ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ចាញ់​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ទេ


លោក Joe Biden ដែល​គេ​សន្មត់​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក ថ្លែង​នៅ​ឯ​​មហោស្រព The Queen នៅ​ទីក្រុង Wilmington រដ្ឋ Delaware នៅ​ថ្ងៃ​ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Joe Biden ដែល​គេ​សន្មត់​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ពលរដ្ឋ​អាមេរិកាំង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ឲ្យ​មាន​ភាព​រឹងមាំ​នៅ​ក្នុង​ការ​ទប់ទល់​នឹង​ការ​កើនឡើង​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ហើយ​លោក​បាន​ធានា​ចំពោះ​ពួកគេ​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​មិន​ចាញ់​សង្គ្រាម​នេះ​ទេ»។

នៅមួយ​ថ្ងៃ​មុន​ថ្ងៃ​បុណ្យ​រំឭក​គុណ Thanksgiving ចូល​មក​ដល់​ លោក Biden បាន​សន្យា​ថា៖ «មាន​ក្តី​សង្ឃឹម​ពិត​ប្រាកដ ដូច្នេះ​មិន​ត្រូវ​ចុះចាញ់​ទេ។ ជំងឺ​នេះ​ នឹង​មិន​ស្ថិត​នៅ​ជា​រៀង​រហូត​នោះ​ឡើយ»។

លោក​បាន​មាន​ប្រសាសន៍​ថា វ៉ាក់សាំង​ដំបូង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ អាច​មាន​នៅ​ចុង​ខែ​ធ្នូ​ខាង​មុខ​នេះ និង​បាន​សន្យា​ថា នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ «ពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន»។

លោក Biden បាន​បញ្ជាក់​នៅ​ក្នុង​ទីក្រុង Wilmington រដ្ឋ Delaware ថា នៅ​ក្នុង​ពេល​ដ៏​សំខាន់​នេះ ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​អនុវត្ត​នូវ​ការ​ប្រុង​ប្រយ័ត្ន​ជាមុន​ដូចជា​ការ​រក្សា​គម្លាត​ពី​គ្នា ការ​ពាក់​ម៉ាស់ និង​ការ​មិន​ប្រមូល​ផ្តុំ​គ្នា​ជា​ក្រុម​ធំៗ​ជាដើម។

លោក Biden បាន​បន្ថែម​ថា ក្នុង​មួយ​ជីវិត​របស់​លោក លោក​មាន​ទម្លាប់​ជួបជុំ​គ្រួសារ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​បុណ្យ Thanksgiving ក៏​ប៉ុន្តែ​ឆ្នាំ​នេះ លោក​នឹង​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ជាមួយ​តែ​ភរិយា​របស់​លោក ​គឺ​អ្នកស្រី Jill Biden រួម​ទាំង​កូនស្រី​របស់​លោក​ គឺ​អ្នកស្រី Ashley ហើយ​នឹង​លោក Howard Krein ដែល​ជា​ស្វាមី​របស់​អ្នកស្រី Ashley តែ​ប៉ុណ្ណោះ។

លោក Biden ដែល​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខ បាន​និយាយ​ថា ប្រទេស​ជាតិ​កំពុង «ប្រឈម​នឹង​រដូវ​រងា​ដ៏​យូរ​ និង​លំបាក​មួយ»។

សហរដ្ឋ​អាមេរិក​ មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ប្រហែល ១ លាន​ករណី​ក្នុង​មួយ​សប្ដាហ៍ នៅ​ក្នុង​រយៈពេល ២ សប្តាហ៍​ចុង​ក្រោយ​នេះ ហើយ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ជាង ២៦១.០០០ នាក់ ច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG