ការប្តេជ្ញារបស់លោកប្រធានាធិបតី Joe Biden ជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថានដែលប្រឈមគ្រោះថ្នាក់រាប់ពាន់នាក់ ដែលបានធ្វើការឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះ នឹងប្រឈមបញ្ហាខើចពេលវេលា អសន្តិសុខ នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន និងឧបសគ្គខាងភស្តុភាសំខាន់ៗ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
មន្ត្រីសហរដ្ឋអាមេរិកមួយរូបបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «កិច្ចការជាច្រើនត្រូវធ្វើឲ្យត្រូវ១០០ភាគរយ» ដើម្បីអនុវត្តផែនការដឹកអ្នកមានបែបបទទិដ្ឋាការអន្តោប្រវេសន៍ពិសេស ឬ (SIV)ចេញពីអាហ្វហ្គានីស្ថាន។ មន្ទីរបញ្ចកោណមានបំណងជម្លៀសអ្នកមានទិដ្ឋាការអន្តោប្រវេសន៍ពិសេស ក្រុមគ្រួសាររបស់ពួកគេ និងមនុស្សផ្សេងទៀតរហូតដល់២ម៉ឺន២ពាន់នាក់។
ក៏ប៉ុន្តែក្រុមមន្ត្រី និងក្រុមជំនួយតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួនបាននិយាយថា គោលដៅនេះកាន់តែលំបាក ព្រោះឥឡូវនេះពួកតាលីបង់បានកាន់កាប់រដ្ឋធានីកាប៊ុល និងផ្នែកភាគច្រើននៅក្នុងប្រទេសនោះ។
អង្គការដែលធ្វើការជាមួយជនភៀសខ្លួនបានជំទាស់នឹងការអះអាងរបស់លោក Biden នៅក្នុងសុន្ទរកថាកាលពីថ្ងៃច័ន្ទដែលថា អ្នកដាក់ពាក្យសុំទិដ្ឋាការជាច្រើនមិនចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថានទេ តាំងពីពេលមុនមក។
លោកBiden បានប្រកាសគោលបំណងចាប់ផ្តើមជម្លៀសជនជាតិអាហ្វហ្គានីស្ថានដែលប្រឈមហានិភ័យកាលពីខែកក្កដា ថ្វីបើមានការអំពាវនាវដោយសមាជិកសភា និងអង្គការជនភៀសខ្លួនឲ្យជម្លៀសពួកគេ ប៉ុន្មានខែមុននោះក៏ដោយ។ ចាប់តាំងពីខែកក្កដាមក ជនជាតិអាហ្វហ្គានីស្ថានតែ២ពាន់នាក់ប៉ុណ្ណោះបានមកដល់សហរដ្ឋអាមេរិក។
ថ្លែងអំពីការយកជនជាតិអាហ្វហ្គានីស្ថានរហូតដល់២២.០០០នាក់ មន្ត្រីសហរដ្ឋអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា «វាជាគោលដៅល្អ ក៏ប៉ុន្តែវានឹងក្លាយជាបញ្ហាប្រឈមមួយ»។
សេចក្តីសង្ឃឹមគឺដឹកមនុស្សរវាងពី៥ពាន់នាក់ទៅ៩ពាន់នាក់ក្នុងមួយថ្ងៃ នៅពេលដែលមន្ទីរបញ្ចកោណអាចដាក់កងទ័ពគ្រប់ចំនួន៦ពាន់នាក់នៅក្នុងរដ្ឋធានីកាប៊ុលបាន។ រហូតមកទល់ពេលនេះ កងទ័ពតែ៤ពាន់នាក់ទេបានទៅដល់រដ្ឋធានីកាប៊ុល៕