កាលពីថ្ងៃអាទិត្យ មនុស្សពីរនាក់បានស្លាប់នៅក្នុងការផ្ទុះគ្រាប់បែកមួយនៅក្នុងក្រុង Kharkiv កាន់កាប់ដោយអាជ្ញាធរអ៊ុយក្រែន នៅពេលដែលក្រុមអ្នកគាំទ្ររដ្ឋាភិបាលនៅទីនោះ និងនៅកន្លែងឯទៀតៗបានប្រារព្ធខួបមួយឆ្នាំនៃការទម្លាក់តំណែងលោក Viktor Yanukovych ប្រធានាធិបតីលម្អៀងទៅខាងអាជ្ញាធរវិមានក្រឹមទ្បាំង។
អាជ្ញាធរបាននិយាយថាមានមនុស្សយ៉ាងតិចណាស់១០នាក់ទៀតបានត្រូវរបួសដោយការផ្ទុះគ្រាប់បែកនេះនៅក្នុងការដើរក្បួនមួយរំឭកដល់ការទម្លាក់លោក Yanukovych ចេញពីតំណែង។ក្រុង Kharkiv ឋិតនៅជាង២០០គ.ម.ពីខ្សែបន្ទាត់ជួរមុខដែលនៅទីនោះក្រុមទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្សីបានប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលក្រុង Kyiv ក៏ប៉ុន្តែក្រុមឧទ្ទាមបានធ្វើការតវ៉ាប្រកបដោយអំពើហិង្សានៅក្នុងក្រុងធំបំផុតនៃប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនកាលពីឆ្នាំទៅមិញ។
ក្រុមប៉ូលិសបាននិយាយថាជនជាប់សង្ស័យមួយចំនួនបានត្រូវចាប់ខ្លួននៅក្នុងការវាយប្រហារកាលពីពេលថ្មីបំផុតនេះ ដោយមន្ត្រីសន្តិសុខអ៊ុយក្រែនម្នាក់បាននិយាយថាពួកជនទាំងនេះបានថ្លែងថាពួកគេបានទទួលអាវុធនិងការហ្វឹកហ្វឺននៅក្នុងប្រទេសរុស្សី។
ប្រជារាស្ត្រអ៊ុយក្រែនរាប់ពាន់នាក់ដឹកនាំដោយលោកប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko បានប្រារព្ធពិធីមួយដោយសន្តិវិធីនៅក្នុងទីលានឯករាជ្យដើម្បីរំឮកខួបនេះ និងរំឭកដល់មរណភាពរបស់ក្រុមបាតុករប្រឆាំងនឹងលោកYanukovich ១០០នាក់កាលពីឆ្នាំទៅមិញ៕