ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍«បានជំរុញឲ្យប្រទេសរុស្ស៊ីបន្ថយការតានតឹងជាមួយប្រទេសអ៊ុយក្រែន»នៅក្នុងការនិយាយតាមទូរស័ព្ទរយៈពេល៥០នាទីជាមួយប្រធានាធិបតីរុស្ស៊ី។ នេះតាមការបញ្ជាក់របស់សេតវិមាន។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកបាននិយាយថា លោកប្រធានាធិបតី Vladimir Putin មិនបានសន្យាជាក់លាក់អំពីកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ពង្រាយនៅតាមបណ្តោយព្រំដែនជាមួយប្រទេសអ៊ុយក្រែនទេ។
លោកស្រីJen Psaki អ្នកនាំពាក្យសេតវិមានបាននិយាយថា លោកBiden «បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួន នឹងឆ្លើយយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនថែមទៀត។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលវិមានក្រឹមឡាំងបានប្រាប់ពួកអ្នកកាសែតថា អំឡុងពេលសន្ទនាតាមទូរស័ព្ទនោះ លោកBidenបានព្រមានលោក Putin ជាថ្មីម្តងទៀតថា សហរដ្ឋអា មេរិកនិងសម្ព័ន្ធមិត្តនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ លោក Putin បានឆ្លើយតបដោយព្រមានថា ចំណាត់ការបែបនេះអាចបំផ្លាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី។
លោកស្រី Psaki បានបន្ថែមទៀតថាប្រទេសទាំង២នឹងចូលរួមការចរចាដាច់ដោយឡែកពីគ្នាចំនួន៣នៅខែក្រោយគឺ៖ លើកទី១ គឺការចរចាទ្វេភាគីចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ហើយបន្ទាប់មកការចរចាពហុភាគីរវាងអង្គការអូតង់និងក្រុមប្រឹក្សារុស្ស៊ីហើយនឹងជាមួយអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប។
លោកស្រី Psaki បានបន្ថែមទៀតថា«លោក Biden បានបញ្ជាក់ឡើងវិញថា ការជឿនលឿនជាដុំកំភួននៅក្នុងការសន្ទនាទាំងនោះអាចកើតមានឡើងក្នុងបរិយាកាសកាត់បន្ថយការតាន តឹងជាជាងបង្កើនការតានតឹង»។
អស់រយៈពេលជាច្រើនខែហើយលោក Putinបានដាក់ពង្រាយកងទ័ពនៅតាមបណ្តោយព្រំដែនរុស្ស៊ីនិងអ៊ុយក្រែន។ តាមការពិនិត្យមើលរូបថតតាមផ្កាយរណប ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានប៉ាន់ស្មានថាមានកងទ័ពរុស្ស៊ីរហូតដល់១សែននាក់នៅក្នុងតំបន់នោះ។ ក្នុងខណៈនោះដែរអ៊ុយក្រែនបានដាក់ពង្រាយកងទ័ពនៅខាងព្រំដែនរបស់ខ្លួនដែរ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AFP។