ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ទៅបំពេញទស្សនកិច្ចតំបន់ West Bank នៅថ្ងៃសុក្រនេះ ជាទីកន្លែងដែលលោកមានគម្រោងជួបជាមួយមេដឹកនាំប៉ាឡេស្ទីនលោក Mahmoud Abbas។
លោក Biden ត្រូវគេរំពឹងនឹងប្រកាសកញ្ចប់ថវិកាដ៏សំខាន់មួយសម្រាប់មន្ទីរពេទ្យនៅក្នុងទីក្រុង Jerusalem ភាគខាងកើត។ នេះបើតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់។
សេចក្តីប្រកាសផ្សេងទៀតដែលគ្រោងធ្វើ រួមមានការផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចប៉ាឡេស្ទីន ដូចជាការអភិវឌ្ឍបណ្តាញអ៊ីនធើណិត 4G នៅក្នុងតំបន់ Gaza និង West Bank។
ទោះជាយ៉ាងណាក៏ដោយ លោក Biden មិនបាននាំផែនការថ្មីសម្រាប់ការចរចាសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលទេ។
នៅរសៀលថ្ងៃសុក្រនេះ លោក Biden នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ប៉ុន្មានម៉ោងមុនលោកទៅដល់ ប្រទេសអារ៉ាប់ប៊ីសាអូឌីតបានប្រកាសកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបើកដែនអាកាសសម្រាប់យន្តហោះទាំងអស់ ដែលបញ្ចប់ការហាមឃាត់ជើងយន្តហោះទៅកាន់ និងមកពីអ៊ីស្រាអែល។
កាលពីថ្ងៃព្រហស្បតិ៍ លោក Biden បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Yair Lapid។ បន្ទាប់ពីជំនួបនោះ មេដឹកនាំទាំងពីរបានធ្វើសន្និសីទកាសែតរួមគ្នាដើម្បីប្រាប់អំពីកិច្ចព្រមព្រៀងនឹងមិនអនុញ្ញាតឱ្យប្រទេសអ៊ីរ៉ង់ ក្លាយជាមហាអំណាចនុយក្លេអ៊ែរទេ។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំទាំងពីរមិនអាចព្រមព្រៀងគ្នាអំពីមធ្យោបាយប្រកបដោយប្រសិទ្ធភាពដើម្បីរារាំងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបស់អ៊ីរ៉ង់ទេ។
លោក Biden បានមានប្រសាសន៍ថា៖ «ខ្ញុំបន្តជឿជាក់ថា ការទូតជាមធ្យោបាយដ៏ល្អបំផុតដើម្បីសម្រេចសមិទ្ធផលនេះ»។
លោក Lapid បាននិយាយថា៖ «មធ្យោបាយតែមួយគត់ដែលនឹងបញ្ឈប់អ៊ីរ៉ង់ដឹងថា គេបន្តកម្មវិធីនុយក្លេអ៊ែរ ពិភពលោកសេរីនឹងប្រើកម្លាំង»។
អ៊ីស្រាអែលជាអ្នករិះគន់ដ៏សំខាន់មួយដល់កិច្ចព្រមព្រៀងអន្តរជាតិដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់និងក្រុមមហាអំណាចពិភពលោក ដែលបានរឹតត្បិតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការបន្ធូបន្ថយទណ្ឌកម្ម។ លោក Biden បានធ្វើជាអនុប្រធានាធិបតី នៅពេលដែលកិច្ចព្រមព្រៀងនោះត្រូវបានចុះហត្ថលេខា។
មានការខំប្រឹងប្រែងនៅពេលថ្មីៗនេះដើម្បីឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រឡប់ទៅកាន់កិច្ចព្រមព្រៀងនោះវិញ រួមទាំងការចរចានៅក្នុងទីក្រុងវីយ៉ែន ប្រទេសអូទ្រីសផងដែរ៕