ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី៖ ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នឹង​ត្រូវ​អនុម័ត​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន


រូបឯកសារ៖ ស្រ្តី​ជាអ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​អាន​កាសែត​«​ប្រជាជន​»​​​​ក្នុង​អំឡុង​ពេល​រំលឹក​ខួបទី​៦៥​ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា​ ឆ្នាំ​២០១៦​ ​រាជធានី​ភ្នំពេញ ដែល​មាន​អ្នក​ចូលរួមរាប់​រយ​នាក់​។

មន្រ្តី​ក្រសួង​ព័ត៌មាន​ឲ្យ​ដឹង​ថា​ កម្ពុជា​បាន​បញ្ចប់​ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ​ហើយ​នឹង​បញ្ជូន​ទៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ដើម្បី​អនុម័ត​នៅ​ពេល​ខាង​មុខ​នេះ។

លោក​មាស សុភ័ណ្ឌ ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ មាន​ប្រសាសន៍​ថា​មន្ត្រី​ក្រសួង​ព័ត៌មាន​នឹង​ត្រូវ​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​បន្ថែម​ទៀត​ដើម្បី​កែ​សម្រួល​ទម្រង់​សេចក្តី​ព្រាង​ច្បាប់​នេះ​ឲ្យ​ស្រប​តាម​សេចក្តី​ជូន​ដំណឹង​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី។​

លោក​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ ​«ខ្លឹម​សារ​ ជា​រួម​អាច​និយាយ​បាន​ថា​ ឯក​ភាព​រួច​រាល់​ហើយ ​ ប៉ុន្តែ​អាច​ប្រែប្រួល​តិច​តួច ​ឬ​យ៉ាង​ណា​នោះ​គឺ​នៅ​ពេល​ដែល​ក្រសួង​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្រី្ត​ ដើម្បី​កែ​សម្រួល​ទម្រង់​នៃ​ច្បាប់​ឲ្យ​ស្រប​តាម​សេចក្តី​ជូន​ដំណឹង​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី»។​

លោក​បញ្ជាក់​ថា៖ ​«ក្រសួង​នឹង​រៀបចំ​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ទៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ឲ្យ​បាន​ឆាប់​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។​

សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​សារៈ​ប្រយោជន៍​សម្រាប់​សាធារណជន​ទូទៅ ​រួម​ទាំង​អ្នក​សារ​ព័ត៌មាន​ផង​ដែរ ​ដែល​អាច​សុំ​ព័ត៌មាន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​ដែល​VOA​ទទួល​បាន ​ មាត្រា​៣​នៃ​ច្បាប់​នេះ​ចែង​ថា​ ច្បាប់​នេះ​មាន​វិសាល​ភាព​អនុវត្ត​ចំពោះ​ព័ត៌មាន​គ្រប់​ប្រភេទ​ដែល​ត្រូវ​ផ្តល់​ដោយ​ស្ថាប័ន​សាធារណៈ​ទាំង​រដ្ឋបាល​ថ្នាក់​ជាតិ​ ទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​លើក​លែង​តែ​ព័ត៌មាន​សម្ងាត់​ដែល​ស្ថិត​ក្នុង​បទ​បញ្ញត្តិ​ហាម​ឃាត់។​

