អូសាម៉ា ប៊ិន ឡាដិន (Osama bin Laden) ដែលបានបញ្ជាឱ្យមានការវាយប្រហារដោយក្រុមអាល់កៃដា(al-Qaida) កាលពីឆ្នាំ២០០១ នៅក្នុងស.រ.អា. បណ្តាលឱ្យមនុស្សជិត៣០០០នាក់ស្លាប់ បានអះអាងនៅក្នុងឯកសារបណ្តាំចុងក្រោយរបស់គាត់ថា គាត់មានធនធានផ្ទាល់ខ្លួនប្រមាណ២៩លានដុល្លារ ក្នុងនោះភាគច្រើនគាត់ចង់ចំណាយ«លើសង្គ្រាមសាសនា ដើម្បីភាពអស្ចារ្យរបស់ព្រះ Allah»។
ស.រ.អា.បានផ្សព្វផ្សាយឱ្យដឹងអំពីឯកសារបណ្តាំនេះកាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃឯកសារលាក់កំបាំងចំនួន១១៣ ដែលត្រូវបានរឹបអូសយកបាននៅក្នុងបរិវេណផ្ទះរបស់ ប៊ិន ឡាដិន នៅក្នុងក្រុង Abbottabad ប្រទេសប៉ាគីស្ថាន នៅពេលដែលកង commados ស.រ.អា.បានសម្លាប់គាត់ នៅក្នុងការឆ្មក់វាយប្រហារមួយកាលពីជិត៥ឆ្នាំមុននេះ។
ឯកសារទាំងនេះដែលត្រូវបានសរសេរជាភាសាអារ៉ាប់ ត្រូវបានបកប្រែនិងត្រូវបានចាត់ទុកថាមិនមែនជាការសម្ងាត់ ជាបណ្តុំទីពីរនៃសំណុំឯកសារដែលត្រូវបានផ្សព្វផ្សាយ ហើយដែលក្រុមទាហាន SEAL នៃកងទ័ពជើងទឹកស.រ.អា.បានយកពីកន្លែងលាក់ខ្លួនរបស់ ប៊ិន ឡាដិន ដែលនៅទីនោះគាត់បានរស់នៅជាមួយប្រពន្ធនិងញាតិសន្តានគាត់។
ស.រ.អា.បាននិយាយថា ខ្លួនគ្រោងនឹងផ្សព្វផ្សាយអំពីឯកសារថែមទៀតនៅពេលបន្ទាប់មកទៀតក្នុងឆ្នាំនេះ។
ឯកសារទាំងនេះដែលភាគច្រើនមានរយៈពេលពីឆ្នាំ២០០៩ដល់ឆ្នាំ២០១១ បង្ហាញថា ប៊ិន ឡាដិន ដែលមានអាយុ៥៤ឆ្នាំ នៅពេលគាត់ត្រូវបានសម្លាប់ មានការព្រួយបារម្ភខ្លាំងឡើងៗថា ស.រ.អា.នឹងអាចរកឃើញកន្លែងគាត់លាក់ខ្លួនតាមរយៈក្រុមចារបុរសបន្លំខ្លួនក្នុងក្រុមអាល់កៃដា តាមរយៈយន្តហោះគ្មានមនុស្សបើកនៅក្នុងអាកាស ឬគ្រឿងសម្ងាត់សម្រាប់តាមដាន៕