរ។ នេះបើយោងទៅលើខ្លឹមសារនៃការពិភាក្សាគ្នាតាមទូរសព្ទ ដែលសេតវិមានបានផ្សព្វផ្សាយ។
មុនកិច្ចជំនួបកំពូលត្រីភាគីរវាងអាមេរិក ជប៉ុននិងហ្វីលីពីន
ការពិភាក្សាតាមទូរសព្ទរវាងលោក Biden និងលោក Xi កើតមានឡើងខណៈដែលសេតវិមាន កំពុងត្រៀមរៀបចំជំនួបកំពូលត្រីភាគីមួយ ដែលលោក Biden នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃទី១១ខែមេសាខាងមុខនេះ។
កិច្ចប្រជុំត្រីភាគីដែលមិនធ្លាប់មានពីមុនមកនេះ មានកំណត់នឹងលើកឡើងពីគំនិតផ្តួចផ្តើមមួយចំនួន ដែលរួមមានការបង្កើនកិច្ចសហប្រតិបត្តិការដែនសមុទ្រ ដើម្បីទប់ទល់នឹងអកប្បកិរិយាដ៏គឃ្លើនរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលក្រុងប៉េកាំងបានទាមទារយកស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីន វៀតណាម កោះតៃវ៉ាន់ ម៉ាឡេស៊ី និងប្រទេសព្រុយណេក៏ទាមទារចំណែករបស់ខ្លួនផងដែរ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានការបារម្ភជុំវិញឧប្បត្តិហេតុនាពេលថ្មីៗនេះជាមួយប្រទេសចិន ដែលបានប្រើប្រាស់កាណុងបាញ់ទឹកដល់នាវារបស់ហ្វីលីពីន ដើម្បីរារាំងនាវានេះមិនឱ្យដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅកាន់តំបន់ Second Thomas Shoal ក្នុងតំបន់សមុទ្រខាងត្បូង។ ចាប់តាំងពីឆ្នាំ១៩៩៩មក ទាហានហ្វីលីពីន បានយាមការពារលើនាវាចំណាស់មួយគ្រឿងនៅក្នុងតំបន់ថ្មប៉ប្រះទឹកនេះ ដើម្បីរក្សាការទាមទារបូរណភាពទឹកដីរបស់ខ្លួន ក្នុងប្រជុំកោះ Spratly នៃសមុទ្រចិនខាងត្បូងនេះ។
គោលបំណង[របស់លោក Biden]គឺដើម្បីបញ្ជាក់ច្បាស់ទៅកាន់លោក Xiថា សហរដ្ឋអាមេរិកនឹងមិនឈរស្ងៀមឡើយ ប្រសិនបើការប្រើអំណាចបង្ខិតបង្ខំ ក្នុងតំបន់ដែលប្រទាញប្រទង់ឬតំបន់ពណ៌ ប្រផេះនៅតែបន្តឡើងកម្តៅ ដែលនឹងអាចនាំទៅដល់ការបាត់បង់អាយុជីវិតរបស់ក្រុមនាហ្វឹកហ្វីលីពីន។ នេះបើតាមលោកGregory Polling ដែលបានប្រាប់វីអូអេ ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយ នៅមជ្ឈមណ្ឌលការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រកាលពីថ្ងៃទី២ខែមេសាកន្លងទៅ។ លោក Polling ជានាយកកម្មវិធីអាស៊ីអាគ្នេយ៍និងគំនិតផ្តួចផ្តើមតម្លាភាពនៃលំហសមុទ្រអាស៊ីរបស់មជ្ឈមណ្ឌល CSIS។
យុទ្ធសាស្ត្រតំបន់ពណ៌ប្រផេះគឺសំដៅលើសកម្មភាពនិងទង្វើ ដែលអាចនាំឱ្យមានសន្តិភាពឬសង្គ្រាម ដែលស្ថិតក្នុងតំបន់ជម្លោះប្រដាប់អាវុធ។ ការបាញ់កាណុងទឹករបស់ឆ្មាំសមុទ្រចិន ជាឧទាហរណ៍មួយនៃសកម្មភាពក្នុងតំបន់ប្រផេះ តែក៏មិនអាចនាំទៅដល់ការប្រើប្រាស់សន្ធិសញ្ញាការពារជាតិរូមគ្នារវាងហ្វីលីពីននិងអាមេរិក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១នោះឡើយ។
ខណៈដែលកោះតៃវ៉ាន់ កំពុងត្រៀមខ្លួនរៀបចំពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់ខ្លួននៅខែក្រោយនេះ លោក Biden សង្កត់ធ្ងន់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការឱ្យដឹងរបស់សេតវិមាន។ រដ្ឋាភិបាលក្រុងប៉េកាំងបានចាត់ទុកដែនកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះថា ជាខេត្តដ៏ចចេសរឹងរូសមួយរបស់ខ្លួន ហើយបញ្ហាឆ្លងច្រកសមុទ្រនេះ ជាប្រភពដ៏ស្រួចស្រាល់បំផុតនៃភាពតានតឹង នៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។ សកម្មភាពព្យាបាទតាមប្រព័ន្ធអ៊ិនធឺណិតដោយប្រទេសចិន ជាក្តីបារម្ភដ៏សំខាន់មួយទៀតសម្រាប់សហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់អាមេរិកដដែលរូបនេះក៏បានលើកឡើងផងដែរ ពីការចូលរួមផ្នែកការទូតរបស់អាមេរិក ដូចជាការទៅធ្វើទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក អ្នកស្រី Janet Yellen ទៅកាន់ប្រទេសចិនក្នុងខែមេសានេះ និងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken ទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗខាងមុខ។ សហរដ្ឋអាមេរិកនិងប្រទេសចិន មានកំណត់ជួបសន្ទនាគ្នាលើការគ្រប់គ្រងពីហានិភ័យនៃបច្ចេវិទ្យាបញ្ញាសិប្បនិម្មិតផងដែរក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរលើបញ្ហាតំបន់និងសាកលមួយចំនួន ដោយលោកBiden លើកឡើងពីក្តីបារម្ភជុំវិញការគាំទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំង លើមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី និងផលប៉ះពាល់ដែលកើតចេញពីបញ្ហានេះ ទៅលើសន្តិសុខឆ្លងមហាសមុទ្រអាត្លង់ទិកនិងអឺរ៉ុប ការលុបបំបាត់អាវុធនុយក្លេអ៊ែរក្នុងឧបទ្វីបកូរ៉េខាងជើង និងការការពារសិទ្ធិមនុស្សក្នុងក្រុងហុងកុងនិងតំបន់ស៊ីនជាំងផងដែរ៕