លោក Donald Trump គូប្រកួតប្រជែងនាំមុខបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋឆ្នាំ២០១៦ បានធ្វើឲ្យមានការគិតគូរពិចារណាថ្មីដោយបញ្ចប់ការផ្តល់សញ្ជាតិថ្មីដែលមានរយៈពេលជិត១៥០ឆ្នាំដល់ជនណាដែលកើតនៅសហរដ្ឋអាមេរិក។
មហាសេដ្ឋីអចលនទ្រព្យដែលបានទទួលការគាំទ្រយ៉ាងខ្លាំងនៅក្នុងការស្ទង់មតិអ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋដែលអំពាវនាវឲ្យនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១១លាននាក់នៅក្នុងសហរដ្ឋអាមេរិកនិយាយថា ពលរដ្ឋដែលមានសិទ្ធិចូលសញ្ជាតិពីកំណើត នៅតែជាការទាក់ទាញដ៏ខ្លាំងមួយសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់។
លោកចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដើម្បីដកចេញវិសោធនកម្មទី១៤ដែលប្រកាសថា មនុស្សទាំងអស់ដែលកើត ឬចូលសញ្ជាតិនៅក្នុងសហរដ្ឋអាមេរិកជាពលរដ្ឋអាមេរិកាំងនោះ។
៥ខែមុនពេលការប្រកួតប្រជែងពីរដ្ឋមួយទៅរដ្ឋមួយលើកដំបូងដើម្បីជ្រើសរើសអ្នកបានទទួលការតែងតាំងជាបេក្ខជនខាងគណបក្សសាធារណរដ្ឋ លោក Trump ហើយនិងគូប្រកួតប្រជែង១៦នាក់ផ្សេងទៀតដើម្បីទទួលបានការតែងតាំងនៅក្នុងគណបក្ស កំពុងអំពាវនាវឲ្យមានវិធានការដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍គ្មានក្រដាសស្លាមដែលបានឆ្លងកាត់តាមព្រំដែនភាគខាងត្បូងរវាងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិក។
ក៏ប៉ុន្តែ មិនមែនគូប្រកួតប្រជែងទាំងអស់គាំទ្រការអំពាវនាវរបស់លោក Trump ឲ្យបញ្ចប់ពលរដ្ឋសិទ្ធិពីកំណើតនោះទេ ដែលរួមមានគូប្រកួតប្រជែងសំខាន់ៗ២នាក់របស់លោកគឺ លោក Jeb Bush អតីតអភិបាលរដ្ឋ Florida និងជាកូនប្រុស និងប្អូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក២រូប ហើយនិងលោក Marco Rubioសមាជិកព្រឹទ្ធសភារដ្ឋ Florida៕