សេចក្តី​ព្រាង​ច្បាប់​ឲ្យ​ដឹង​ថា ព័ត៌មាន​សម្ងាត់​ដែល​ស្ថាប័ន​សាធារណៈ​អាច​បដិសេធ​មិន​ផ្តល់​ឲ្យ​មាន​ដូច​ជា​ព័ត៌មាន​បណ្តាល​ឲ្យ​អន្តរាយ ​និង​ប៉ះពាល់​ដល់​វិស័យ​សាធារណៈ​ និង​ឯក​ជន​ ដូច​ជា​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ​ និង​សន្តិសុខ​ជាតិ ​ដូច​ជា​ការ​នាំ​ចូល ​ ការ​ផលិត ​ ការ​រក្សា​ទុក​ និង​ការ​ប្រើប្រាស់​គ្រឿង​សព្វា​វុធ​គ្រប់​ប្រភេទ។​ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​អន្តរាយ​ដល់​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​បរទេស ​ឬ​អន្តរជាតិ ​ព័ត៌មាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​ជាតិ។ ​ ព័ត៌មាន​បណ្តាល​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ស៊ើប​អង្កេត​បទ​ល្មើស​ព្រហ្មទណ្ឌ ​ ការ​អនុវត្ត​ច្បាប់ ​និង​ការ​សម្ងាត់​របស់​តុលាការ​ដែល​ត្រូវ​យក​មក​អនុវត្ត។ ​ ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ឯកជន ​ព័ត៌មាន​សម្ងាត់​ដែល​ទាក់ទង​ទៅ​នឹង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​និង​ដំណើរ​នៃ​ការ​តែង​តាំង​របស់​ស្ថាប័ន​សាធារណៈ ​និង​ព័ត៌មាន​ដទៃ​ទៀត​ដែល​បទ​បញ្ញត្តិ​ហាម​ឃាត់។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះក្នុង​ករណី​បុគ្គល​ធ្វើ​ឲ្យ​ធ្លាយ​ព័ត៌មាន​សម្ងាត់ ​ បុគ្គល​ឬ​មន្រ្តី​កាន់​កាប់​ព័ត៌មាន​សម្ងាត់​នោះ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល។ ចំណែក​មន្រ្តី​ទទួល​បន្ទុក​ព័ត៌មាន​ឬ​មន្រ្តី​កាន់​កាប់​ព័ត៌មាន​ ធ្វើ​ឲ្យ​ធ្លាយ​ព័ត៌មាន​សម្ងាត់​ដល់​បុគ្គល​គ្មាន​សមត្ថកិច្ច​ដឹង​ពី​ការ​សម្ងាត់​របស់​ស្ថាប័ន​សាធារណៈ ​ដែល​បណ្តាល​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​ សេដ្ឋកិច្ច​ជាតិ ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៧​ទៅ​១៥​ឆ្នាំ។​

នាយក​វិទ្យា​ស្ថាន​តស៊ូ​មតិ ​និង​គោល​នយោបាយ​កម្ពុជា​(API)​លោក ​ឡាំសុជាតិ​មាន​ប្រសាសន៍​ថា ​ច្បាប់​នេះ​មិន​ទាន់​ល្អ​១០០​ភាគ​រយ​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​នៅ​ឡើយ​ទេ ​ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​មាន​ការ​អនុ​ម័ត​ច្បាប់​នេះ​ឲ្យ​បាន​ឆាប់​ដើម្បី​អាច​ប្រើប្រាស់​បាន។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​ថា​ជា​រួម​ច្បាប់​ហ្នឹង​វា​ល្អ​បាន​ពាក់​កណ្តាល។ ​ បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ​យើង​បាន​ពិន្ទុ​អាច​ថាលើស​ពាក់​កណ្តាល​អី​បន្តិច។​ប៉ុន្តែ​វា​ជា​ចំណុច​ចាប់​ផ្តើម​ល្អ ​ដែល​យើង​អាច​ថា​ អនុម័ត​សិន ហើយ​អនុវត្ត​មួយ​រយៈ​ដើម្បី​កែ​លម្អ​ទៀត។ ​ យើង​មិន​អាច​បាន​ស្តង់ដារ​អន្តរជាតិ​១០០​ភាគរយ​ក្នុង​ស្ថានភាព​ប្រទេស​យើង​មិន​អាច​មាន​បទ​ពិសោធន៍​ក្នុង​ការ​អនុវត្ត​ច្បាប់​ហ្នឹង ​ហើយ​ក្នុង​លក្ខណៈ​សេដ្ឋកិច្ច ​សង្គម​ នយោបាយ​យើង ​វា​ខុស​ពី​ប្រទេស​ដែល​ជឿន​លឿន​ ប្រជា​ធិបតេយ្យ​យូរ​មុន»។​

