ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Blinken ថា សហរដ្ឋ​អាមេរិក​នឹង​រួបរួម​ជាមួយ​សម្ព័ន្ធមិត្ត​ដើម្បី​ទប់ទល់​នឹង​ចិន រុស្ស៊ី អ៊ីរ៉ង់ និង​ប្រទេស​ផ្ដាច់ការ​ផ្សេង​ទៀត


លោក Antony Blinken ថ្លែងនៅក្នុងសវនាការមួយរបស់ព្រឹទ្ធសភាអាមេរិក ក្នុងវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

លោក Antony Blinken ដែល​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​តែងតាំង​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ការបរទេស​សម្រាប់​រដ្ឋបាល​របស់​លោក បាន​សន្យា​ថា នឹង​ធ្វើការ​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ខ្ទេចខ្ទាំ​របស់​សហរដ្ឋ​អាមេរិក និង​ធ្វើការ​ជាមួយ​ដៃគូ​នានា​របស់​សហរដ្ឋ​អាមេរិក​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចម្បងៗ​នានា ​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ចិន រុស្ស៊ី អ៊ីរ៉ង់ និង​ប្រទេស​ផ្ដាច់ការ​មួយ​ចំនួន​ទៀត។

កាល​ពី​ថ្ងៃ​អង្គារ​មិ្សលមិញ លោក Blinken បាន​ផ្តល់​សក្ខីកម្ម​នៅ​ពី​មុខ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សវនាការ​តែងតាំង​រូប​លោក។

នៅ​ក្នុង​សុន្ទរកថា​ត្រៀម​ទុក​របស់​លោក លោក Blinken បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក «អាច​យក​ឈ្នះ​លើ​ប្រទេស​ចិន​បាន»។

នៅ​ក្នុង​សវនាការ​របស់​ព្រឹទ្ធសភា​នោះ លោក Blinken បាន​យល់ស្រប​ជាមួយ​នឹង​ការ​ប្រឆាំង​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump ជាមួយ​នឹង​ប្រទេស​ចិន ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ឯកភាព​ជា​ច្រើន​ជាមួយ​នឹង​វិធី​ដែល​លោក [ប្រធានាធិបតី Trump] ប្រើ​ក្នុង​ផ្នែក​មួយ​ចំនួន»។

លោក Blinken បាន​លើកឡើង​នៅ​ក្នុង​សុន្ទរកថា​ត្រៀម​ទុក​ថា៖ «សហរដ្ឋ​អាមេរិក​អាច​ប្រមូល​ផ្តុំ​ឡើង​វិញ​នូវ​សម្ព័ន្ធមិត្ត​សំខាន់ៗ​របស់​ខ្លួន ដោយ​ជំរុញ​នូវ​ឥទ្ធិពល​របស់​ខ្លួន​ឲ្យ​បាន​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក។ ដោយ​ធ្វើការ​រួម​គ្នា យើង​នឹង​ស្ថិត​លើ​គោល​ជំហរ​ដ៏​ប្រសើរ​មួយ​ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​ប្រទេស​រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េ​ខាងជើង និង​ក្រោក​ឈរ​ដើម្បី​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស»៕

XS
SM
MD
LG