ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ធ្វើ​ទស្សនកិច្ច​លើក​ទី​ពីរ​ទៅ​ចិន​ចំពេល​មាន​ភាព​តានតឹង


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​បាន​មកដល់​ទីក្រុងប៉េកាំង​កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០២៣។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​បាន​មកដល់​ទីក្រុងប៉េកាំង​កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ​នេះ​សម្រាប់​ការ​ពិភាក្សា​ជាច្រើន​ថ្ងៃ​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​ចិន​នៅ​ក្នុង​ទីក្រុង​សៀងហៃ​និង​ទីក្រុង​ប៉េកាំង។

ទស្សនកិច្ច​លើក​ទី​ពីរ​របស់​លោក Blinken ទៅកាន់​ប្រទេស​ចិន​នេះ​បាន​ធ្វើឡើង​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ព្រមាន​ចិន​មិន​ឱ្យ​ជួយ​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​តាម​រយៈ​ក្រុមហ៊ុន​ចិន​ផ្គត់ផ្គង់​ដោយ​ផ្ទាល់​នូវ​គ្រឿង​ផ្សំ​សំខាន់ៗ​សម្រាប់​មូលដ្ឋាន​ឧស្សាហកម្ម​ផ្នែក​ការពារ​របស់​រុស្ស៊ី។

បញ្ហា​សំខាន់ៗ​ផ្សេង​ទៀត​នៅ​លើ​របៀបវារៈ​នៃ​ការ​ពិភាក្សា​នេះ​រួមមាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន ការ​ពង្រឹង​សារគមនាគមន៍​រវាង​យោធា​និង​យោធា ការ​បង្កើត​ការ​ពិភាក្សា​លើ​ហានិភ័យ​និង​សុវត្ថិភាព​នៃ​បច្ចេកវិទ្យា AI និង​ការ​រុករក​វិធី​ពង្រឹង​ទំនាក់ទំនង​រវាង​ពលរដ្ឋ​ទៅ​ពលរដ្ឋ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​អាមេរិក។

មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា សហរដ្ឋ​អាមេរិក «មាន​ភាព​ប្រាកដ​និយម​និង​ជាក់ច្បាស់​អំពី​ក្ដី​រំពឹង​ថា​នឹង​មាន​ដំណោះស្រាយ» លើ​បញ្ហា​ណាមួយ​នៅលើ​របៀបវារៈ​នេះ។ អ្នក​វិភាគ​ខ្លះ​ថា ពួកគេ​មិន​រំពឹង​ថា​នឹង​មាន​លទ្ធផល​ប្រសើរ​ណាមួយ​កើតចេញ​ពី​ការ​ពិភាក្សា​នេះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រាប់ VOA ក្នុង​អំឡុង​សន្និសីទ​កាសែត​តាម​អនឡាញ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា សហរដ្ឋ​អាមេរិក «ត្រៀម​លក្ខណៈ​ដើម្បី​ចាត់​វិធានការ» នៅ​ពេល​ណា​ដែល​ចាំបាច់​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន​ណា​ដែល «ធ្វើ​ឱ្យ​អន្តរាយ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ទាំង​នៅ​អ៊ុយក្រែន​និង​អឺរ៉ុប»។

សហរដ្ឋ​អាមេរិក​អាច​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ចិន​ណា​ដែល​ជួយ​សម្របសម្រួល​ដល់​ការ​ផ្ទេរ​គ្រឿង​ផ្សំ​សំខាន់ៗ​សម្រាប់​ផលិតកម្ម​អាវុធ​របស់​រុស្ស៊ី។ នេះ​បើ​យោង​តាម​អ្នក​វិភាគ។ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​រួច​មក​ហើយ​លើ​បុគ្គល​និង​ក្រុមហ៊ុន​ចិន​ណា​ដែល​បាន​ផ្គត់ផ្គង់​គ្រឿង​ផ្សំ​នានា​ដល់​រុស្ស៊ី ហើយ​កំពុង​ទាក់ទាញ​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​អឺរ៉ុប​ឱ្យ​ចាត់​វិធានការ​ស្រដៀង​គ្នា​នេះ។

ចិន​បាន​ច្រានចោល​នូវ​អ្វី​ដែល​មន្ត្រី​ចិន​ហៅ​ថា​ជា​ការ​ប៉ុនប៉ង​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ការ «បង្ខូច​កេរ្តិ៍ឈ្មោះ» ឬ «វាយ​ប្រហារ​ទំនាក់ទំនង​ជា​ប្រក្រតីរវាង​ចិន​និង​រុស្ស៊ី»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG