ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden ​នឹង​ពិភាក្សា​អំពី​ «ការ​លះបង់​រួម»​ ខណៈ​វិបត្តិ​កូវីដ១៩​រំខាន​ថ្ងៃ​បុណ្យ​រំឭកគុណ Thanksgiving


ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ថ្លែង​ទៅ​កាន់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ខណៈ​ដែល​លោក​ចាកចេញ​ពី​ការិយាល័យ​របស់​លោក​នៅ​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ថ្លែង​ទៅ​កាន់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ខណៈ​ដែល​លោក​ចាកចេញ​ពី​ការិយាល័យ​របស់​លោក​នៅ​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អាមេរិក​គឺ​លោក ​Joe Biden​ គ្រោង​នឹង​ពិភាក្សា​អំពី​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩​ ​និង​ថ្ងៃ​ឈប់សម្រាកនៅ​ក្នុង​សុន្ទរកថានៅ​ថ្ងៃពុធ​នេះ។​

សុន្ទរកថា​នេះ​ធ្វើ​ឡើង​មួយថ្ងៃ​មុន​ថ្ងៃ​ឈប់​បុណ្យរំឭកគុណ​ Thanksgiving ​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​ជា​ពេលដែល​ប្រជាជន​អាមេរិក​រាប់លាន​នាក់​ជួបជុំគ្នា​ជាមួយ​ក្រុម​គ្រួសារ​ ហើយ​ពួក​គេ​ភាគ​ច្រើន​ធ្វើ​ដំណើរ​ដើម្បី​បាន​ជួបជុំ​គ្រួសារ។​ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ ដោយសារ​មាន​ការឆ្លង​ជំងឺ​កូវីដ១៩ កើនឡើង​នៅ​ពាសពេញ​ប្រទេស​ រដ្ឋាភិបាល​សហព័ន្ធ​បាន​ជំរុញ​ឱ្យ​ប្រជាជន​ស្នាក់​នៅ​ផ្ទះ។​

ការិយាល័យ​អន្តរកាល​របស់​លោក Biden​ បាន​និយាយ​ថា​ លោក​នឹង ​«ពិភាក្សា​អំពី​ការលះ​បង់រួមគ្នា»​ ដែល​ជនជាតិ​អាមេរិក​កំពុង​ធ្វើ​នៅ​ថ្ងៃសម្រាកហើយ​និយាយ​ថា​ យើង​នឹង​ឆ្លងកាត់​វិបត្ដិ​បច្ចុប្បន្ន​ជាមួយ​គ្នា» ។

កាលពី​ថ្ងៃ​អង្គារ​លោក ​Biden​ បាន​ប្រកាស​ថា​ សហរដ្ឋ​អាមេរិក​បាន ​«ត្រៀម​ខ្លួន​ដឹកនាំ​ពិភពលោក​ មិនមែនដកថយ​ទេ» ដែល​ជាការ​បង្ហាញ​ការ​ចាកចេញ​ពី​គោល​នយោបាយ​«អាមេរិក​ជា​អាទិភាព» ​របស់​លោក​ប្រធានាធីបតី​ Donald Trump ក្នុង​រយៈ​ពេល​៤​ឆ្នាំ​កន្លង​មក​នេះ។​

នៅពេល​ដែល​លោក​ត្រៀមចូល​កាន់​តំណែង​នៅ​ថ្ងៃទី​២០​ខែមករា​ លោក ​Biden​ បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិកបាន «ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​សត្រូវ​របស់​យើង​ដោយ​មិន​ច្រានចោល​សម្ព័ន្ធមិត្ត​របស់​យើង​ឡើយ ហើយត្រៀមខ្លួន​ការពារ​គុណ​តម្លៃ​របស់​យើង»។

កាល​ពី​ថ្ងៃ​អង្គារ​នោះដែរ​ ដោយ​ផ្សាយ​ពី​មជ្ឈមណ្ឌល​អន្តរកាល​របស់​លោក​នៅ​ក្រុង​ Wilmington រដ្ឋ Delaware ​ដែល​ជា​ស្រុក​កំណើត​របស់​លោក ប្រធានាធិបតី​ជាប់ឆ្នោត Biden បាន​ប្រកាស​តែង​តាំង​មន្ត្រី​សម្រាប់​គោល​នយោបាយ​ការ​បរទេស​កំពូល​និង​មន្ត្រី​សន្តិសុខ​ជាតិ​របស់​លោក៕

XS
SM
MD
LG