លោក​បន្ត​ថាចំណុច​មួយ​ចំនួន​ដែល​សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ​គឺ​ទាក់ទង​នឹង​ការ​ចែង​អំពី​ព័ត៌មាន​សម្ងាត់ ​ដោយ​សង្គម​ស៊ីវិល​ស្នើ​កុំ​ឲ្យ​ដាក់​ចំណុច​ដែល​ថា​«ព័ត៌មាន​ដទៃ​ទៀត​ដែល​ស្ថិត​ក្នុង​បទ​បញ្ញត្តិ​ហាម​ឃាត់»។​

លោក​បន្ថែម​ថា​ការ​ដាក់​ទោស​ទណ្ឌ​មិន​គួរ​កំណត់​ក្នុង​ច្បាប់​នេះ​ទេ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មន្រ្តី​បញ្ចេញ​ព័ត៌មាន​ទៅ​សាធារណជន​ឲ្យ​បាន​ច្រើន។ ​ លោក​ថា​ ​ការ​ដាក់​ទោស​ទណ្ឌ​គួរ​ធ្វើ​ឡើង​តាម​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ​និង​ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​ស្រាប់ ​ជា​ជាង​ការចែង​ក្នុង​ច្បាប់​ថ្មី។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ការ​ដាក់​ទោស​ទណ្ឌ​ត្រូវ​មាន​ភាព​ច្បាស់​លាស់ ​កុំ​ឲ្យ​មន្រ្តី​ថា​ ស្អី​ក៏​ជា​ព័ត៌មាន​សម្ងាត់!​ ស្អី​ក៏​ជា​ព័ត៌មាន​សម្ងាត់! ​ ព្រោះ​គាត់​ខ្លាច​បញ្ចេញ​ទៅ​ ដាក់​ទោស​ទណ្ឌ​គាត់»។​ លោក​បន្ថែម​ថា៖ ​«យើង​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​មន្រ្តី​រាជការ​ហើយ​នឹង​ប្រជាជន​ស្នើ​សុំ​ព័ត៌មាន​ ប្រើប្រាស់​ព័ត៌មាន​ បញ្ចេញ​ព័ត៌មាន​ឲ្យ​បាន​ច្រើន​ជាជាង​ដាក់​ទោស​ទណ្ឌ​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន។​គួរ​តែ​ការពារ​អ្នក​ដែល​បញ្ចេញ​ព័ត៌មាន​ជា​ផល​ប្រយោជន៍​សាធារណៈ​ជាជាង​ដាក់​ទោស​ទណ្ឌ»។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ មន្រ្តី​ទទួល​បន្ទុក​ព័ត៌មាន​ត្រូវ​ពិនិត្យ​សំណើ​សុំ​ព័ត៌មាន​ឲ្យ​បាន​ឆាប់​ ហើយ​ត្រូវ​ឆ្លើយ​តប​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​អ្នក​ស្នើ​សុំ​វិញ​ថា​ មាន​ឬ​មិន​មាន​ព័ត៌មាន​នោះ ​ឬ​ជា​ប្រភេទ​ព័ត៌មាន​សម្ងាត់​ដែល​បញ្ញត្តិ​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​លាត​ត្រដាង​ជា​សាធារណៈ។ ​ ការ​ឆ្លើយ​តប​នេះ​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​មិន​ឲ្យ​លើស​១៥​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ ​ គិត​ចាប់​ពី​ថ្ងៃ​ទទួល​សំណើ​សុំ។​ ប្រសិន​បើ​ការ​ផ្តល់​ព័ត៌មាន​មិន​អាច​ធ្វើ​ទៅ​បាន​ក្នុង​អំឡុង​ពេល​ដែល​បាន​កំណត់​ស្ថាប័ន​ សាធារណៈ​អាច​ពន្យារ​ពេល​បន្ត​ទៀត​មិន​ឲ្យ​លើស​រយៈ​ពេល​៤០​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ ​គិត​ចាប់​ពី​ថ្ងៃ​ទទួល​បាន​សំណើ​សុំ ​ដោយ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ពន្យារ​ពេល​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​អ្នក​ស្នើ​សុំ​ព័ត៌មាន​វិញ។​

