គណៈកម្មាធិការខាងស៊ើបការសម្ងាត់របស់ព្រឹទ្ធសភាអាមេរិកបានចេញផ្សាយរបាយការណ៍របស់គណបក្សទាំងពីរដែលអំពាវនាវដល់រដ្ឋាភិបាលអាមេរិកនិងឧស្សាហកម្មឯកជនឱ្យបញ្ចៀសកុំឱ្យគេហទំព័របណ្តាញសង្គមត្រូវប្រើប្រាស់ដើម្បីជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ ដូចដែលត្រូវធ្វើកាលពីឆ្នាំ២០១៦។
សេចក្តីរាយការណ៍នេះដែលបានត្រូវចេញផ្សាយកាលថ្ងៃអង្គារនៅក្រោយការស៊ើបអង្កេតជាងពីរឆ្នាំអំពីការស៊ើបអង្កេតស្តីពីការជ្រៀតជ្រែករបស់បរទេសក្នុងការបោះឆ្នោតក្នុងប្រទេសអាមេរិកបានរកឃើញថា ទីភ្នាក់ងារស្រាវជ្រាវខាងអ៊ីនធឺណិតដែលគាំទ្រដោយវិមានក្រឹមឡាំង «ស្វះស្វែងឱ្យមានឥទ្ធិពលលើការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ ដោយធ្វើឱ្យខូចប្រយោជន៍ដល់ឱកាសជោគជ័យរបស់លោកស្រី Hillary Clinton ហើយគាំទ្រលោក Donald Trump តាមបញ្ជារបស់អាជ្ញាធរវិមានក្រឹមឡាំង»។
ការរកឃើញនេះមានដូចនឹងភស្តុតាងដែលសហគមន៍ស៊ើបការសម្ងាត់អាមេរិកបានរកឃើញនៅក្រោយការបោះឆ្នោតកាលពីឆ្នាំ២០១៦ ដែលនៅពេលនោះលោក Trump បានឈ្នះលោកស្រី Hillary Clinton ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ។ របាយការណ៍នេះបាននិយាយថា ការជ្រៀតជ្រែកទំនងជានឹងមាននៅមុនការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០៕