ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថា ខ្លួន​បាន​ប្រុងប្រៀប​រួចហើយ​ដើម្បី​ចាប់ផ្តើម​​ចរចា​ជាមួយ​រុស្ស៊ី


រូបឯកសារ៖ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់រដ្ឋបាលលោកBiden ថ្លែងក្នុងសន្និសីទប្រចាំថ្ងៃនៅឯសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៦ ខែតុលា។ (AP)
រូបឯកសារ៖ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់រដ្ឋបាលលោកBiden ថ្លែងក្នុងសន្និសីទប្រចាំថ្ងៃនៅឯសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៦ ខែតុលា។ (AP)

សេតវិមាន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក បាន​ប្រុងប្រៀប​ខ្លួន​រួចហើយ​ដើម្បី​ចាប់ផ្តើម​ការចរចា​ខាង​ការទូត​ជាមួយ​ប្រទេស​រុស្ស៊ី​តាម​រយៈ​បណ្តាញ​ជាច្រើន ក៏ប៉ុន្តែ សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ ត្រូវតែ​ដោះស្រាយចំពោះ​ការព្រួយកង្វល់​របស់​ប្រទេស​លោក​ខាង​លិច​អំពី​ការ​ពង្រាយ​កម្លាំង​យោធា​របស់​ខ្លួន​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន។

ទីប្រឹក្សា​សន្តិសុខជាតិ​សហរដ្ឋ​អាមេរិក​លោក Jake Sullivan បាន​និយាយ​ជាមួយ​សមភាគី​របស់​លោក​គឺ​លោក Yuri Ushakov ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Puitn ដោយ​សេតវិមាន​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក មាន​ឆន្ទៈ​ចរចា​ជាមួយ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​និង​តាម​រយៈ​ក្រុមប្រឹក្សា​អង្គការ​អូតង់​និង​រុស្ស៊ី (NATO-Russia Council)​និង​អង្គការ​សម្រាប់​សន្តិសុខ​និង​សហប្រតិបត្តិការ​នៅ​ក្នុង​តំបន់​អឺរ៉ុប (Organization for Security and Co-operation in Europe)។

សេតវិមាន បាន​និយាយ​ថា លោកSullivan បាន​ប្រាប់​លោក Ushakov ថា៖ «រាល់​ការ​សន្ទនា​ណាមួយ​ត្រូវ​ផ្អែក​លើ​ភាព​មាន​ទៅ​វិញ​ទៅ​មក​និង​ការ​ដោះស្រាយ​ការ​ព្រួយ​កង្វល់​របស់​យើង​អំពី​សកម្មភាព​របស់​រុស្ស៊ី។

នៅ​ក្នុង​ជំនួប​កំពូល​តាម​អនឡាញ​កាលពី​២សប្តាហ៍​មុន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ព្រមាន​លោក Putin​ថា សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាងតឹងរ៉ឹង​ប្រឆាំង​នឹង​រុស្ស៊ី ប្រសិន​បើ​រុស្ស៊ី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​ដាក់​ពង្រាយ​កងទ័ព​រាប់​ម៉ឺន​នាក់​នៅ​តាម​បណ្តោយ​ព្រំដែន​ភាគ​ខាង​កើត​របស់​អ៊ុយក្រែន ថ្វីបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ចង្អុល​បង្ហាញ​ថា ខ្លួន​មិន​ជឿ​ថា លោក Putin បាន​សម្រេច​ចាប់ផ្តើម​វាយ​ប្រហារ​លើ​ប្រទេស​អ៊ុក្រែន​នោះ​ទេ ក៏​ដោយ។

មិន​មាន​អត្ថាធិប្បាយ​ភ្លាមៗ​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​អំពី​អត្ថាធិប្បាយ របស់​លោក Sullivan និង​លោក Ushakov​ទេ៕

XS
SM
MD
LG