លោក​អ៊ិត សូធឿត ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ មាន​ប្រសាសន៍​ថា ​ នេះ​ជា​ជំហាន​មួយ​ល្អ​ដែល​កម្ពុជា​មាន​ច្បាប់​នេះ​បើ​ទោះ​ជា​មាន​ចំណុច​មួយ​ចំនួន​ទៀត​ ដែល​អាច​កែ​ប្រែ​ឲ្យ​ល្អ​ប្រសើរ ​ ដូច​ត្រង់​រយៈ​ពេល​យូរ​នៃ​ការ​ផ្តល់​ព័ត៌មាន​ដែល​លោក​ថា​សម្រាប់​អ្នក​សារ​ព័ត៌មាន​ វា​មាន​រយៈ​ពេល​យូរ​ពេក។​

លោក​មាន​ប្រសាសន៍​ថា៖ ​«នៅ​ពេល​ដែល​យើង​មាន​ច្បាប់​នេះ ​ វា​អាច​ជួយ​ឲ្យ​អ្នក​សារ​ព័ត៌មាន​យើង ​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ស្នើ​សុំ​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ​នានា ​ដែល​នេះ​នឹង​ជួយ​បង្កើន​ដល់​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ ដែល​គាត់​អាច​...​ គាត់​បំពេញ​វិជ្ជាជីវៈ​គាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​ល្អ ​តាម​រយៈ​មាន​វិជ្ជាជីវៈ​ច្បាស់​លាស់​ ដោយ​គាត់​មិន​ចាំ​បាច់​ស្វះ​ស្វែង​រក​ប្រភព​មិន​ផ្លូវ​ការ​អី​ត​ទៅ​ទៀត»។​

លោក​បន្ត​ថា៖ ​«ក៏​ប៉ុន្តែ​នៅ​ក្នុង​ហ្នឹង​ ក៏​វា​មាន​ចំណុច​មួយ​ចំនួន​ ដូច​ជា​រយៈ​ពេល​នៃ​ការ​កំណត់​រយៈ​ពេល​នៃ​ការ​ឆ្លើយ​តប​ហ្នឹង​ គឺ​វា​មាន​រហូត​ដល់​៤០​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ​ ហើយ​បើ​យើង​គិត​ពី​រយៈ​ពេល​ វា​ប្រហែល​ជា​ពីរ​ខែ​បាត់​ទៅ​ហើយ»។​

លោក​អ៊ិត សូធឿត​បារម្ភ​ថា ​ការ​បក​ស្រាយ​ព័ត៌មាន​សម្ងាត់​អាច​ជា​រនាំង​មួយ​ដែល​ស្ថាប័ន​សាធារណៈ​មិន​អាច​ផ្តល់​ព័ត៌មាន ​ឬ​ទិន្នន័យ​ទាំង​នោះ​ដល់​អ្នក​សារ​ព័ត៌មាន។​លោក​អំពាវនាវ​ឲ្យ​ស្ថាប័ន​សាធារណៈ​ទាំងអស់​អនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​ល្អ ​និង​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ឆាប់​រហ័ស​ដល់​សាធារណ​ជន​ រួម​ទាំង​អ្នក​សារ​ព័ត៌មាន​ផង​ដែរ។​

បើ​តាម​ច្បាប់​នេះ ក្នុង​ករណី​ស្ថាប័ន​រដ្ឋ​មិន​ផ្តល់​ព័ត៌មាន​អ្នក​ស្នើ​សុំ​អាច​ប្តឹង​ទៅ​ស្ថាប័ន​សាធារណៈ​ដែល​ខ្លួន​សុំ​ព័ត៌មាន ​ឬ​ការិយាល័យ​ប្រជាពល​រដ្ឋ​ដែល​មាន​នៅ​មូលដ្ឋាន។ ​ អ្នក​ស្នើ​សុំ​ក៏​អាច​ប្តឹង​ទៅ​តុលាការ​បើ​មិន​ពេញ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​ស្ថាប័ន​រដ្ឋ​ដែល​មិន​ផ្តល់​ព័ត៌មាន​តាម​ការ​ស្នើ​សុំ៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG