មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CDC កំពុងពិចារណាកាត់បន្ថយរយៈពេលត្រូវនៅដាច់ពីគេ ឬចត្តាឡីស័ក សម្រាប់មនុស្សដែលបានស្ថិតនៅជិតអ្នកមានជំងឺកូវីដ១៩។
គោលការណ៍បច្ចុប្បន្នណែនាំឱ្យមនុស្សនៅដាច់ឆ្ងាយពីគេរយៈពេល១៤ថ្ងៃក្នុងស្ថានភាពនោះ ប៉ុន្តែមន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា រយៈពេលនេះ អាចត្រូវបានកាត់បន្ថយតែមិនបានបញ្ជាក់ចំនួនថ្ងៃ ប្រសិនបើមនុស្សម្នាក់ធ្វើតេស្តអវិជ្ជមានក្នុងអំឡុងពេលនៅឯកោ។
មជ្ឈមណ្ឌល CDC របស់អាមេរិក និងមន្ត្រីក្នុងរដ្ឋជាច្រើនបានជំរុញឲ្យប្រជាជនកុំធ្វើដំណើរពេលបុណ្យរំឭកគុណ Thanksgiving ឬមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំជាមួយគ្រួសារទេ ព្រោះខ្លាចការឆ្លងកើនឡើងកាន់តែអាក្រក់។
រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏កំពុងធ្វើផែនការរបស់ខ្លួនក្នុងការចែកវ៉ាក់សាំងបង្ការវីរុសកូរ៉ូណាជុំទីមួយ បើទទួលបានការយល់ព្រមពីក្រុមនិយតករ។
លោកឧត្តមសេនីយ៍ Gustave Perna ប្រធានផ្នែកប្រតិបត្តិការឈ្មោះ Operation Warp Speed របស់រដ្ឋាភិបាល បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា វ៉ាក់សាំងចំនួន៤០លានដូស ដែលផលិតដោយក្រុមហ៊ុនចំនួនពីរ នឹងមានប្រើប្រាស់នៅចុងខែធ្នូ។
ទីភ្នាក់ងារស្បៀងអាហារនិងឱសថ ឬ FDA គ្រោងនឹងធ្វើការសម្រេចចិត្តនៅថ្ងៃទី១០ ខែធ្នូថា តើត្រូវផ្តល់ការយល់ព្រមគ្រាបន្ទាន់ដល់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ឬយ៉ាងណា រីឯក្រុមហ៊ុន Moderna ត្រូវបានគេរំពឹងថា នឹងដាក់ពាក្យសុំការយល់ព្រមក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុនទាំងពីរ បានចេញផ្សាយលទ្ធផលបឋមពីការសាកល្បងដែលបង្ហាញថា វ៉ាក់សាំងរបស់ពួកគេហាក់ដូចជាមានប្រសិទ្ធភាព៕