ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ទុះគ្រាប់បែក​ក្នុង​ក្រុងកាប៊ុលនិង​ការវាយ​ប្រហារ​នៅកន្លែងផ្សេងៗជាឧបសគ្គ​ដល់កិច្ច​ឈប់បាញ់គ្នា


កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានប្រមូលផ្តុំនៅកន្លែងមានការផ្ទុះគ្រាប់បែកនៅក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានប្រមូលផ្តុំនៅកន្លែងមានការផ្ទុះគ្រាប់បែកនៅក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

ការ​ផ្ទុះគ្រាប់បែកមួយ​នៅក្នុង​រដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថានកាល​ពី​ថ្ងៃ​ពុធ​បានបណ្តាល​ឱ្យ​ជនស៊ីវិល​យ៉ាង​តិច​ណាស់ ៩នាក់ត្រូវ​របួស ហើយការណ៍​នេះ​ជា​ឧប្បត្តិហេតុទីមួយ​នៃ​អំពើហិង្សា​នៅក្នុង​រយៈពេល​កាត់បន្ថយ​ការ​ប្រយុទ្ធ​គ្នា​ដែលមានការយល់ព្រម​ពី​កងកម្លាំង​សន្តិសុខ​នៃរដ្ឋាភិបាល​អាហ្វហ្គានីស្ថានគាំ​ទ្រ​ដោយ​សហរដ្ឋអាមេរិកនិង​ក្រុមបះបោរតាលីបង់។

អ្នកនាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃអាហ្វហ្គានីស្ថានលោក Nasrat Rahimi បាននិយាយថា​គ្រឿងផ្ទុះនេះបាន​ត្រូវដាក់ក្នុងម៉ូតូមួយ​គ្រឿង។​ លោកបានថ្លែងថា ​ស្ត្រីម្នាក់ឋិតក្នុងចំណោមពួកជន​រងគ្រោះ។ លោក Rahimi បាននិយាយ​បន្ថែម​ថា​កំពុង​មានការស៊ើបអង្កេត​ដើម្បី​ឱ្យ​ដឹង​ថា​នរណា​នៅ​ពីក្រោយការ​វាយ​ប្រហារនេះ។

គ្មានការ​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវជាបន្ទាន់ទេ។

ក្រុមតាលីបង់​បានបដិសេធ​ជាបន្ទាន់​ថា​ ខ្លួនគ្មាន​ទាក់ទិន​នឹង​ការ​វាយ​ប្រហារនេះទេ ដោយ​និយាយ​ថា ​ការ​បំផ្ទុះគ្រាប់បែកនេះ​ «ហាក់ដូចជា​ការងារ​ព្យាបាទ​របស់​បណ្តាញស៊ើបការ​សម្ងាត់​របស់​រដ្ឋាភិបាល​ដើម្បី​បង្កើត​ឱ្យមានការ​មិន​ទុកចិត្តគ្នា»។

​កិច្ច​ព្រមព្រៀង​កាត់បន្ថយ​ការប្រយុទ្ធគ្នា​៧ថ្ងៃដែល​បានយល់ព្រមទៅ​វិញទៅមកបានចូល​ជា​ធរមានកាល​ពីថ្ងៃសៅរ៍ដោយ​កងកម្លាំងអាហ្វហ្គានីស្ថានគាំទ្រ​ដោយ​សហរដ្ឋអាមេរិកនិងក្រុមបះបោរ​បានសន្យា​ថា ​មិនធ្វើកិច្ចប្រតិបត្តិការ​វាយលុកទេ។

កិច្ច​ព្រៀង​ឈប់បាញ់គ្នា​នេះ​នឹងឡើង​ដល់កម្រិត​ខ្ពស់បំផុត​នៅថ្ងៃទី​២៩ ខែកុម្ភៈជាមួយការ​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិភាពមួយរវាង​សហរដ្ឋអាមេរិក និងក្រុមតាលីបង់​នៅក្នុង​ក្រុង​ Dohar ប្រទេស​កាតានៅតំបន់ឈូង​សមុទ្រពែក។

ក្រុមមន្ត្រី​អាហ្វហ្គានីស្ថានបាននិយាយថា​ កាលពី​ថ្ងៃពុធ​ ក្រុមបះបោរតាលីបង់បានធ្វើការ​វាយ​ប្រហារ​នៅក្នុងខេត្តមួយ​ចំនួន​ចាប់តាំង​ពី​កិច្ចព្រមព្រៀង​ដោយ​ផ្នែក​នេះបាន​ចូល​ជា​ធរមាន​ បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ ២៤នាក់ ដែលភាគ​ច្រើន​ជា​បុគ្គលិក​ខាងសន្តិសុខ​បាត់បង់​ជីវិត។

គ្មានប្រតិកម្មជាបន្ទាន់ពី​ពួកតាលី​បង់អំពី​ការ​ចោទ​ប្រកាន់នេះ​របស់រដ្ឋាភិបាល​ក្រុង Kabul ទេ​ ទោះ​ណាជា​ពួកបះបោរ​នេះបាននិយាយ​ទទូច​ថា ​ពួកគេ​បានយល់ព្រមជាមួយ​សហរដ្ឋអាមេរិក ដើម្បី​សង្កេតការ​អំពី​ការ​កាត់បន្ថយអំពើ​ហិង្សា​ហើយមិនមែនអំពី «កិច្ច​ឈប់បាញ់គ្នា» ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG