លោក Mike Bloomberg មហាសេដ្ឋីអាមេរិកខាងវិស័យសារព័ត៌មាន បានប្រកាសនៅថ្ងៃពុធនេះថា លោកបានបោះបង់ចោលយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យ ហើយបានប្រកាសគាំទ្រលោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក ដែលកំពុងក្លាយជាបេក្ខជននាំមុខគេ។
លោកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កាលពីបីខែមុន ខ្ញុំបានសម្រេចចូលរួមការប្រកួតប្រជែងដើម្បីក្លាយជាបេក្ខជនប្រធានាធិបតី ដើម្បីផ្តួលលោក ដូណាល់ ត្រាំ។ ថ្ងៃនេះ ខ្ញុំសម្រេចចាកចេញការប្រកួតនេះ ដោយផ្អែកលើហេតុផលដដែល គឺដើម្បីផ្តួលលោក ដូណាល់ ត្រាំ ដោយសារតែខ្ញុំកាន់តែមើលឃើញច្បាស់ថា បើខ្ញុំនៅតែបន្តចូលរួមការប្រកួត នោះវាកាន់តែលំបាកក្នុងការសម្រេចគោលបំណងរបស់យើង»។
មហាសេដ្ឋីរូបនេះ ដែលជាអតីតអភិបាលក្រុងញូវយ៉ក បានចំណាយប្រាក់រាប់រយលានដុល្លារអាមេរិក ក្នុងការធ្វើយុទ្ធនាការប្រកួតប្រជែងដើម្បីក្លាយជាបេក្ខជនប្រធានាធិបតី ប៉ុន្តែលោកបានចាញ់ការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីព្រមៗគ្នា ឬ Super Tuesday ដែលធ្វើឡើងក្នុងរដ្ឋចំនួន ១៤ ដែលជាថ្ងៃបោះឆ្នោតបឋមដ៏សំខាន់មួយសម្រាប់គណបក្សប្រជាធិបតេយ្យ៕